• 2019-04-09 08:10:09
  • ព័ត៌មាន

អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត យក​ថវិកា​​ជាង ៣ម៉ឺន​ដុល្លារ ជួយពលរដ្ឋក្រីក្រ​ ក្នុង​ខេត្ត​ព្រះសីហនុ

  • 2019-04-09 08:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ២០១៩ អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បាន​ប្រារព្ធ​សកម្មភាព​សប្បុរសធម៌​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ ដើម្បី​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​ និង​ថវិកា​ជូន​ដល់​ប្រជាជន​ក្រីក្រ​ចំនួន ៦០០ គ្រួសារ​ដែល​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៣២ 000 ដុល្លារ​អាមេរិក។

ឯកឧត្ដម យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ឯកឧត្ដម អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ លោក លី មីញ នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ព្រីនស៍  រៀល អ៊ីស្ទេត គ្រុប និង​ជា​អនុ​ប្រធាន​អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន​ចូលរួម​ជា​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។​

ទិដ្ឋភាពនៃសកម្មភាពសប្បុរសធម៌

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ដែល​នាំ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ជាលំដាប់។ ខេត្ត​ព្រះសីហនុ​ដែល​មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ធំ​ជាង​គេ​នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ដែល​ទទួល​បាន​ការ​កត់​សម្គាល់​ពី​ជុំវិញ​ប្រទេស។

ប្រាក់​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ខេត្ត​ព្រះ​សីហនុ​មាន​ចំនួន​ស្មើនឹង ៣ ០០០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​នាក់ ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅតែ​មាន​ប្រជាជន​មួយ​ចំនួន​តូច​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ទី​ទាល់​ក្រលំបាក។

បន្ទាប់​ពី​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ជំនួយ​សប្បុរសធម៌​ពី​ក្រុង​ព្រះសីហនុ អង្គការ​មូល​និធិ​សប្បុរ​សធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​រៀបចំ​នូវ​សម្ភារៈ​ប្រើប្រាស់​នានា​ និង​ឧបត្ថម្ភ​ជា​ជំនួយ​ដល់​ប្រជាជន​ក្រីក្រ​ចំនួន ៦០០ គ្រួសារ​នៅ​ក្រុង​ព្រះ​សីហនុ ដើម្បី​ឆ្លង​ផុត​គ្រា​លំបាក​នេះ។  

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឡើងថ្លែងសុន្ទរកថា ក្រុម​ការងារ នៃ​អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍  រៀល អ៊ីស្ទេត​ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ នៅ​ក្នុង​សកម្មភាព​សប្បុរសធម៌​នេះ។ ថ្នាក់​ដឹកនាំ​ក៏​បាន​សម្តែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​ឥត​សំណង​របស់​អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍  រៀល អ៊ីស្ទេត។

លោក លី មីញ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ព្រីនស៍  រៀល អ៊ីស្ទេត គ្រុប និង​ជា​អនុ​ប្រធាន​អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍  រៀល អ៊ីស្ទេត​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា ក្រុមហ៊ុន ព្រីនស៍  រៀល អ៊ីស្ទេត គ្រុប បាន​ចូល​មក​ប្រទេស​កម្ពុជា​អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយ ហើយ​ក្រុមហ៊ុន​បាន​ដើរ​តួ​ជា​សាក្សី​ ក៏​ដូចជា​អ្នក​ចូលរួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​របស់​ទី​ក្រុង​ភ្នំពេញ និង​ទីក្រុង​ព្រះសីហនុ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ផែន​ការ​ ១០ ឆ្នាំ​ដំបូង​របស់​ក្រុមហ៊ុន មាន​យុទ្ធសាស្ត្រ​ធ្វើ​ការ​វិនិយោគ​ជា​ទឹក​ប្រាក់​ចំនួន ៣ ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ខេត្ត​ព្រះសីហនុ និង​វិនិយោគ​សរុប ចំនួន ៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​នឹង​ផ្តល់​ថវិកា​ចំនួន ១០ លាន​ដុល្លារ​អាមេរិក​ដល់​មូល​និធិ​សប្បុរសធម៌​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ នៃ​វិស័យ​សប្បុរសធម៌​នៅ​កម្ពុជា។ ក្រុមហ៊ុន ព្រីនស៍  រៀល អ៊ីស្ទេត គ្រុប នឹង​បង្កើត​ឱកាស​ការងារ​ចំនួន​ជាង ២០ ០០០ កន្លែង ដែល​នឹង​បង្កើន​អត្រា​ការងារ​របស់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រយៈពេល ១០ឆ្នាំ។

លោកលី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍  រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត​
ឯកឧត្តម អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឡើងថ្លែងសុន្ទរកថា
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រគល់លិខិតថ្លែងអំណរគុណជូនអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍  រៀល អ៊ីស្ទេត

លោកលី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍  រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត​ ឡើងថ្លែងសុន្ទរកថា ក្នុង​រយៈពេល​កន្លង​មក​នេះ អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍  រៀល អ៊ីស្ទេត បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ ហើយ​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សប្បុរសធម៌​របស់​កម្ពុជា​ក្នុង​គ្រប់​ទិដ្ឋភាព រួម​បញ្ជូល​ការ​កសាង​ផ្លូវ​ថ្នល់ ការ​បរិច្ចាគ​ជា​ថវិកា​ឧបត្ថម្ភ​ការ​សិក្សា​ និង​ការ​ផ្ដល់​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។ល។

អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍  រៀល អ៊ីស្ទេត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។ ចាប់តាំង​ពី​ការ​បង្កើត​អង្គការ​មូល​និធិ​សប្បុរសធម៌​មក ​អង្គការ​ក៏​បាន​បង្កើត​សកម្មភាព​សប្បុរសធម៌​ជាង ២០០ កម្មវិធី ហើយ​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​សរុប​ជាង ៦ លាន​ដុល្លារ​អាមេរិក។

លោកលី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍  រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍​រៀល អ៊ីស្ទេត​ ធ្វើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋទាំងអស់​
ថ្នាក់ដឹកនាំថតរូបជុំគ្នាទុកជាអនុស្សាវរីយ

ពាក្យ​ចាស់​ពោល​ថា “តក់ៗ​ពេញ​បំពង់”  ចំណែក​ឯ​កិច្ចការ​សប្បុរស​ក៏​ដូចគ្នា​ដែរ​ ពោល​គឺ​សាមគ្គី​រួម​កំលាំង​គ្នា​កសាង​សង្គម ឲ្យ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់។ នៅ​ពេល​អនាគត អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍  រៀល អ៊ីស្ទេត នឹង​បន្ត​ធ្វើ​ជា​អ្នក​ត្រួសត្រាយ និង​ជា​អ្នក​អនុវត្ត​ក្នុង​កិច្ចការ​សប្បុរសធម៌ បន្ត​ជំរុញ​គុណធម៌​និង​ប្រពៃណី​របស់​ប្រទេស​ចិន ព្រមទាំង​តប​ស្នង​មក​កាន់​សង្គម​កម្ពុជា​វិញ។

អង្គការ​សង្ឃឹម​ថា តាម​រយៈ​សកម្មភាព​របស់​ខ្លួន​ ស្មារតី​សប្បុរសធម៌​របស់​អង្គការ​អាច​ជ្រួតជ្រាប​ដល់​មនុស្ស​គ្រប់គ្នា និង​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ឡើង​ចូលរួម​ក្នុង​បុព្វហេតុ​សប្បុរសធម៌​ និង​ចូលរួម​កសាង​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​នាពេល​អនាគត៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី