- 2019-01-24 03:34:34
- សេដ្ឋកិច្ច
អឺរ៉ុបយកពន្ធលើអង្ករកម្ពុជា អាចធ្វើឲ្យកសិករខ្មែរខាតបង់ឬ?
- 2019-01-24 03:34:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អឺរ៉ុបយកពន្ធលើអង្ករកម្ពុជា អាចធ្វើឲ្យកសិករខ្មែរខាតបង់ឬ?
ចន្លោះមិនឃើញ
វិធានការណ៍ការពារទីផ្សាររបស់អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាបានចូលជាធរមានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ខណៈអ្នកខ្លះបារម្ភថាវិធានការណ៍នេះនឹងធ្វើឲ្យកសិករកម្ពុជាខាតបង់ និងអ្នកជំនាញខ្លះទៀតថាកម្ពុជានៅមានផ្លូវអាចដោះស្រាយបញ្ហានេះបាន។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈកម្មាការអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីម៉ាន់ម៉ាក្នុងរយៈពេលបីឆ្នាំ ដោយឆ្នាំពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ការសម្រេចបែបនេះបានធ្វើឲ្យមានការបារម្ភថាកសិករកម្ពុជាអាចលក់ស្រូវបានថោកជាងមុនពេលដែលអឺរ៉ុមសម្រេចយកពន្ធ។ ទោះជាក្ដីបារម្ភបែបនេះកើតមានក្តីក៏មន្ត្រីជំនាញ និងអ្នកធ្វើការពាក់ព័ន្ធ នឹងកសិករ និងវិស័យនាំអង្ករចេញថានៅតែថាអាចមានច្រកចេញ ហើយថាការយកពន្ធនេះទៀតសោធក៏មិនមែនមានន័យថាអឺរ៉ុបយកពន្ធលើអង្ករកម្ពុជាគ្រប់ប្រភេទនោះទេ។
ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ដីពីវិធានការណ៍របស់អឺរ៉ុបនេះ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ លើកឡើងថាអង្ករកម្ពុជាដែលអឺរ៉ុបយកពន្ធគឺមានចំនួនបួនលេខកូដ ជាប្រភេទអង្ករស និងថាមានមួយលេខកូដជាអង្ករក្រអូប។
បើតាមឯកឧត្តម អង្ករកម្ពុជាប្រភេទផ្សេងទៀតមិនជាប់ពន្ធនោះទេ ដូចជាអង្ករសម្រូបជាដើម និងថាការយកពន្ធនេះអាចធ្វើឲ្យកម្ពុជាខាតពន្ធប្រហាក់ប្រហែល ឬតិចជាង៥០លានដុល្លារក្នុងឆ្នាំទីមួយ។
តើការយកពន្ធលើអង្ករកម្ពុជាពិតជាបានធ្វើឲ្យប៉ះពាល់ដល់កសិករ និងពាណិជ្ជករកម្ពុជា? អ្នកធ្វើការផ្ទាល់ជាមួយកសិករ និងជាប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន លើកឡើងថាការយកពន្ធលើអង្ករនាំចូលពីកម្ពុជារបស់សហភាពអឺរ៉ុបនេះពិតជាបានប៉ះពាល់ដល់កសិករផលិតស្រូវរបស់កម្ពុជាមែន។ លោកថាឈ្មួញទិញស្រូវពីកម្ពុជានឹងទម្លាក់តម្លៃស្រូវពីកសករ ដែលនាំ ឲ្យកសិករចំណេញបានតិចជាងមុន ឬខាតក៏មាន។
ត្រង់ចំណុចនេះលោកថាកសិករអាចរួចផុតពីផលប៉ះពាល់ដែរបើសិនជារដ្ឋាភិបាលជួយចេញថ្លៃពន្ធឬកាត់បន្ថយថ្លៃដើមដូចជាថ្លៃជី ថ្នាំសម្លាប់សត្វល្អិត គ្រឿងយន្តកសិកម្ម និងប្រេងឥន្ធនៈជាដើម។ ប្រហាក់ប្រហែលគ្នានេះដែរ ឯកឧត្តម សុខ សុភ័ក្ត្រ លើកឡើងដែរបើតាមការវាយតម្លៃពីក្រុមជំនាញតម្លៃស្រូវអាចធ្លាក់ចុះពី៣០០រៀល ទៅ៤០០រៀលក្នុងមួយគីឡូក្រាម បើសិនជាគ្មានការបញ្ចុះថ្លៃដើមនៃការផលិតដើម្បីនាំចេញ។
ឯកឧត្តមឲ្យដឹងដែរថាកម្ពុជាបាននាំអង្ករទៅកាន់អឺរ៉ុបចំនួន២៦៩ ០០០ តោនទៅកាន់អឺរ៉ុបកាលពីឆ្នាំកន្លងទៅ។ បើតាមតួរលេខនេះឯឧត្តមថាកម្ពុជាអាចខាតបង់ប្រាក់បន្ថែមសម្រាប់បង់ពន្ធប្រហែលជា៥០លាននដុល្លារក្នុងឆ្នាំ២០១៩។ ទោះយ៉ាងណា អង្ករកម្ពុជាតែបួនលេខកូដប៉ុណ្ណោះជាប់ពន្ធនេះ គឺប្រភេទអង្ករស និងអង្ករក្រអូបមួយលេខកូដ ដែលថានោះការខាតប្រាក់លើការបង់ពន្ធគឺមិនដល់៥០លានដុល្លារនោះទេ។
ដោយឡែកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោយពីអឺរ៉ុបប្រកាសសេចក្តីសម្រេចយកពន្ធលើអង្ករកម្ពុជានេះ ក្រសួងពាណិជ្ជកម្មក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរថាការសម្រេចចិត្តនេះ«មានឥទ្ធិពលគ្រាប់គ្រាន់ក្នុងការដកហូតចំណូលកសិករក្រីក្រកម្ពុជា និងជាអាវុធធ្វើឃាតពួកគាត់ និងក្រុមគ្រួសារ ដែលកំពុងជាប់បំណុលជាមួយស្ថាប័នឥណទាន»។
សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជាវិញបានកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តាមរយៈសេចក្តីថ្លែងការរបស់ខ្លួនបានហៅសេចក្តីសម្រេចនេះថា «មានលក្ខណៈឆាប់រហ័សពេកនៅពេលដែលវិស័យស្រូវអង្ករកម្ពុជាត្រូវការពេលប៉ុន្មានឆ្នាំទៀតដើម្បីពង្រឹងខ្លួនឲ្យបានគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ដោយមិនអាស្រ័យលើការអនុគ្រោះពន្ធបាន»។
ក្នុងសេចក្តីថ្លែងការណ៍ដដែល សហព័ន្ធស្រូវអង្ករកម្ពុជាថាការយកពន្ធនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងមានការពិបាកនាំអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបដោយថាមិនទាន់បានត្រៀមខ្លួនពេញលេញ។
ទោះយ៉ាងណា បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា អឺរ៉ុបយកពន្ធលើអង្ករកម្ពុជាតែលើប្រភេទអង្ករសម្រិតចំនួនបួនប្រភេទលេខកូដ ១០០៦ ៣០ ២៧, ១០០៦ ៣០ ៤៨, ១០០៦ ៣០ ៦៧ និង ១០០៦ ៣០ ៩៨។ សម្រាប់អង្ករសម្រូប អង្ករបាក់ និងអង្ករប្រភេទផ្សេងទៀតមិនជាប់ពន្ធនោះទេ។
តើសេចក្តីសម្រេចនេះពិតជារឿងធំ និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់កម្ពុជា?
ការសម្រេចយកពន្ធអង្ករមកលើកម្ពុជានេះ ឯកឧត្តម សុខ សុភ័ក្ត្រ ថាមិនមានជាកិច្ចការធំខ្លាំងរហូតដល់ភ្ញាក់ផ្អើលទូទាំងប្រទេសនោះទេ។ ឯកឧត្តមបន្តថានេះជាវិធានការការពារទីផ្សាររបស់សហភាពអឺរ៉ុប ហើយថាវិធានការបែបនេះក៏មានប្រទេសជាសមាជិកអង្គការពិភពលោកផ្សេងទៀតធ្លាប់បានអនុវត្តដូចគ្នា ក្នុងគោលបំណងការពារផលប្រយោជន៍ឧស្សាហកម្មក្នុងស្រុករបស់ប្រទេសទាំងនោះដែលអនុលោមទៅតាមកិច្ចព្រមព្រៀង និងច្បាប់ជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបបានសរសេរថាខ្លួនបានចាប់ផ្តើមស៊ើបអង្កេតលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ាកាលពីខែមិនា ឆ្នាំ២០១៩ និងបានរកឃើញថាការនាំចូលអង្កររបស់ប្រទេសទាំងពីរមានការកើនឡើងរហូតដល់៨៩ភាគរយនៃចំណែកទីផ្សារក្នុងរយៈពេលប្រាំរដូវដាំដុះកន្លងមក ហើយថាតម្លៃលក់ចេញក៏ទាបផងដែរ។ ប្រភពដដែលបន្តថាការណ៍នេះបានធ្វើឲ្យអ្នកផលិតស្រូវ អង្ករអឺរ៉ុបជួបការលំបាក និងបាត់បង់ចំណែកទីផ្សារពី៦១ភាគរយ មកត្រឹម២៩ភាគរយនៅរយៈពេលដូចគ្នា។
ត្រង់ចំណុចនេះឯកឧត្តម សុខ សុភ័ក្ត្រ ថាកំណើតនាំចូលកើនឡើងបែបនេះ ធ្វើឲ្យប្រទេសផលិតស្រូវ អង្ករនៅអឺរ៉ុបបារម្ភ រហូតឈានដក់មានសេចក្តីសម្រេចបែបនេះ។ ទោះយ៉ាងណា ឯកឧត្តម ថាកម្ពុជានឹងបន្តតវ៉ាដោយផ្អែកលើបទដ្ឋានច្បាប់។
ការតវ៉ាក៏ដោយសារថាអឺរ៉ុបមិនត្រឹមតែយកពន្ធលើអង្ករសម្រិត របស់កម្ពុជាដែលមានទម្រង់ប្រហាក់ប្រហែលនឹងអង្កររបស់អឺរ៉ុបទេ តែថាថែមទាំងយកពន្ធលើអង្ករក្រអូបកម្ពុជា ដែលមិនមានដាំនៅអឺរ៉ុបផងដែរ។
ឯកឧត្តម បញ្ជាក់ថា៖ «អ៊ីចឹងបានជានៅដើមឆ្នាំ២០១៨ ស៊ើបអង្កេត និងអំណះអំណាងផ្សេងៗ យើងបានតវ៉ា ពិគ្រោះយោបល់ ពន្យល់ ទៅអឺរ៉ុប អង្ករក្រអូបជាងជាង៦០ភាគរយនាំទៅអឺរ៉ុបនោះមិនប៉ះពាល់ មិនដូច ឬស្រដៀងនឹងអង្ករអ៊ីតាលី អេស្បាញទេ រស់ជាតិខុសគ្នា និងដាំបានតែនៅអាស៊ីមួយគត់»។
ក្នុងជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជិងពីង ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិនរបស់សម្តេច ហ៊ុន សែន កាលពីថ្ងទី២២ ខែមករា ឆ្នាំ២០១៩ ភាគីចិនបានសន្សាបន្តទិញ អង្ករពីកម្ពុជា៤០ម៉ឺនតោនក្នុងមួយឆ្នាំ និងសន្យាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យដល់១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
ក្រៅពីទីផ្សារចិន ឯកឧត្តម សុខ សុភ័ក្ត្រ ថាកម្ពុជាក៏កំពុងសម្លឹងមើលទីផ្សារតំបន់ពាណិជ្ជកម្មសេរីអាស៊ាន បូកចិន ឥណ្ឌា កូរ៉េ អូស្ត្រាលី ញ៉ូហ្សឺឡែន និងជប៉ុន ដែលថាទីផ្សារនេះមានទំហំធំជាងពាក់កណ្តាលនៃទីផ្សារពិភពលោក។
ចំណែកសហព័ន្ធស្រូវអង្ករកម្ពុជាវិញការកាត់បន្ថយថ្លៃដើម និងការពង្រីកទីផ្សារបន្ថែមទៀតជាការឆ្លើយតបទៅនឹងការយកពន្ធនេះ។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បានលើកឡើងប្រហាក់ប្រហែលគ្នានេះដែរ ដោយថាកម្ពុជាត្រូវរកទីផ្សារផ្សេងទៀត និងថារដ្ឋាភិបាលក៏គួររកវិធីជួយជ្រោមជ្រែងដល់កសិករ និងវិនិយោគគិតបន្ថែមទៀតដើម្បីបានកាត់ថ្លៃដើម។ ការកាត់បន្ថយថ្លៃដើមនេះលោកថានឹងធនានាបាននៅតម្លៃស្រូវរបស់កសិករ។
សម្រាប់វិធានការណ៍ជួយកាត់បន្ថយថ្លៃដើមនេះ ឯកឧត្តម សុខ សុភ័ក្ត្រ បានលើកឡើងថារដ្ឋាភិបាលកាលពីឆ្នាំ២០១០ បាកដាក់ចេញនូវនយោបាយជំរុញពាណិជ្ជកម្មស្រូវ និងបានពិនិត្យលើពូជស្រូវ ការដឹកជញ្ជូន វិស័យឥណទាន ឃ្លាំងស្តុក ឡសម្ងួត ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងពន្ធដាផ្សេងជាដើម។
ឯកឧត្តមឲ្យដឹងទៀតថារដ្ឋាភិបាល ក៏ដូចជាក្រសួងពាណិជ្ជកម្មបានទម្លាក់ចោលតម្លៃសេវាផ្សេងដូចជាកាំកុងត្រូល កម្រៃគ្រប់គ្រងការនាំចេញ និងការលែងតម្រូវឲ្យសុំលិខិតវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ដែលសេវ៉ាទាំងនេះសរុបមិនតិចជាង៦០លានដុល្លារក្នុងមួយឆ្នាំ។
ឯឧត្តមបន្ថែមថា៖ «ក្នុងមួយឆ្នាំៗ គិតជាសរុបរឿងពាក់ព័ន្ធពាណិជ្ជកម្មកំណែទម្រង់អស់៥០ ទៅ៦០ លានដុល្លារហើយគ្រាន់តែជួយវិស័យពាណិជ្ជកម្ម វិសស័យស្រូវអង្ករ មិនមែនទឹកដល់ច្រុមុះហើយបានធ្វើទេយើងមានធ្វើជាហូរហែរ និងកំពុងធ្វើបន្តទៀត»។
ទាំងឯកឧត្តម សុខ សុខភ័ក្រ្ត និងលោក ថេង សាវឿន លើកឡើងប្រហាក់ប្រហែលគ្នាថាការអនុគ្រោះពន្ធមិនមានជារឿងយូរអង្វែងសម្រាប់កម្ពុជានោះទេ។ លោក ថេង សាវឿនថា កសិករកម្ពុជាក៏គួរដាំដំណាំផ្សេងៗទៀតក្រៅពីស្រូវដូចជាដំឡូង ម្រេច ជាដើម ដែលអាចនាំទៅអឺរ៉ុបមិនជាប់ពន្ធ ឬក៏អាចងាកមកដាំបន្ថែ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយរដ្ឋាភិបាលជួយបន្ថែមខាងប្រពន្ធធារាសាស្រ្ត និងឥណទានជាដើម។
តើសហភាពអឺរ៉ុប និងកម្ពុជាមានទំានក់ទំនងពាណិជ្ជកម្មបែបណាដែរ?
សម្រាប់ប្រទេសអភិវឌ្ឍតិតតួចនៅអាស៊ីដូចជាអាហ្គានីស្ថាន បង់ក្លាដេស ប៊ូតាន់ ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ទីម័រខាងកើត និងយេមែន ជាដើម សុទ្ធតែបានទទួលការអនុគ្រោះពន្ធលើទំនិញនាំចូលទៅអឺរ៉ុបក្នុងប្រព័ន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) ដូចទៅនឹងកម្ពុជាដែរ ដែលកាលនោះកម្ពុជាបានទទួលការអនុគ្រោះពន្ធនេះតាំងពីឆ្នាំ២០០២។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជា ហើយបើគិតក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរបស់ភាគីទាំងពីរមានចំនួន៥,៨៦ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង៦,៦៥ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុបភាគច្រើនជាផលិតផលសំលៀកបំពាក់ និងស្បែកជើង និងផលិតផលកសិកម្ម ដែលមានទំហំទឹកប្រាក់៥ពាន់លានអឺរ៉ូ ឬប្រហែលជា៥,៦៨ពាន់លានដុល្លារ។
ដោយឡែកសហភាពអឺរ៉ុបនាំចូលមកកម្ពុជាវិញនូវដូចជាគ្រឿងយន្ត បរិក្ខាផ្នែកដឹកជញ្ជូន និងផលិតផលកិសកម្ម ជាដើម ដែលមានទឹកប្រាក់៨៥១លានអឺរូឬប្រហែលនឹង៩៦៦លានដុល្លារអាមេរិក៕