• 2019-01-25 05:48:08
  • សេដ្ឋកិច្ច

ទីបំផុត! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាប់ផ្ដើមលេចរូបរាងបណ្ដើរៗហើយ

  • 2019-01-25 05:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​ ពី​​ភ្នំពេញ-ព្រះសីហនុ ​កំពុង​រៀប​ចំ​ការដ្ឋាន​បណ្ដើរ​ៗ ​បើ​ទោះ​បី​ការ​ប្រកាស​បើក​ការដ្ឋាន​មិន​ទាន់​មាន​ជា​ផ្លូវ​ការ​នៅឡើយ​។ ​សកម្មភាព​ឈូស​ឆាយ​​រៀប​ចំ​ការ​ដ្ឋានសាងសង់​នេះ ត្រូវ​បាន​ចែក​ចាយ​ដោយ​លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី​ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​របស់​លោក​ផ្ទាល់​ដោយ​អារម្មណ៍​រីករាយ​យ៉ាង​​រំភើប ព្រោះ​គម្រោង​ចាប់​ផ្ដើម​លេច​រូបរាង។

​កន្លង​មក​​ លោក​​ឧកញ៉ា​ ម៉ុង ឫទ្ធី​ បាន​យល់​ព្រម​ប្រគល់​ដី​ចំការ​កៅស៊ូ​របស់​​លោក​សម្រាប់​គម្រោង​នេះ ក្រោយ​គេ​សិក្សា និង​ស្នើ​កាត់​ដី​ចម្ការ​កៅស៊ូ​របស់​លោក​ប្រមាណ​ជាង​១៧០​ហិកតា ​ស្ថិត​នៅ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា "ទោះ​ជា​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ក៏​លោក នៅ​តែ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គម្រោង​ដ៏​អស្ចារ្យ​មួយ​នេះ មិន​មាន​អ្វី​ដែល​ជា​បញ្ហា​នោះ​ទេ" ។

គួរបន្ថែមថា ​តាម​ការ​អះអាង​របស់​ឯកឧត្តម​ ស៊ុន ចាន់​ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​នៃ​ក្រសួងសាធារណការ​ បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​បើក​​ការដ្ឋាន​សាងសង់​ផ្លូវ​ អាច​នឹង​ចាប់​ផ្ដើម​កំឡុង​ខែ កុម្ភះ និង​មីនា​។ ឯកឧត្តម​ថ្លែង​ថា៖ "យើង​ខ្ញុំ​សង្ឃឹម​ថា​ខែ​២ ខាង​មុខនេះ ឬដើម​ខែ​៣ អាច​បើកការ​ដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពីភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​បាន​...ក៏​ប៉ុន្តែ​យើង​មិន​ទាន់​ដោះ​ស្រាយ​ផល​ប៉ះពាល់​រួចនៅ​ឡើយ​ យើង​កំពុង​រៀបចំ​ជាមួយ​ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ ជំរុញ​ដោះស្រាយ​បញ្ហា​ប៉ះពាល់​ដី​ធ្លីនេះ​ ដោះស្រាយ​បាន​ដើម្បីគាត់​បើក​ការ​ដ្ឋាន​បាន​ ប៉ុន្តែ​កន្លែង​បើក​ការ​ដ្ឋាន​នោះមាន​ហើយ ប៉ុន្តែបើ​បើក​កន្លែង​ហ្នឹង​ហើយ​ធ្វើអី​អត់​បាន​ទៀត​ក៏​មិន​ល្អ​ដែរ​ ធ្វើ​ម៉េច​ឲ្យ​បើក​បាន​តាម​ខេត្តចន្លោះៗ​..​បើក​នៅភ្នំពេញ ហើយបើក​នៅ​ខេត្ត​បន្ត​បន្ទាប់​អ៊ីចឹង"។​

សូម​បញ្ជាក់​ថា​ ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​ នឹង​ចំណាយ​តម្លៃ​ប្រហែល​១៩០០លាន​ដុល្លារ ៕​

​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់