• 2019-04-27 01:39:46
  • សេដ្ឋកិច្ច

ពពែ​លើ​ដើម​ឈើ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​របស់​ប្រទេស​ម៉ារ៉ុក ត្រូវ​គេ​រក​ឃើញ​​​រឿង​មិន​ប្រក្រតី

  • 2019-04-27 01:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ការ​ធ្វើ​ដំណើរ​ទៅ​ម៉ារ៉ុក​គឺ​មិន​ពេញលេញ​ទេ បើ​មិន​បាន​ទៅ​មើល​ពពែ​លើ​ដើម​ឈើ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រឿង​ទូទៅ និង មាន​ភាព​​អស្ចារ្យ​បំផុត​ដែល​មិន​មាន​ពពែ​ក្នុង​ប្រទេស​ណា​ផ្សេង​លើ​លោក​ធ្វើ​ដូច។

នៅម៉ារ៉ុកវាជារឿងធម្មតាដែលឃើញក្រុមពពែជា​ច្រើន អង្គុយនៅលើដើមឈើ

ប៉ុន្តែ​យោងតាម​អ្នក​បរិស្ថាន​ម្នាក់​បាន​ឱ្យ​ដឹង​ថា តំបន់​ពពែ​លើ​ដើម​ឈើ​​នៅ​តំបន់​ភ្នំ Souss Valley ជិត​ភាគ​ខាង​ត្បូង​ទីក្រុង តារ៉ូដាន់ (Taroudant) គឺ​ជា​ការ​រៀបចំ។

ជា​អ្នក​បរិស្ថាន​ និង ជា​អ្នកសារព័ត៌មាន​រូបថតជនជាតិ​អង់គ្លេស​ម្នាក់​ អារ៉ុន ហ្គេកូស្គី (Aaron Gekoski) កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រាប់ Telegraph ថា​លោក​ជឿជាក់​ថា​កសិករ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​បាន​បង្ខំ​សត្វ​ពពែ​ឲ្យ​ឡើង​ដើមឈើ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ហើយ​ពួកគេ​​គិត​លុយ​នៅ​ពេល​​ភ្ញៀវ​ទេសចរ​ថតរូប​ពពែ​ចម្លែក​ទាំង​នោះ។

អ្នកកាសែតរូបថត​លោក អារ៉ុន ហ្គេកូស្គី ជាមួយ​ពពែ​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក

វេបសាយ Culture Trip បាន​រៀបរាប់​ថា​ ជា​ធម្មតា​​ពពែ​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​ចូលចិត្ត​ឡើង​ដើម argan ណាស់​ដើម្បី​ស៊ី​ផ្លែ​របស់​វា​ ហើយ​ដើម​ argan សម្បូរ​បំផុត​នៅ Souss Valley។

នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​តែង​ជឿ​ថា​នេះ​ជា​ធម្មជាតិ​របស់​ពពែ​នៅ​ម៉ារ៉ុក អ្នកសារព័ត៌មាន​អង់គ្លេស Gekoski ​​យល់​ថា​វា​ជា​រឿង​ខុស​ប្រក្រតី ហើយ​បាន​ព្យាយាម​ស្វែង​រក​ការពិត។

ពពែត្រូវបានគេនិយាយថាត្រូវបានរក្សាទុកនៅក្នុងកសិដ្ឋាននៅពេលពួកវា​មិន​ឡើង​ដើម​ឈើ

ហ្គេកូស្គី បាន​និយាយ​ថា កសិករ​ខ្លះ​បាន​និយាយ​ថា​​ពួកគេ​បាន​​យក​ពពែ​ទៅ​ដាក់​លើ​ដើម​ឈើ​ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​ទេសចរ​ក្នុង​ការ​រក​ចំណូល។ បន្ទាប់​ពី​ឃើញ​ថា ​ទេសចរ​​ទាំង​នោះ​ចាប់​អារម្មណ៍ ពួកគេ​បាន​​ធ្វើ​ដូច្នោះ​ទៀត​ដើម្បី​លុយ។

ទេសចរ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ថតរូប​ជាមួយ​ពពែ

ពពែ​ទាំង​នោះ​ត្រូវ​បាន​គេ​ដាក់​វា​ចុះ​នៅ​ពេល​ល្ងាច​ និង យក​ពួកវា​មក​ទុំ​លើ​ដើម​ឈើ​ម្តង​ទៀត​ក្រោយ​ថ្ងៃ​រះ។

សត្វ​ខ្លះ​ត្រូវ​គេ​រាយការណ៍​ថា​​សុខភាព​មាន​ការ​ចុះ​ខ្សោយ ពីព្រោះ​​ឆាក​សម្ដែង​ទាំង​នេះ​មិន​មែន​ជា​ធម្មជាតិ​របស់​ពួកវា​ឡើយ ហើយ​ការ​ស៊ើបអង្កេត​របស់ ហ្គេកូស្គី​គឺ​ ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​គាត់​ដើម្បី​​បញ្ឈប់​ទេសចរណ៍​សត្វ​ព្រៃ៕

អាន៖ ការពិត ១០ យ៉ាង គិត​ខុសគ្នាដាច់ស្រលះអំពីទ្វីបអាហ្រ្វិក

អាន៖ ចង់​មាន​អារម្មណ៍​ថា​ត្រលប់​ទៅ​អតីត​កាល​ជាង ២៣០០​ឆ្នាំ​មុន? ក្រុង​បុរាណ Langzhong របស់​ចិន​នឹង​ធ្វើ​ឲ្យ​អ្នក​​​មាន​អារម្មណ៍​នេះ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់