- 2019-06-07 07:16:39
- ព័ត៌មាន
ដឹងអត់! ម្ចាស់ហាងបោកអ៊ុតយក្សា បរាជ័យស្ទើរចង់សម្លាប់ខ្លួន ព្រោះជំពាក់បំណុលគេវ័ណ្ឌក
- 2019-06-07 07:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! ម្ចាស់ហាងបោកអ៊ុតយក្សា បរាជ័យស្ទើរចង់សម្លាប់ខ្លួន ព្រោះជំពាក់បំណុលគេវ័ណ្ឌក
ចន្លោះមិនឃើញ
«លំបាកបំផុតឆ្នាំ ២០០៩ មិត្តភ័ក្ដិ ម្ចាស់បំណុល គេទារលុយ ជំពាក់គេរហូត ២០ម៉ឺនដុល្លារ ខ្ញុំមានអារម្មណ៍ថា រកលុយពីណាបាន។ ពេលហ្នឹងខ្ញុំចេះតែដើរៗ ដល់ខេត្តព្រះវិហារ ចង់សម្លាប់ខ្លួនថាស្រួលជាង ព្រោះមិនដឹងរកលុយឯណាបានសងគេ តែនឹកឃើញសព្វបែបយ៉ាងត្រឡប់មកពីព្រះវិហារវិញលែងចង់សម្លាប់ខ្លួន ក៏ប្រឹងប្រែងរកស៊ីទាំងលំបាកលំបិន»។ នេះជាពាក្យពេចន៍ លោក ហែម ហេម៉ា ម្ចាស់ហាងបោកអ៊ុតយក្សា នៅខេត្តសៀមរាប ដែលបានប្រាប់ក្រុមការងារ Sabay កាលពីពេលកន្លងមក។
ចាប់តាំងពីចេះរកស៊ីនៅអាយុ ១៩ឆ្នាំ គឺនៅចន្លោះឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០០៩ លោក ហែម ហេម៉ា បានបរាជ័យលើមុខរបរជាច្រើន ដូចជា៖
១. ហាងលក់ទូរសព្ទ
២. ហាងអ៊ិនធឺណេត
៣. រោងពុម្ព
៤. សាលារៀន
៥. ហាងកាហ្វេ
៦. ហាងម៉ាស្សា
៧. កន្លែងបោកអ៊ុត
៨. ភោជនីយដ្ឋាន
៩. រកស៊ីកួកជេដី និង ចងការ។
ការបរាជ័យខាងលើនេះ បុរសវ័យ ៣៨ឆ្នាំ បានរកឃើញមូលហេតុនោះ គឺ៖
ទី១ បណ្ដាលមកពីអត់ទាន់មានអាជីពច្បាស់លាស់
ទី២, មិនទាន់មានចំណង់ពិតប្រាកដ (រកស៊ីតាមគេ) និង
ទី ៣ ការតស៊ូនៅមានកម្រិត។
ក្រោយរកឃើញពីមូលហេតុនៃការបរាជ័យនេះ បុរសដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ ហើយមករស់នៅក្នុងខេត្តសៀមរាបអំឡុងឆ្នាំ ២០០៧ បានរៀនសូត្រពីការបរាជ័យ ហើយបានបើកមុខរបរបោកអ៊ុតឡើងវិញនៅចុងឆ្នាំ ២០០៩ ជាមួយភរិយា ដោយព្យាយាមរកទំនុកឲ្យស្រួលជាងមុន ដើម្បីផ្ដល់សេវាកម្មដល់អតិថិជន។
ដើម្បីជម្នះនូវការលំបាក ដើម្បីរកប្រាក់សងគេឲ្យបានលឿន លោក ហែម ហេម៉ា ក្រៅពីបើកមុខរបរបោកអ៊ុត មុខរបរអ្វីក៏ធ្វើដែរ ដូចជា កួកជេម៉ូតូ រើសអេតចាយ និងកាត់បន្ថយការចំណាយបំផុត ដោយស្ទើរតែអាហារ ៣ពេល ញុំាតែពងទា។ «កាលនោះខ្ញុំញុំាពងទា ១សប្ដាហ៍មិនក្រោម ១០០ គ្រាប់ទេ ខ្ញុំវា ព្រឹក ថ្ងៃ ល្ងាចស្ទើររៀងរាល់ថ្ងៃ»។
ក្រៅពីកាត់បន្ថយការចំណាយ និងប្រឹងប្រែងតស៊ូ ២នាក់ ប្ដី ប្រពន្ធនោះ លោកក៏ទទួលបានប្រឹក្សាជាច្រើនពីអ្នករកស៊ី បន្ទាប់ពីពិបាកចិត្តពេកគេងមិនលក់ តែងតែងើបឡើងម៉ោង ៤ទាបភ្លឺ ទៅញុំាកាហ្វេហើយជួបសុទ្ធតែអ្នករកស៊ី ហើយក៏បានទទួលការណែនាំជាច្រើន ដើម្បីកែលម្អអាជីវកម្មរបស់ខ្លួន។
នៅចុងឆ្នាំ ២០០៩ បោកអ៊ុតទំនើប ដែលប្រើប្រាស់ម៉ាស៊ីនចាស់ៗ និងការផ្ដល់សេវាល្អដល់អតិថិជន បានពង្រីកសាខាជាច្រើនកន្លែងរហូតអាចលក់ ហ្វេនឆាយ ថែមទៀត។ បោកអ៊ុតទំនើប គឺជាមុខរបរប្រឹងប្រែងដោយប្ដី ប្រពន្ធ របស់លោក ហើយក្រោយមកទៀតលោកបានបើកហាងបោកអ៊ុតមួយទៀត ដែលមានឈ្មោះថា «យក្សាបោកអ៊ុត» ដែលជាការឌីហ្សាញដោយលោកផ្ទាល់។
បច្ចុប្បន្ននេះ លោកហែម ហេម៉ា មានអាជីវកម្មក្នុងដៃជាច្រើនកន្លែង ប៉ុន្ដែ លោកទម្លាយឲ្យដឹងតែមុខរបរបមួយចំនួន ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧នេះ ដែលអាជីវកម្មជោគជ័យបំផុតនោះ គឺបោកអ៊ុតទំនើប, យក្សាបោកអ៊ុត, ហាងនំម៉ាយ៉ាកុ, និងយក្សាព្រីនធីង។
ក្រោយពីរៀបការនៅឆ្នាំ ២០០៧ លោក ហែម ហេម៉ា មានតំណក់ឈាមកូនស្រី ២នាក់ ដោយបានបញ្ជាក់ថា ថ្វីត្បិតសព្វថ្ងៃនេះ មានអាជីវកម្មក្នុងដៃច្រើនក៏ដោយ ប៉ុន្ដែ នៅមិនទាន់ចាត់ទុកថាជោគជ័យនៅឡើយទេ ដោយឈរលើទ្រឹស្ដីមួយថា «ភាពស្កប់ស្កល់ទើបភាពជោគជ័យ»។ ន័យត្រង់នេះ លោកពន្យល់ថា ប្រសិនបើម្នាក់ៗនៅតែរកលុយ ហើយមិនស្កប់ស្កល់នោះ មិនទាន់ជោគជ័យនៅឡើយទេ។
ឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើនលើវិស័យជំនួញ លោក ហែម ហេម៉ា បានចែករំលែកបទពិសោធន៍ថា កត្តាជំរុញឲ្យជោគជ័យឈរលើគោលការណ៍ ៣ រួមមាន៖ ដើមទុន, យីអ៊ុន, និង បញ្ញា។
១. ដើមទុន៖ ពាក្យនេះសំដៅសំខាន់គឺទុនជីវិត, មិត្តភ័ក្ដិ, និង លុយ។
២. យីអ៊ុន ៖ ពាក្យនេះ មិនសំដៅដល់ផ្លូវក្នុងនោះទេ ន័យយីអ៊ុននេះចង់សំដៅដល់ឱកាស និងវេលាសមស្របណាមួយ។
៣. បញ្ញា ៖ ចង់ក្លាយជាអ្នករកស៊ីជោគជ័យ គឺត្រូវរៀនសូត្រជានិច្ច ដោយចូលរួមសកម្មភាពផ្សេងៗ ក្នុងសង្គម។ រៀនសូត្រត្រូវបែងចែកចេញជាពីរទៀត គឺសៀវភៅធំ និង សៀវភៅតូច។ សៀវភៅធំ សំដៅដល់ការរៀនសូត្រពីសង្គម ឯសៀវភៅតូចគឺរៀនពីសាលា។ ៣ចំណុចខាងលើនេះ លោក ហែម ហេម៉ា រមែងចងចាំ និងចាត់ទុកនាំឲ្យលោកឆ្លងផុតការលំបាកទាំងអំបាលម៉ាន៕