- 2019-02-08 05:09:36
- ព័ត៌មាន
មិនថាជាមិត្តភាព ឬស្នេហា រកមើល ៥ចំណុចនេះសិនមុនបណ្តោយឲ្យទំនាក់ទំនងកាន់តែជ្រៅ
- 2019-02-08 05:09:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនថាជាមិត្តភាព ឬស្នេហា រកមើល ៥ចំណុចនេះសិនមុនបណ្តោយឲ្យទំនាក់ទំនងកាន់តែជ្រៅ
ចន្លោះមិនឃើញ
ដើម្បីគេចចេញពីភាពឯកា យើងតែងបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដែលចុងក្រោយទំនាក់ទំនងទាំងនោះខ្លះអាចវិវឌ្ឍន៍ក្លាយទៅជាមិត្តភាព ឬជាស្នេហាជាដើម។ រឿងមួយដែលយើងគ្រប់គ្នាត្រូវចងចាំ គឺ មនុស្សស្គាល់មុខ ស្គាល់មាត់ តែមិនស្គាល់ចិត្ត ដូច្នេះកុំឆាប់ជឿទុកចិត្តគេពេក ដោយគួរកំណត់ដែននៃការរាប់អានឲ្យច្បាស់។ មានមិត្តស្គាល់ចិត្តម្នាក់ប្រសើរជាងមានច្រើននាក់ហើយនាំតែបញ្ហាឲ្យអ្នក។
ដើម្បីបង្ការកុំឲ្យខ្លួនឯងចាយពេលវេលា និងទឹកចិត្តខុសលើទំនាក់ទំនង អ្នកត្រូវរៀនចេះសង្កេតរកមើល ៥ចំណុចនេះ លើកខ្លួនមនុស្សដែលអ្នកកំពុងសេពគប់មុនចង់បន្តទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ដូចជា៖
១. ភាពស្មោះត្រង់ ៖ មនុស្សយើងមិនសូវសម្ដែងចេញចរិតពិតឡើយពេលទើបស្គាល់គ្នាដំបូង។សំខាន់អ្នកខ្លួនឯងត្រូវចេះសង្កេតមើលកម្រិត នៃភាពស្មោះត្រង់របស់ តាមរយៈការជជែកគ្នាលេងពីនេះពីនោះ។ ភាពស្មោះត្រង់នេះ គឺចង់សំដៅសំខាន់លើចេតនាអាក្រក់ណាមួយមកលើអ្នក ឬចង់បោកប្រាស់កេងប្រវ័ញ្ចផលប្រយោជន៍ជាដើម។ គេតែងលើកឡើងថាពាក្យសម្ដីរបស់មិត្តល្អ អាចគ្រោតគ្រាតបន្តិច តែជាសម្ដីគ្មានពិស ប្រសើរជាងសម្ដីផ្អែមលាក់ពុតបង្កប់កល ដែលអាចនាំគ្រោះដល់អ្នក។
២. យល់ចិត្ត និងចេះសម្រប ៖ នេះមានន័យថាទាំងពីរនាក់មានឆន្ទៈរាប់អានគ្នាយូរអង្វែង និងបើកចិត្តត្រៀមជាស្រេចដើម្បីកែរលម្អគ្នាទៅវិញទៅមក បើសិនមានចំណុចខ្វះខាត ឬលើសលួស។ នេះមិនមែនមានន័យថាត្រូវតែព្យាយាមសម្របជាមួយមនុស្សគ្រប់គ្នាគ្រប់រឿងនោះទេ គួរចេះថ្លឹងថ្លែងឲ្យស្រួលបួល ព្រោះថាបើជួបគ្នាហើយទើសតែរហូតនោះ ក៏មិនគួរដើរជាមួយគ្នាដែរ។
៣. ចេះលះបង់ចំពោះគ្នា ៖ បើយើងចង់ឲ្យមានមនុស្សល្អៗចូលមកក្នុងជីវិតច្រើន យើងត្រូវធ្វើខ្លួនជាមនុស្សល្អជាមុនសិន ដូចគេថាមានទៅមានមក កុំប៉ាច់ឡើងគិតតែយកចំណេញរៀងៗខ្លួន។ មិត្តល្អតែងយកអាសារគ្នាអស់ពីលទ្ធភាពក្នុងគ្រាអាសន្នអន់ក្រ ដូច្នេះហើយទើបគេតែងនិយាយថាក្នុងស្ថានភាពលំបាកធ្វើឲ្យយើងស្គាល់ច្បាស់ពីសារជាតិមនុស្ស។
៤. គោរព និងផ្តល់តម្លៃឲ្យគ្នា ៖ ចំណុចនេះសរបញ្ជាក់តាមរយៈពេលពាក្យសម្ដី និងកាយវិការរបស់គេមកកាន់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាគ្មានសម្ពាធ កក់ក្តៅ និងសុវត្ថិភាព។ ដូចជាគេមិននិយាយប្រមាថមើលងាយអ្នក ឬ គ្រួសារអ្នកឡើយ និងតែងយកចិត្តទុកដាក់ចំពោះវេលាដែលគេនៅជាមួយអ្នក។
៥. សហការ និងគាំទ្រ៖ មិត្តល្អនឹងនៅកំដរអ្នក ផ្តល់កម្លាំងចិត្ត ប្រឹក្សាយោបល់ជួយអ្នកឲ្យហែលឆ្លងការលំបាកនានាក្នុងជីវិត។ ចំពោះមនុស្សខ្លះចូលមកក្នុងជីវិតតែពេលសប្បាយៗ បើស្គាល់ហើយកុំបាច់ស្និតស្នាលពេកក៏បាន។ គួរនៅឲ្យឆ្ងាយពីប្រភេទបំពុលដល់ជីវិតអ្នកនាំអ្នកធ្វើតែរឿងខុស និងនាំបញ្ហាមិនចេះចប់ និងប្រភេទទុកមិនចំណេញ ដកចេញមិនខាត៕