- 2019-03-06 04:28:37
- សេដ្ឋកិច្ច
អ្នកជំនាញ សម្ដែងការសោកស្ដាយក្រោយការនាំចេញអង្ករកម្ពុជាដាំក្បាលចុះ ដើមឆ្នាំនេះ
- 2019-03-06 04:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ សម្ដែងការសោកស្ដាយក្រោយការនាំចេញអង្ករកម្ពុជាដាំក្បាលចុះ ដើមឆ្នាំនេះ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះតួលេខនៃការនាំចេញអង្ករកម្ពុជាមានការធ្លាក់ចុះ ដើមឆ្នាំនេះ។ ការសោកស្ដាយក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ដែលបានអនុវត្តន៍កំណត់យកពន្ធការនាំចេញអង្ករពីកម្ពុជាលឿន ផ្ទុយពីការរំពឹងទុកថា នឹងផ្ដល់ឱកាសដល់កម្ពុជាប្រមាណជា ៣-៤ឆ្នាំ ទៀត។
ឯកឧត្ដម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ Sabay ថា "យើងបានគិតលើផែនការយើងថា ការយកពន្ធនឹង ៣-៤ឆ្នាំ ទៅខាងមុខទៀតមិនស្មានថា គាត់បានសម្រេចការយកពន្ធលើការនាំចេញលឿនចឹងសោះ ចឹងខុសពីការស្មានរបស់យើង ចឹងដូចប៉ះពាល់លើទំនុកចិត្តទៅវិញទៅមក.... យើងអរគុណ សហគមន៍អឺរ៉ុបដែលបានជួយសេដ្ឋកិច្ចយើងកន្លងមក តែការផ្លាស់ប្ដូរនេះហាក់លឿនពេក"។
ការនាំចេញអង្កររបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងខែមករា ឆ្នាំ ២០១៩ មានបរិមាណជិត ៦ពាន់តោនថយចុះ ៥% ដោយបាននាំចេញទៅកាន់ទីផ្សារគោលដៅ ៣៥ប្រទេស បើធៀបនឹងខែមករា ឆ្នាំ ២០១៨ ដែលការនាំចេញមានរហូតជាង ៦ពាន់តោនឯណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង។
សហគមន៍អឺរ៉ុបបានកំណត់យកពន្ធអង្ករនាំចេញពីកម្ពុជារយៈពេល ៣ឆ្នាំ ដោយឆ្នាំដំបូងតម្រូវឲ្យបង់ពន្ធ ២០០ ដុល្លារក្នុង១តោន។ ឆ្នាំទី ២ ចំនួន១៧០ដុល្លារ និងឆ្នាំទី ៣ ចំនួន ១៤២ ដុល្លារ ក្នុង១តោន។ អង្ករកម្ពុជាក៏អាចប្រឈមនឹងបញ្ហាមួយទៀតទាក់ទងនឹងទីផ្សារអឺរ៉ុបផងដែរ បើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានព្យួរនោះ។
ឯកឧត្ដម សុខ ពុទ្ធីវុធ បានមានប្រសាសន៍ថា ការកំណត់យកពន្ធនេះ នឹងធ្វើឲ្យការនាំចេញអង្ករកម្ពុជាធ្លាក់ចុះ និង ប៉ះពាល់ដល់តម្លៃអង្ករកម្ពុជាផងដែរ។ លោកសង្កត់ធ្ងន់ថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ហាក់បីដូចជាឆាប់រហ័សបន្តិចសម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនប្រកួតប្រជែងនៅលើទីផ្សារ។
យ៉ាងណាក៏ដោយ ឯកឧត្ដមបានលើកឡើងថា ភាគីកម្ពុជាកំពុងធ្វើកិច្ចការជាមួយសហគមន៍អឺរ៉ុប និងមានការត្រួតពិនិត្យលើផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហានេះថា តើការធ្វើនេះត្រឹមត្រូវតាមច្បាប់ដែរឬទេ? ហើយមួយទៀតកម្ពុជាក៏នៅតែបន្តបង្កើនទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបឡើងវិញ។ ឯបញ្ហាផ្ទៃក្នុង ខាងសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងជំរុញការផលិតអង្ករកម្ពុជាឲ្យមានគុណភាព ដោយថា នៅពេលអង្ករមានគុណភាព តម្លៃថ្លៃបន្តិច ក៏នៅតែមានទីផ្សារចង់បានដែរ៕