
- 2018-11-27 05:50:00
- ចរាចរណ៍
ចំណុចអ្នកបើកបរគួរដឹង ប្រយ័ត្នជាប់ពន្ធនាគារដោយសារអំពើល្មើសរបស់ខ្លួន
- 2018-11-27 05:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចអ្នកបើកបរគួរដឹង ប្រយ័ត្នជាប់ពន្ធនាគារដោយសារអំពើល្មើសរបស់ខ្លួន
ចន្លោះមិនឃើញ
នៅតាមបណ្តាញសារព័ត៌មាន ស្ទើររាល់ថ្ងៃមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ មានខ្លះកើតចេញពីការបើកបរក្នុងស្ថានភាពស្រវឹង បើកបរលឿន និងមិនគោរពសិទ្ធិអាទិភាពជាដើម។
ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានមាត្រាមួយចំនួនចែងពីទោសទណ្ឌដល់អ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយធ្វេសប្រហែស និងខ្ជីខ្ជាជាដើ។
មាត្រា៧៧នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថាជនជណាបើកបរក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅប្រាំមួយខែ និងពិន័យជាប្រាក់ពីប្រាំបីសែន ទៅបួនលានរៀល។
នៅត្រង់មាត្រា៨៣ចែងថាជនណាបើកបរខ្ជីខ្ជា ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន មិនគោរពបទបញ្ញត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កឲ្យអ្នកផ្សេងមានរបួស អសមត្ថភាពបំពេញការងារស្មើ ឬលើសពីប្រាំបីថ្ងៃចាប់ពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយខែ ដល់ពីរឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានទៅដល់១០លានរៀល។ ក្រៅពីនេះអាចនៅមានជាប់ទោសបន្ថែមដែលមានចែងក្នុងមាត្រា៥៣នៃក្រមព្រហ្មទណ្ឌដូចជាការព្យួរលិខិតបើកបរ និងការហាមឃាត់បើកបរយានគ្រប់ប្រភេទជាដើម។
មាត្រាដដែលចែងបន្តថាចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចមិនចង់ទទួលខុសត្រូវ ឬបង្កឲ្យមានអ្នករបួសច្រើននាក់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ពីបួនលានទៅ១៥លានរៀល។
ចំណែកអ្នកបើកបរខ្ជីខ្ជា ធ្វេសប្រហែងបង្កឲ្យមានអ្នកស្លាប់វិញមាត្រា៨៥ចែងថាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ពីបួនលានរៀលទៅ១៥លានរៀល។ ក្នុងករណីបង្កឲ្យមានអ្នកស្លាប់ច្រើននាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីពីរឆ្នាំទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី១០លានទៅដល់២៥លានរៀល៕