• 2019-01-28 09:39:55
  • ព័ត៌មាន

បង្កើតភាពរីកចម្រើនឲ្យខ្លួនរាល់ថ្ងៃដោយទម្លាប់សាមញ្ញ ៦នេះ ធ្វើបានអាចឃើញលទ្ធផលភ្លាមៗ

  • 2019-01-28 09:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​បាន​ជីវិត​ពោរពេញ​ដោយ​ភាព​វិជ្ជមាន និង​ជោគជ័យ​មិន​អាច​ខ្វះ​ទម្លាប់​ល្អ​បាន​ឡើយ។ ដើម្បី​ឲ្យ​ខ្លួនឯង​មានទម្លាប់​ល្អ ដែល​អាច​ជួយ​ជំរុញ​ភាព​រីក​ចម្រើន​ទាំង​​ប្រាជ្ញា​ ស្មារតី និង​របៀប​រស់​នៅ​នោះ មាន​រឿង ៦ យ៉ាងសាមញ្ញ​បំផុត ដែល​អ្នក​គួរ​ចាប់​ផ្តើម​ធ្វើ​ឥលូវ​ រៀង​រាល់​ថ្ងៃ ​នឹង​អាច​ឃើញ​លទ្ធផល​លេច​ចេញ​ភ្លាមៗ ដូចជា ៖

១. សង្កេត​ឲ្យ​បាន​ច្រើន ៖ ទៅ​ណា​ក៏​ដោយ​ អ្នក​គួរ​ចំណាយ​ពេល​ខ្លះ​មើល​ជុំវិញ​ខ្លួន​ឯង​ដោយ​យកចិត្ត​ទុកដាក់ មិន​ចំពោះ​តែ​មនុស្ស​ដែល​អ្នក​កំពុង​ទំនាក់ទំនង​នោះ​ទេ។ ពិភពលោក​ពោរពេញ​ដោយ​​រឿងរ៉ាវជាច្រើន មាន​ទាំង សកម្មភាព រូបភាព មេរៀន គំនិត កំហុស និង​បទពិសោធន៍​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​វា។​

២. ប្រមូល​គំនិត​ថ្មី ៖ បើ​អ្នក​ប្រទះ​ឃើញ​អ្វី​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ត្រូវ​កត់​ត្រា​វា​ទុក​ក្នុង​កូន​សៀវភៅ ឬ​ថត​វា​ទុក​ភ្លាម​ ទើប​មិន​ភ្លេច។ រៀប​ចំ​វា​ជា​ Collection ហើយ​ពេលទំនេរ​គួរ​យក​មក​មើល ធានា​ថា​អ្នក​នឹង​ទទួល​បាន​អ្វី​ម្យ៉ាង​ដែល​ថ្មី​ពី​ការ​កត់​ត្រា​នេះ។

៣. អាន​ឲ្យ​ច្រើន ៖ ការ​អាន​ គឺ​ជា​ការ​វិនិយោគ​ដ៏​ល្អ​បំផុត​នៃ​ពេលវេលា​របស់​អ្នក។ គួរ​អាន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ។ តិចនិក​ជួយ​ឲ្យ​អ្នក​បន្ត​អាន​បាន​ដោយ​មិន​បោះ​បង់​ គឺ​ត្រូវ​ដាក់​សំនួរ​ខ្លួន​ឯង​ថា​ អ្នក​ចង់​ដឹង​អ្វី​ខ្លះ​ពី​សៀវភៅ​នេះ ហើយ​ប្រឹងប្រែង​ស្វែង​រក​ចម្លើយ​ពី​ក្នុង​សៀវភៅ​។ បើ​ទើប​ចាប់​ទម្លាប់​អាន គួរ​ជ្រើសរើស​សៀវភៅ​ស្តើង​ល្មម ហើយ​ដាក់​កំហិត​ខ្លួនឯង​ឲ្យ​ច្បាស់​ថា​ត្រូវ​តែ​អាន​ឲ្យ​ចប់​យ៉ាង​ហោច​ណាស់​១ក្បាល​នោះ។

៤. វិភាគ​ថ្ងៃ​របស់​អ្នក​ជា​ប្រចាំ ៖ រាល់​យប់​មុន​ពេល​ចូល​គេង​ គួរ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ១០​នាទី​វិភាគ​ថ្ងៃ​របស់​អ្នក មើល​ថា​ថ្ងៃ​នេះ​មាន​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ ហើយ​អ្នក​រៀន​សូត្រ​បាន​អ្វីខ្លះ ពិចារណា​ឡើង​វិញ​ពី​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ​ និង​កំហុស​ដែល​អ្នក​បាន​បង្កើត។

៥. ចាប់​កាន់​ប៊ិច​សរសេរ ៖ គុណ​តម្លៃ​ធំ​បំផុត​នៃ​ការ​សរសេរ គឺ​វា​នឹង​រៀប​ចំ​គំនិត​រញ៉េរញ៉ៃ​របស់​អ្នកឲ្យ​មាន​រៀប​របៀប​រៀប​រយ ហើយ​​បណ្តុះឲ្យអ្នកនូវ​ស្មារតី ហ្មត់ចត់ និង ប្រិតប្រៀង។ ពេល​អ្នក​សរសេរ អ្នក​នឹង​ត្រូវ​គិត​ដើម្បី​រៀបចំ​ឃ្លាឃ្លោងឲ្យ​បាន​ល្លូនល្អ និង​គិត​ដល់​ជម្រើស​នៃ​ពាក្យ។ ដូច្នេះ​ហើយ​បើ​អ្នក​ចាប់​ផ្តើម​សរសេរ​បាន​ល្អ របៀប​និយាយ​ស្តី​របស់​អ្នក​ក៏​រីក​ច្រើន​ទៅ​តាម​នោះដែរ។

៦. ចូល​គេងលឿន និង​ភ្ញាក់​ពី​ព្រលឹម៖ កំណត់​ម៉ោង​ដែល​ខ្លួន​ត្រូវ​ចូល​គេង និង​ភ្ញាក់​ឲ្យ​ទៀង​ទាត់​បាន​មានន័យថា​អ្នក​មាន​សមត្ថភាព រៀប​ចំ​ជីវិត​ខ្លួន​ឯង​ឲ្យ​មាន​ររបៀបរៀបរយបាន​មួយ​ផ្នែក​ហើយ​។ ដំណេក​គ្រប់​គ្រាន់​ជួយ​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​បាន​ល្អ ហើយ​អារម្មណ៍​ក៏​ស្រស់ស្រាយ​រាល់​ថ្ងៃ​ដែរ។

ក្រៅ​ពី​នេះ​ដាច់​ខាត​កុំ​មើល​រំលង​ទទម្លាប់ញ៉ុំាអាហារ​ ៣ពេលឲ្យទៀងទាត់ និង​ហាត់​ប្រាណ​ផង ដើម្បី​​ជួយ​ឲ្យ​មាន​សុខភាព​រឹងមាំ ព្រោះថា​បើ​សុខភាព​ធ្លាក់​ចុះ​ហើយ​មិន​ងាយ​បក​ក្រោយ​បាន​ឡើយ ហើយ​អ្នក​ក៏​មិនអាច​ធ្វើ​កិច្ច​ការ​ដែល​រៀបរាប់​ទាំងអស់​ខាង​លើ​នេះ​បាន​ដែរ៕​

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់