- 2018-11-05 08:03:13
- ព័ត៌មាន
ពិការភ្នែកមែន តែខំប្រឹងរហូតទទួលបានអាហារូបករណ៍ ១០០% នៅសាកលវិទ្យាល័យដ៏ធំមួយ
- 2018-11-05 08:03:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិការភ្នែកមែន តែខំប្រឹងរហូតទទួលបានអាហារូបករណ៍ ១០០% នៅសាកលវិទ្យាល័យដ៏ធំមួយ
ចន្លោះមិនឃើញ
សិស្សស្រីវៀតណាមវ័យក្មេងម្នាក់ មានឈ្មោះថា Nguyen Thanh Vinh ទទួលបានអាហារូបករណ៍ ១០០% ពេញ ដែលមានតម្លៃជិត ១ពាន់លានដុង (៤៣ ០០០ដុល្លារអាមេរិក) សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យ RMIT University Vietnam ដ៏ធំ ស្ថិតក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលគ្រប់មុខវិជ្ជាទាំងអស់ត្រូវបានបង្រៀនជាភាសាអង់គ្លេស ដោយគ្មានជំនួយការ ឬការបកប្រែឡើយ។
នាង Vinh បានកើតមកទាំងពិការភ្នែកទាំងគូ នៅក្នុងខេត្ត Ninh Thuan ដែលជាតំបន់ភ្នំ គ្មានសាលារៀន ឬឱកាសរៀនសម្រាប់ជនពិការឡើយ។ ទោះបីជានាងមិនដែលបានឃើញអ្វីៗនៅជុំវិញខ្លួន ប៉ុន្តែចំណង់ចំណូលចិត្ត បំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់នាង ធ្វើឲ្យនាងយកឈ្នះឧបសគ្គគ្រប់យ៉ាងតែម្តង។
ម្តាយរបស់នាង Vinh បានលាចាកលោកតាំងពីនាងនៅក្មេង។ ចំណែកឯឪពុករបស់នាងវិញមានអាការៈខ្សោយភ្នែក ហើយធ្វើការជាកសិករដើម្បីចិញ្ចឹមកូនៗចំនួន ៣នាក់។ នាង Vinh ចង់រៀននៅសាលាដូចមិត្តភ័ក្ដិរបស់នាងយូរមកហើយ ប៉ុន្តែក្តីស្រមៃរបស់នាងបានត្រឹមតែគិតប៉ុណ្ណោះ។ ដើម្បីជួយដល់ក្តីសុបិន្តរបស់នាង ឪពុក Vinh បានចំណាយពេល ៦ ឆ្នាំ ដើរសួរពីសាលារៀនមួយទៅសាលារៀនមួយ ដើម្បីឲ្យនាងបានចូលរៀន ប៉ុន្តែបានត្រឹមតែទទួលការបដិសេធ ខណៈសាលាទាំងនោះសារភាពថា ពួកគេខ្វះធនធាន ចំណេះដឹង និង ឧបករណ៍ដើម្បីបង្រៀនសិស្សពិការភ្នែក។
ការបដិសេធឥតឈប់ឈរមិនបានធ្វើឲ្យនាង Vinh បាក់ទឹកចិត្តឡើយ។ ផ្ទុយទៅវិញ នាងបានរៀនអក្សរ Braille ដែលជាអក្ខរក្រមសម្រាប់មនុស្សថ្លង់ ដោយមានជំនួយពីបងប្អូន និងមេរៀនតាមវិទ្យុ។
នៅឆ្នាំ ២០០៩ កិច្ចខិតខំប្រឹងប្រែងរបស់ឪពុកនាងក៏ទទួលបានផល នៅពេលនាង Vinh បានទាក់ទងជាមួយអង្គការ Thien An ដែលជាអង្គការសប្បុរសធម៌មួយ បង្រៀន និងផ្គត់ផ្គង់ដល់អ្នកដែលមានបញ្ហាភ្នែកនៅទីក្រុងហូជីមិញ។ ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ នាងអាចបញ្ចប់ថ្នាក់បឋមសិក្សាទាំងមូល ពោលគឺលឿនជាងកម្មវិធីសិក្សាស្តង់ដារ ដែលត្រូវបានរៀបចំដោយក្រសួងអប់រំ ៣ឆ្នាំ។
មិនយូរប៉ុន្មាន នាងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលអប់រំ Center for Continuing Education ដែលក្រោយមកនាង Vinh បានបញ្ចប់ថ្នាក់វិទ្យាល័យជាមួយសិស្សសាមញ្ញដទៃទៀតនៅទីនោះ។ ថ្នាក់វិទ្យាល័យ គឺជាការប្រកួតប្រជែងដ៏ពិបាកមួយសម្រាប់នាង ព្រោះតែមុខវិជ្ជាវិទ្យាសាស្ត្រភាគច្រើន ត្រូវបានបង្រៀនដោយក្រាហ្វ និងគំនូរនៅលើក្តារខៀន។ ថ្វីបើបែបនេះក្តី នាង Vinh បានឈ្នះពានរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំ ក្នុងអំឡុងពេលសិក្សា ៧ ឆ្នាំរបស់នាង។
ដោយជួបភាពលំបាកក្នុងការរៀនសូត្រជាមួយសិស្សធម្មតា ក្នុងអំឡុងថ្នាក់វិទ្យាល័យ នាង Vinh និងមិត្ត ៣នាក់ផ្សេងទៀត បានបង្កើតគម្រោងមួយស្តីពីវិធីសាស្ត្របង្រៀនសម្រាប់គ្រូ ដែលធ្វើការជាមួយថ្នាក់រៀនមានសិស្សពិការភ្នែក។
នៅក្នុងឆ្នាំ ២០១៧ នាង Vinh និងមិត្ដភក្ដិ បានចូលរួមក្នុងកម្មវិធី UNICEF មួយ ដែលឧបត្ថម្ភ និងគាំទ្រគម្រោងសង្គម ដែលបង្កើតឡើងដោយយុវជន។ ពេលនោះ នាងយកឈ្នះលើគូប្រជែង ៦០ក្រុមផ្សេងទៀត និងក្លាយជាអ្នកឈ្នះទាំង ៥ ក្រុម ដើម្បីទទួលបានការឧបត្ថម្ភពី UNICEF។ សមិទ្ធផលនេះគឺជាគុណសម្បត្តិចម្បងរបស់នាង Vinh ក្នុងការទទួលបានអាហារូបករណ៍ ១០០% ពេញ ដើម្បីរៀននៅសាកលវិទ្យាល័យ RMIT University Vietnam៕
ចុចអាន៖