- 2019-04-22 04:11:20
- ព័ត៌មាន
បន្តការសិក្សានៅសិង្ហបុរីជាប់ជាជម្រើសល្អបំផុតមួយ ៥ចំណុចនេះជាមូលហេតុ
- 2019-04-22 04:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តការសិក្សានៅសិង្ហបុរីជាប់ជាជម្រើសល្អបំផុតមួយ ៥ចំណុចនេះជាមូលហេតុ
ចន្លោះមិនឃើញ
តើអ្នកកំពុងស្វែងរកសាលាបន្តការសិក្សានៅបរទេសមែនទេ? ជាមួយទិសដៅ និងជម្រើសជាច្រើន នេះគឺជាហេតុផលធំៗទាំង ៥ ដែលធ្វើឲ្យវិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី Singapore Institute of Management (SIM) អាចជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។
១. សិង្ហបុរី គឺកន្លែងប្រមូលផ្តុំនៃប្រព័ន្ធអប់រំគុណភាពខ្ពស់លំដាប់ពិភពលោក៖
ប្រព័ន្ធអប់រំ និង គរុកោសល្យសិង្ហបុរី ត្រូវបានគេឲ្យតម្លៃខ្ពស់ និងឈានមុខគេមួយក្នុងតំបន់អាស៊ី និងពិភពលោក។ ប្រព័ន្ធអប់រំនៃប្រទេសគុជអាស៊ីមួយនេះ ពោរពេញដោយបទពិសោធន៍ និងបានវិវឌ្ឍយ៉ាងឆាប់រហ័សដើម្បីរៀបចំសិស្សនិស្សិតកាន់តែប្រសើរ សម្រាប់ជីវិតក្រោយសាលា។ យោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយ [Economist Intelligence Unit( EIU)] កាលពីខែតុលា ២០១៧ បានឲ្យដឹងថាសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ៥ កម្រិតពិភពលោក នៅពីក្រោយ ប្រទេសញ៉ូហ្សេលែន កាណាដា ហ្វាំងឡង់ និងស្វីស ក្នុងការរៀបចំយុវជនជំនាន់ក្រោយសម្រាប់អនាគត។
មួយក្នុងចំណោមវិធីសាស្ត្រជាច្រើនដែល SIM បានអនុវត្តដើម្បីបង្កើតឲ្យមានបរិយាកាសរៀនសូត្រពេញលេញដ៏មានគុណភាពមួយ គឺ គម្រោងជីវិតនិស្សិត "Project 1095 ” ដែលរួមបញ្ចូលបណ្ដុំគំនិតផ្តួចផ្តើមចាប់ពីក្រុមអ្នកចាប់អារម្មណ៍ រហូតដល់ឱកាសអភិវឌ្ឍអាជីព ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិតឱ្យធ្វើបានល្អបំផុតក្នុងរយៈពេលបីឆ្នាំ(1095 ថ្ងៃ) នៃការសិក្សារបស់ពួកគេ នៅក្នុងកម្មវិធី [SIM Global Education]។
“ជីវិតនិស្សិតនៅ SIM ពិតជាពោរពេញដោយបទពិសោធន៍សម្បូរបែប។ ក្នុងនាមខ្ញុំជាអ្នកណែនាំក្នុងក្រុមម្នាក់ ខ្ញុំបានអភិវឌ្ឍជំនាញពាក់ព័ន្ធជាច្រើន ដូចជាជំនាញភាពជាអ្នកដឹកនាំ និងជំនាញធ្វើការងារជាក្រុមជាដើម។ អ្វីដែលកាន់តែសំខាន់នោះ ខ្ញុំបានបង្កើតមិត្តភក្តិថ្មីល្អៗ ដែលជំរុញឲ្យខ្ញុំកាន់តែចង់យល់ដឹង និងមានគោលដៅកាន់តែខ្ពស់សម្រាប់អនាគត។ នៅ SIM ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាអ្វីដែលល្អបំផុតសម្រាប់ជីវិតខ្ញុំ។ នេះជាការលើកឡើង របស់ Vallie Ang Ye Qian និស្សិតមកពី ម៉ាឡេស៊ី សិក្សាបរិញ្ញាប័ត្រពាណិជ្ជកម្ម ជំនាញគណនី នៅសាកលវិទ្យាល័យ RMIT នៃប្រទេសអូស្ត្រាលី។
២. ទីក្រុងបៃតង ស្អាតមានអនាម័យ និងធានាសុវត្ថិភាព ៖
នៅសិង្ហបុរីពោរពេញដោយតំបន់ដែលមានធម្មជាតិបៃតង ត្រូវបានគេទទួលស្គាល់ថាជាទីក្រុងមួយក្នុងអាស៊ីដែលបៃតងបំផុត។ ស្ទើរតែ ៣០% នៃផ្ទៃទីក្រុង គឺជាតំបន់តែគ្របដណ្តប់ដោយធម្មជាតិបៃតង។ ផ្លូវថ្នល់នៃទីក្រុងនេះ ក៏ត្រូវបានគេទទួលស្គាល់ថាមានស្តង់ដារអនាម័យសាធារណៈខ្ពស់ និងធានាសុវត្ថិភាព ជាមួយនឹងការអនុវត្តច្បាប់តឹងរ៉ឹង តួយ៉ាងសិង្ហបុរីមានអត្រាឧក្រិដ្ឋកម្មទាបបំផុតនៅក្នុងពិភពលោក។
ដូច្នេះក្រៅពីម៉ោងសិក្សា អ្នកក៏អាចយកពេលសម្រាកខ្លះដើម្បីលម្ហែអារម្មណ៍ ចេញដើរលេងកម្សាន្តជាមួយមិត្តភក្ដិ រីករាយជាមួយភាពស៊ីវិល័យទីក្រុង និងពន្លឺភ្លើងពេលរាត្រីដោយមិនបារម្ភច្រើនពីសុវត្ថិភាពឡើយ។
៣. ការរស់នៅមានតម្លៃសមរម្យ ៖ បើចេះរៀបចំផែនការចាយរាយប្រុងប្រយ័ត្ន និងគម្រោងថវិកាត្រឹមត្រូវ ការរៀនសូត្រ និងរស់នៅសិង្ហបុរី អាចមានតម្លៃសមរម្យជាទីបំផុត។ នេះគឺជា ការបំបែកលម្អិតពីថ្លៃចំណាយប្រចាំខែសម្រាប់និស្សិតអន្តរជាតិ ប៉ាន់ប្រមាណចេញពី SIM Global Education’s International Student Prospectus
៤. សិង្ហបុរីជាទីកន្លែងគ្មានបែងចែក ជាតិសាសន៍ និងវប្បធម៌៖
លក្ខណៈពិសេសប្លែកគេនៃកោះកូននាគតូចនេះ គឺបើទោះជាមានទឹកដីតូច តែជាសង្គមធំទូលាយដែលប្រមូលផ្តុំជាតិសាសន៍ចម្រុះ ដែលត្រូវបានលើកទឹកចិត្តឲ្យបន្តថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអរិយធម៌គ្មានពីររបស់ពួកគេ។ នេះហើយដែលពួនផ្តុំបង្កើតបានជាសហគមន៍សិស្សចម្រុះជាតិសាសន៍នៅក្នុងបរិវេណសាលារៀនតែមួយ។
“ថ្វីត្បិតតែរស់នៅក្នុងបរិយាកាសនគរូបនីយកម្ម តែការដែលយើងអាចដកពិសោធន៍ពីវប្បធម៌ផ្សេងៗដោយផ្ទាល់ ផ្តល់ឲ្យយើងនូវអារម្មណ៍ផ្សេងមួយទៀត។ គ្រាន់តែធ្វើជាបុគ្គលសកម្មម្នាក់ និងប្រាស្រ័យទាក់ទងជាមួយមិត្តនៅជុំវិញខ្លួនខ្ញុំ ធ្វើឲ្យខ្ញុំអាចរៀនសូត្របានយ៉ាងច្រើន តាមរយៈការចូលរួមជាមួយ SIM” ។ នេះជាការលើកឡើងរបស់ Richard Lim និស្សិតបរិញ្ញាប័ត្រផ្នែកសិល្បៈទំនាក់ទំនង ពី សាកលវិទ្យាល័យ Buffalo នៃទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។
៥. ជាប្រទេសប្រើប្រាស់ភាសាអង់គ្លេសផ្លូវការលើគ្រប់វិស័យ៖
ថ្វីបើមានវប្បធម៌ និងជាតិសាសន៍ផ្សេងៗគ្នា ភាសាអង់គ្លេសគឺជាភាសាគោលប្រើប្រាស់ផ្លូវការក្នុងប្រព័ន្ធអប់រំ និង រដ្ឋបាលសាធារណៈនៅសិង្ហបុរី។
ដូច្នេះសិក្សានៅសិង្ហបុរី គឺជាឱកាសដ៏ល្អបំផុតមួយក្នុងការហ្វឹកហាត់ដុសសំលៀងភាសាអង់គ្លេសតាមរយៈប្រាស្រ័យទាក់ទងរាល់ថ្ងៃ ទាំងនៅក្នុង និងនៅក្រៅថ្នាក់រៀន ដែលមិនត្រឹមតែឲ្យអ្នកអាចរៀនពីវប្បធម៌ថ្មីៗជាច្រើនប៉ុណ្ណោះទេ អ្នកថែមទាំងកាន់តែស្គាល់ច្បាស់ពីសង្គមមួយដ៏ទូលំទូលាយ ដែលជំនាញទាំងនេះនឹងនៅជាមួយអ្នកពេញមួយជីវិតបើទោះអ្នកបញ្ចប់ការសិក្សាពីសិង្ហបុរីក៏ដោយ៕