- 2019-02-09 08:07:39
- សេដ្ឋកិច្ច
កម្ពុជា-ឥណ្ឌូណេស៊ី នឹងបើកការហោះហើរត្រង់ ឆាប់ៗខាងមុខ
- 2019-02-09 08:07:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-ឥណ្ឌូណេស៊ី នឹងបើកការហោះហើរត្រង់ ឆាប់ៗខាងមុខ
ចន្លោះមិនឃើញ
កម្ពុជា-ឥណ្ឌូណេស៊ី បាននិងកំពុងជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ បន្ទាប់ពីខកខាន នៃការហោះហើរត្រង់អស់ជិតកន្លះសតវត្ស ពោលគឺចាប់ពីក្រោយឆ្នាំ១៩៧០មក ហើយបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ការហោះហើរត្រង់នេះនឹងចាប់ផ្ដើមឡើងក្នុងពេលឆាប់ៗខាងមុខ ក្នុងឆ្នាំ២០១៩នេះ។ នេះបើយោងតាមវិបសាយ tourismcambodia ចុះផ្សាយថ្ងៃទី ៨ កុម្ភៈ ម្សិលមិញនេះ។
ក្នុងជំនួបរវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជាមួយឯកឧត្ដម ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដែលបានដឺកនាំប្រតិភូនៃក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី CITILINK នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ភាគីឥណ្ឌូណេស៊ីបានសម្រេចថា នឹងបើកឲ្យមានការហោះហើរឡើងវិញ អាចនៅក្នុងឆមាសទី២ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន មានតែឥណ្ឌូណេស៊ី និងប្រ៊ុយណេទេ ដែលមិន ទាន់មានការហោះហើរត្រង់មកកម្ពុជា តែដោយសារការខិតខំចរចារវាងភាគីទាំងពីរ ពិសេស ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ទើបនា ពេលខាងមុខ នឹងមានការហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជាឡើងវិញ បន្ទាប់ពីខកខានអស់ជិតកន្លះសតវត្ស ហើយការហោះហើរនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការតភ្ជាប់ផ្ទែក្នុងអាស៊ាន។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា នៅពេលដែលមានការ ហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជាឡើងវិញ កម្ពុជាសង្ឃឹមថាវានឹងនាំមកនូវភ្ញៀវទេសចរច្រើនឡើងបន្ថែមទៀត ជាពិសេសទេសចរឥណ្ឌូណេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង ៥ម៉ឺននាក់ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបានឲ្យដឹងថា កម្ពុជា-ឥណ្ឌូណេស៊ី ចាំបាច់ត្រូវមានកិច្ចសហការនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ដូច្នេះការបើកឲ្យមានការហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ គឺជារឿងចាំបាច់។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា កម្ពុជា-ឥណ្ឌូណេស៊ី នឹងប្រារព្ធខួបលើកទី៦០ នៃការតភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ហើយថា ការសម្រេចឲ្យមានការហោះហើរត្រង់ នាពេលខាងមុខនេះ គឺជាការអនុវត្តជាក់ស្ដែងនូវបំណងប្រាថ្នារបស់ឯកឧត្ដមអនុប្រធានាធិបតីឥណ្ឌូណេស៊ី និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងជំនួបកាលពីថ្ងៃទី១៦ មករា ២០១៩ នៅខេត្តសៀមរាប និងគឺជាចំណងដៃដ៏មានសារសំខាន់នៃការប្រារព្ធខួបមួយនេះ គួបផ្សំនឹងការរៀបចំនូវកម្មវិធីមួយចំនួនទៀត ដូចជា ការរៀបចំពិព័រណ៍រួមគ្នា ការរៀបចំព្រឹត្តិការណ៍កីឡាជាលក្ខណៈមិត្តភាព រួមនឹងវេទិកាផ្សេងៗទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា តាមរយៈវិស័យទេសចរណ៍ផងដែរ៕
រូបភាព៖ tourismcambodia