- 2019-03-04 11:25:14
- ព័ត៌មាន
ចង់ឲ្យជីវិតការងាររឹងមាំចម្រើនទៅមុខជានិច្ច គួររៀនសូត្រពី ១០ចំណុចនេះឲ្យបានល្អ
- 2019-03-04 11:25:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យជីវិតការងាររឹងមាំចម្រើនទៅមុខជានិច្ច គួររៀនសូត្រពី ១០ចំណុចនេះឲ្យបានល្អ
ចន្លោះមិនឃើញ
រស់នៅរាល់ថ្ងៃ មិនថាយើងប្រកបរបរអ្វី ឬ ធ្វើការងារអ្វីឡើយ តែងត្រូវប្រឈមនឹងឧបសគ្គ និងបញ្ហាជាច្រើនរាប់មិនអស់ ដែលទាំងនោះប្រៀបបាននឹងមេរៀនដែលយើងត្រូវឆ្លងកាត់ ដើម្បីឲ្យខ្លួនឯងកាន់តែចាស់ទុំ និងរឹងមាំ។ តែមនុស្សយើងក៏គួររៀនសូត្រអ្វីដែលត្រូវ ស្របនឹងគោលដៅជីវិតខ្លួនដែរ ទើបឆាប់រកឃើញជោគជ័យ។
មានគំនិតល្អៗ ១០ដែលអ្នកគួររៀនសូត្រ ដើម្បីជួយបន្ថែមកម្លាំងចិត្តឲ្យអ្នកប្រឹងធ្វើការឆ្ពោះទៅរកគោលដៅជីវិតបាន ដូចជា៖
១. បើរើសបាន ចូររើសយកការងារដែលខ្លួនស្រលាញ់ ៖ មិនប្រាកដថាមនុស្សគ្រប់គ្នាមានសំណាងអាចធ្វើការងារដែលខ្លួនស្រលាញ់នោះទេ ប៉ុន្តែបើអ្នកស្ថិតក្នុងចំណោមអ្នកដែលអាចជ្រើសបាន ចូរជ្រើសរើសធ្វើអ្វីដែលខ្លួនស្រលាញ់ នោះអ្នកនឹងលែងមានអារម្មណ៍ហត់នឿយដោយសារការងារ ហើយសប្បាយចិត្តទៀត។
២. មនុស្សដែលមិនដែលធ្វើខុសមានតែមនុស្សដែលមិនធ្វើអ្វីសោះប៉ុណ្ណោះ ៖ ចូរកុំខ្លាចថាខ្លួននឹងធ្វើខុស កុំខ្លាចភាពបរាជ័យ ប៉ុន្តែចូរទទួលយកវា ហើយរៀនសូត្រពីកំហុសឆ្គងទាំងនោះកុំឲ្យកើតឡើងជាថ្មី។
៣. ភាពជោគជ័យចាប់ផ្ដើមពីការធ្វើ និងមានអំណត់ ៖ បើអ្នកមានគោលដៅ ឬក្ដីស្រមៃ សូមកុំបណ្ដោយឲ្យវានៅតែជាក្ដីស្រមៃ។ កុំមើលស្រាលសមត្ថភាពរបស់ខ្លួនឯង ចូរចាប់ផ្ដើមរៀបចំផែនការ ហើយបញ្ចេញសកម្មភាពធ្វើដើម្បីឲ្យក្ដីស្រមៃនោះក្លាយជាការពិត។ កុំធ្វើការទាំងអន្ទះសារ ត្រូវតែឲ្យច្បាស់លាស់ និងម៉តចត់ផងទើបទទួលបានលទ្ធផលល្អ។
៤. កម្លាំងចិត្តពីណា ក៏មិនសំខាន់ស្មើកម្លាំងចិត្តពីខ្លួនឯង ៖ នៅថ្ងៃដែលត្រូវជួបនឹងឧបសគ្គ ឬបញ្ហានានា អាចមានមនុស្សជាច្រើនដែលរង់ចាំលួងលោម ឬផ្ដល់កម្លាំងចិត្តឲ្យអ្នក ប៉ុន្តែចូរចាំជានិច្ចថា គ្មានកម្លាំងចិត្តឯណាសំខាន់ជាងកម្លាំងចិត្តពីខ្លួនឯងដែរ ព្រោះផ្លូវចិត្តរឹងមាំ គឺជាអាវុធដ៏សំខាន់ដែលជួយឲ្យអ្នកអាចឆ្លងកាត់ឧបសគ្គនានាបាន។
៥. ការអភិវឌ្ឍខ្លួនមិនបានកើតឡើងដោយសារពាក្យសរសើរទេ ៖ បើទោះបីពាក្យសរសើរគឺជាពាក្យល្អ ដែលអ្នកណាៗក៏ចង់ឮ ប៉ុន្តែក៏សូមកុំខ្លាចពាក្យរិះគន់ ព្រោះពាក្យរិះគន់គឺជាកញ្ចក់ឆ្លុះបង្ហាញពីចន្លោះខ្វះខាតរបស់យើង។ នៅពេលដឹងពីចំណុចខ្សោយខ្លួនឯង ទើបយើងអាចកែលំអបានចំចំណុច។ ម្យ៉ាងទៀតពាក្យទិតៀនក៏ប្រៀបដូចជាកម្លាំងជំរុញឲ្យយើងខំប្រឹងដើម្បីយកឈ្នះពាក្យមើលងាយទាំងនោះដែរ។
៦. ចូរស្ដាប់ឲ្យច្រើនជាងនិយាយ ៖ ការស្ដាប់គឺជារឿងងាយ ដែលយើងអាចធ្វើបានល្អជាងការនិយាយ ប៉ុន្តែចូរស្ដាប់ឲ្យយល់។ មុននឹងនិយាយការអ្វីត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ ហើយកុំរវល់តែនិយាយរហូតភ្លេចស្ដាប់សម្ដីអ្នកដទៃ។
៧. កុំឈប់អភិវឌ្ឍខ្លួនឯង៖ ព្រោះពិភពនៃការងារពោរពេញទៅដោយការប្រកួតប្រជែង ហើយឱកាសតែងក្លាយជារបស់អ្នកដែលត្រៀមខ្លួនរួចរាល់ជានិច្ច ដូច្នេះហើយ សូមកុំឈប់អភិវឌ្ឍខ្លួនឯងដើម្បីឲ្យខ្លួនឯងរួចរាល់ក្នុងការទទួលយកគ្រប់ឱកាស។
៨. វិន័យគឺជាគុណសម្បត្តិសំខាន់មួយសម្រាប់បុគ្គលជោគជ័យ៖ ការចេះគ្រប់គ្រងខ្លួនឯងឲ្យមានរបៀប មានវិន័យក្នុងការធ្វើការ នឹងជួយឲ្យអ្នកធ្វើការបានយ៉ាងមានរបៀបរៀបរយ និងមិនពិបាកឡើយក្នុងការទទួលបានជោគជ័យ។ ការមានវិន័យក្នុងផ្នែកផ្សេងៗទៀតនៃការរស់នៅក៏សុទ្ធតែសំខាន់ដូចគ្នា។
៩. មិត្តភាពពិតជាសំខាន់៖ យើងមិនអាចបដិសេធបានឡើយ ថាមិត្តរួមការងារល្អមានចំណែកជួយឲ្យមនុស្សជាច្រើនកាន់តែមានអារម្មណ៍ចង់ធ្វើការ។ ចូររៀនសូត្រពីរបៀបចុះសម្រុង និងមានទឹកចិត្តជាមួយមិត្តរួមការងារ នោះអ្នកនឹងកាន់តែមានថាមពល និងឱកាសច្រើនក្នុងវិស័យការងារ។
១០. រាងកាយគឺជាឧបករណ៍សំខាន់បំផុតសម្រាប់ការងារ ៖ ចូរកុំខំប្រឹងធ្វើការធ្ងន់ហួសកម្លាំងដើម្បីបានលុយមកមើលជំងឺនៅពេលក្រោយអី។ ចូរចេះប្រើជីវិតឲ្យមានតុល្យភាព ដោយមើលថែសុខភាព និងរាងកាយរបស់ខ្លួនឯងខ្លះ ។
ចំពោះអ្នកដែលមិនទាន់ធ្វើបានគ្រប់ទាំង ១០ចំណុចខាងក្រោមនេះទេ សូមព្យាយាមម្ដងបន្តិចៗ ប៉ុន្តែកុំចុះចាញ់៕