- 2019-02-11 03:34:44
- សេដ្ឋកិច្ច
ម្ចាស់មីល្ពៅ ប្រាប់ពីគោលបំណងធំបំផុតមួយ ទើបប្រកាសមិនទទួលការវិនិយោគដាច់ខាត
- 2019-02-11 03:34:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មីល្ពៅ ប្រាប់ពីគោលបំណងធំបំផុតមួយ ទើបប្រកាសមិនទទួលការវិនិយោគដាច់ខាត
ចន្លោះមិនឃើញ
មីល្ពៅស្នាដៃកូនខ្មែរផលិតនៅខេត្តបាត់ដំបង កំពុងទទួលបានគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ថ្មីៗនេះ យុវជនវ័យក្មេង គិម វ៉ាង ម្ចាស់ស្នាដៃមីល្ពៅ បានប្រកាសនៅលើបណ្ដាញសង្គមថា ខ្លួនមិនទទួលការវិនិយោគនោះទេ។ ក្រោយការប្រកាសនេះ បានធ្វើឲ្យផ្អើលតាំងពីឧកញ៉ា អ្នកជំនួញ អ្នកសេដ្ឋកិច្ច និងប្រជាពលរដ្ឋទូទៅ សម្ដែងការមិនពេញចិត្តចំពោះការប្រកាសរបស់រូបគេ អ្នកខ្លះថែមទាំងរិះគន់ក្នុងន័យចំអកឡកឡឺយទៀតផង។
ជួបជាមួយ Sabay នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈទូរសព្ទ យុវជនមានគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់នេះ បានប្រាប់ពីគោលបំណងធំថា មូលហេតុដែលខ្លួនមិនទទួលការវិនិយោគពីបណ្ដាក្រុមហ៊ុនឯកជន និងអ្នកវិនិយោគបរទេស ក៏ព្រោះតែរូបគេចង់ពង្រឹងសង្វាក់ផលិតកម្មរបស់ខ្លួនឲ្យរឹងមាំ ហើយរង់ចាំឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការវិនិយោគដោយផ្ទាល់។
«បាទបងខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកវិនិយោគលើការផលិតមីល្ពៅនេះ ដែលបង្ហាញថាវាជាផលិតផលរបស់កម្ពុជា ដែលកើតចេញពីការជួយជ្រោមជ្រែងគ្នារវាងខ្មែរ និងខ្មែរ»។ នេះជាការលើកឡើងបន្ថែមទៀតពីនិស្សិតបញ្ចប់ការសិក្សាផ្នែកផលិតចំណីអាហារ។
យុវជនដែលមានដើមកំណើត មកពីខេត្តបន្ទាយមានជ័យរូបនេះ បន្តថា ប្រសិនបើឲ្យក្រុមហ៊ុនឯកជនជាអ្នកផលិត គឺរូបលោកដែលជាម្ចាស់ស្នាដៃ មិនទទួលបានអ្វីច្រើនឡើយ គឺគ្រប់យ៉ាងជារបស់គេ។ ជាក់ស្ដែងដូចជាប្រាក់ចំណូលដែលទទួលបានគឺ៧០%បានទៅលើគេ ដោយខ្លួនឯងវិញទទួលបានតែ៣០%។ ដូច្នេះមានន័យថាអ្វីដែលរូបលោកខិតខំបង្កើតឡើងមកបែរជារង់ចាំយកតែប្រាក់ចំណេញ ដោយមិនអាចធ្វើអ្វីបានលើសពីនេះ។ ម្យ៉ាងវិញទៀត គិម វ៉ាង បញ្ជាក់ថា រូបលោកចង់រក្សាតម្លៃមួយដ៏សមរម្យលក់ទៅឲ្យប្រជាជនកម្ពុជា ប្រសិនបើមានការវិនិយោគនោះតម្លៃនឹងកើនឡើងមិនខាន។
នៅពេលដែលសួរថា ចុះប្រសិនបើមិនមានការវិនិយោគពីរាជរដ្ឋាភិបាល ហើយមានអ្នកផ្សេងទៀត ដែលគេអាចផលិតមីល្ពៅនេះបានតើ គិម វ៉ាង យល់យ៉ាងណាដែរ? យុវជនរូបនេះឆ្លើយទាំងមានជំនឿជាក់ថា បច្ចុប្បន្ននេះមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះទៅមើលដោយផ្ទាល់រួចរាល់ហើយ ដើម្បីមើលពីការផលិតដោយផ្ទាល់។ ក្រៅពីនេះក៏ដើម្បីរៀបចំឯកសារធ្វើការចុះបញ្ជីកម្មសិទ្ធិបញ្ញា ក្នុងការការពាររូបមន្តផលិតមីល្ពៅនេះ ក៏ដូចជាការត្រួតពិនិត្យអំពីគុណភាពដើម្បីឲ្យមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រោយពីធ្វើការចុះបញ្ជីរួចរាល់រូបលោក មិនព្រួយបារម្ភពីលួចរូបមន្តយកមកប្រកួតប្រជែងជាមួយខ្លួននោះទេ ហើយក្រោយពេលដែលទទួលស្គាល់ពីគុណភាព រូបលោកនឹងធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនឲ្យកាន់តែទូលំទូលាយធ្វើយ៉ាងណាឲ្យខ្សែសង្វាក់ផលិតកម្មកាន់តែរីកចម្រើន ប្រកបដោយចីរភាព៕