- 2019-05-31 04:52:32
- ព័ត៌មាន
មេរៀនជីវិតពិត ៤ ពីតួ Iron Man ធ្លាប់ដុនដាបដល់បាត ប្រែមកជាកំពូលតារាដែលគេឯងស្ញប់ស្ញែង
- 2019-05-31 04:52:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិតពិត ៤ ពីតួ Iron Man ធ្លាប់ដុនដាបដល់បាត ប្រែមកជាកំពូលតារាដែលគេឯងស្ញប់ស្ញែង
ចន្លោះមិនឃើញ
បើអ្នកជាហ្វេន Avengers និង Iron Man អ្នកច្បាស់ជាស្គាល់មហាសេដ្ឋីរូបសង្ហារ Tony Stark ដែលមានឈ្មោះពិតថា Robert Downey Jr។ គិតត្រឹមឆ្នាំ២០១៩ នេះ លោកបានឈានចូលវ័យ ៥៤ឆ្នាំហើយ និងជាតារាហូលីវូជួរមុខគេមួយដ៏មានប្រជាប្រិយភាព ដែលត្រូវបានអ្នកគាំទ្រស្រលាញ់ និងស្ញប់ស្ញែងជាទីបំផុត។ មិនមែនព្រោះតែលោកសម្តែងជាតួអង្គ Superhero បានសមល្អឥតខ្ចោះតែមួយមុខទេ តែព្រោះលោកជាបុគ្គលគំរូម្នាក់ក្នុងសង្គម ដែលធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងជីវិត ហើយអាចងើបឈរឡើងកសាងជីវិតថ្មីដោយជោគជ័យ។
រំលឹកដល់ឆាកជីវិតដែលខ្មៅងងឹតក្នុងអតិតកាល Robert Downey Jr បាននិយាយថា «ត្រូវចងចាំ ទោះអ្នកបានធ្លាក់ដល់បាត មិនមែនមានន័យថាអ្នកត្រូវតែនៅទីនោះរៀងរហូតទេ»។
តើមានអ្វីខ្លះកើតឡើងខ្លះក្នុងជីវិតលោក?
កើតក្នុងឆ្នាំ ១៩៦៥ នៅសង្កាត់ ម៉ាហាតាន ក្នុងទីក្រុង New York ក្នុងត្រកូលអ្នកសិល្បៈដែលមានឪពុកជាផលិតករកុន ម្តាយជាតារាភាពយន្ត លោកត្រូវបានឪពុកដែលជាអ្នកប្រើគ្រឿងញៀនស្រាប់ នាំប្រើគ្រឿងញៀនតាំងពីអាយុ ៦ឆ្នាំមកម្ល៉េះ។
ចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០១ Robert Downey Jr ត្រូវបានចាប់ខ្លួនជាច្រើនដងពាក់ព័ន្ធនឹងបទឧក្រិដប្រើប្រាស់គ្រឿងញៀន។ លោកធ្លាប់ឆ្លងកាត់កម្មវិធីស្តារនិតិសប្បទារ និងព្យាយាមផ្តាច់គ្រឿងញៀនជាច្រើនលើកច្រើនសារតែមិនជោគជ័យសោះ ដោយកត្តានេះហើយថែមទាំងបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍លើកទី១របស់លោកទៀត ។ ដោយសារតែការប្រើប្រាស់គ្រឿងញៀនយ៉ាងជោកជាំ កាន់កាំភ្លើង ធ្វើឲ្យលោកត្រូវជាប់គុកជាច្រើនដង ហើយចុងក្រោយលោកក៏ត្រូវបានកាត់ទោសឲ្យជាប់គុក ១ឆ្នាំ។
អ្វីដែលធ្វើឲ្យជីវិតលោកផ្លាស់ប្តូរពីខ្មៅមកសនោះ គឺនៅឆ្នាំ ២០០៣ ពេលដែលលោកបានជួបស្នេហ៍ពិត គឺ Susan Levin ដែលជាប្រពន្ធបច្ចុប្បន្នរបស់លោក។ នាងបានទទូចឲ្យលោកត្រូវតែផ្តាច់គ្រឿងញៀនឲ្យបានជារៀងរហូត ទើបនាងព្រមរៀបការជាមួយ។ គឺគ្រានោះហើយ លោកបានសម្រេចចិត្តបោះចោលគ្រឿងញៀនទាំងអស់ ហើយចាប់ផ្តើមតាំងចិត្ត ធ្វើសម្មាធិ យូហ្គា និងហាត់ក្បាច់គុនជាច្រើនស្ទើរតែរៀងរាល់ថ្ងៃ និងចូលរួមវគ្គ ១២ជំហានជាដើម ដើម្បីជម្នះភាពញៀនរហូតដល់បានសម្រេច។
លោកបានសរសើរប្រពន្ធទី២របស់លោកថា ជាចំណែកដ៏ធំមួយ ជួយឲ្យលោកយកឈ្នះគ្រឿងញៀន និងទម្លាប់ស្រវឹងខួប ហើយបានត្រួសត្រាយផ្លូវឲ្យលោករកឃើញភាពជោគជ័យជាថ្មីក្នុងអាជីព ដោយលោកបានលើកឡើងដោយមានមោទនភាពថា «នៅក្រោយខ្នងបុរសល្អម្នាក់ តែងមានស្ត្រីដ៏អស្ចារ្យមួយរូប»។
សមរភូមដ៏ធំមួយទៀតក្នុងជីវិតរបស់ Robert Downey Jr គឺ នៅឆ្នាំ ២០១៨ ពេលលោកត្រូវបានអញ្ចើញឲ្យសម្តែងជាតួអង្គ Iron Man របស់ Mavel ដែលតួអង្គនេះហើយ ធ្វើឲ្យប្រជាប្រិយភាពរបស់លោកឡើងដល់ចំណុចកំពូល។ លោកបន្តឡើងកូដជាលំដាប់ក្នុងរយៈពេលជាង ១០ឆ្នាំ ជាតួ Iron Man ២ និង ៣ និង ការសម្តែងក្នុងរឿង Avengers, Age of Ultron, Captain America: Civil War, Spider-Man: Homecoming, Avengers: Infinity War ហើយក្នុងឆ្នាំ ២០១៩នេះ លោកបានធ្វើអ្នកគាំទ្រទប់ទឹកភ្នែកមិនបាន តាមរយៈការសម្តែងរបស់លោកក្នុងរឿងខ្នាតធំដែលរកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រភាពយន្តហូលីវូដ គឺ Avengers End Game។ បច្ចុប្បន្នលោកបានក្លាយជាតារាហូលីវូដដែលស៊ីថ្លៃជាងគេ ជាមួយទ្រព្យសម្បត្តិសរុប ៣០០លានដុល្លារ។
មេរៀនជីវិតរបស់ Robert Downey Jr បានបង្ហាញឲ្យឃើញថា គ្រប់គ្នាអាចធ្វើបានដរាបណាគេមានការតាំងចិត្តមោះមុត និងដឹងច្បាស់ពីគោលដៅដែលខ្លួនចង់ទៅដល់។ លោកបានផ្តាំផ្ញើរទៅមនុស្សគ្រប់គ្នា ថាគ្មានអ្នកណាម្នាក់ដែលមិនធ្លាប់ធ្វើខុសនោះទេ សំខាន់គឺត្រូវប្រឹងងាកមកដើរលើផ្លូវត្រូវវិញ ហើយសូមចងចាំថា៖
១. ផ្តោតបោះជំហានទៅមុខម្តងមួយជំហាន ម្តងមួយជំហានដោយយកចិត្តទុកដាក់បំផុត កុំតក់ក្រហល កុំទន្ទះសារ និងស្គាល់ពីអ្វីដែលខ្លួនឯងចង់បានឲ្យច្បាស់។
២. បើពិបាកខ្លាំង អ្នកអាចសុំជំនួយ កុំខ្មាសអៀនក្នុងការសុំឲ្យអ្នកជុំវិញខ្លួនជួយ ព្រោះអ្នកមិនអាចធ្វើរឿងគ្រប់យ៉ាងតែម្នាក់ឯងឡើយ។
៣. គ្មានពាក្យថាយឺតពេកទេ ក្នុងការផ្លាស់ប្តូរខ្លួនឯងឲ្យកាន់តែប្រសើរឡើង ហើយការហាត់ពត់លត់ដុំខ្លួន គឺគន្លឹះសំខាន់ “It's never too late to change yourself. Self-discipline is the key” ។ ដំបូងអ្នកត្រូវបង្កើតវិន័យក្នុងការរស់នៅជាប្រចាំថ្ងៃ ហើយធ្វើវាឲ្យក្លាយជាទម្លាប់។ ពេលដែលវាក្លាយជាទម្លាប់ អ្នកមិនចាំបាច់ត្រូវបង្ខំចិត្តធ្វើវាទៀតឡើយ។ ត្រូវចាំថា អ្នកគឺជាម្ចាស់នៃវាសនាខ្លួនឯង និងជាអ្នកបង្កើតអនាគតផ្ទាល់ខ្លួន។ បើអ្នកចង់រស់នៅដូចអ្វីដែលអ្នកស្រមៃចង់បាន អ្នកត្រូវតែចាប់ផ្តើមធ្វើអ្វីម្យ៉ាងពីឥលូវនេះ។
៤. ត្រូវជឿជាក់ថា ទេពកោសល្យ និងការប្រឹងប្រែងពិតប្រាកដ នឹងធ្វើឲ្យគ្រប់គ្នាមើលរំលងកំហុសឆ្គងកាលពីមុនរបស់អ្នក៕