• 2016-11-29 03:02:48
  • ចរាចរណ៍

១០​ចំណុច​សំខាន់ៗ​ ជា​​មូលហេតុ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​

  • 2016-11-29 03:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​កក​ស្ទះ​ចរាចរណ៍​ កំពុង​ធ្វើ​ឱ្យ​មាន​ការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​កំពុង​រក​ដំណោះ​ស្រាយ​។ ការ​កក​ស្ទះ​ចរាចរណ៍​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​មិន​ល្អ ដល់​​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍ លើកឡើង​ពី​មជ្ឈដ្ឋាន​នានា៖

១.មិន​គោរព​ភ្លើង​ និង​ផ្លាក​សញ្ញា​ចរាចរណ៍៖

តាម​ការ​លើក​ឡើង​របស់​ ​កញ្ញា រាឌី ដែល​កំពុង​សិក្សា MBA យល់​ថា ប្រការ​ដែល​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ជា​រៀងរាល់​ថ្ងៃ​នោះ គឺ​ដោយសារ​ការ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ផ្លាក​សញ្ញា​ចរាចរណ៍។ អ្នក​បើកបរ​ភាគច្រើន​បំផុត​ នៅ​ពេល​ដែល​ឃើញ​ភ្លើង​ក្រហម​ហើយ​នៅ​តែ​ទៅ​មុខ​ទៀត ហើយ​មួយ​ចំនួន​ទៀត​ពេល​ឃើញ​ភ្លើង​ពណ៌​លឿង​ហើយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ទេ​ បែរ​ជា​បន្ថែម​ល្បឿន​ទៅ​វិញ​។ ដូច្នេះ​គឺ​ធ្វើ​អោយ​ប៉ះពាល់​អ្នក​ដែល​មាន​អាទិភាព​ត្រូវ​ទៅ​គឺ​មានន័យ​ថា​អ្នក​ដែល​ភ្លើង​ខៀវ​មក​ដល់​បែរ​ជា​មិន​បាន​ទៅ​មុខ​ទៅ​វិញ។ ការ​បើកបរ​បែប​នេះ​គឺ​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ​ទៅ​ណា​មិន​រួច​ទេ ដោយសារ​តែ​អ្នក​គោរព​នៅ​តែ​គោរព​ រីឯ​អ្នក​មិន​គោរព​នៅ​តែ​មិន​គោរព​ ទៅ​មុខ​មិន​កើត​បក​ក្រោយ​មិន​បាន​ ចុង​ក្រោយ​ស្ទះ​ទាំង​អស់​គ្នា។

២. អ្នក​បើក​បញ្ច្រាស​ផ្លូវ៖

កញ្ញា ​រាឌី បាន​បន្ត​ទៀត​ថា​ កត្តា​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​កកស្ទះ​នោះ​ ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បើកបរ​បញ្ច្រាស​ផ្លូវ​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​អានាធិបតេយ្យ​កាន់​តែ​ខ្លាំង។ ហើយ​ការ​បើកបរ​បញ្ច្រាស​ផ្លូវ​នេះ​ដែរ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​រូបភាព​មិន​ល្អ​នោះ​ទេ វា​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ជម្លោះ​ពាក្យ​សម្ដី​ នឹង​ឈាន​ទៅ​រក​ការ​បង្ក​អំពើ​ហិង្សា ជាពិសេស​គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​តែ​ម្ដង។

៣. បើកបរ​លើ​ផ្លូវ​អាទិភាព​របស់​អ្នក​ដទៃ​៖

ការ​បើកបរ​បំពាន​លើ​ផ្លូវ​អាទិភាព​នេះ​ ក៏​ជា​ចំណែក​មួយ ​ក្នុង​ការ​បង្កើន​ឱ្យ​មាន​ការ​កកស្ទះ​កាន់​តែ​ខ្លាំង មានន័យ​ថា អ្នក​បើកបរ​មិន​បាន​ដឹង​ពី​ច្បាប់​ទម្លាប់​ថា ផ្លូវ​ណា​សម្រាប់​រថយន្ត ផ្លូវ​ណា​សម្រាប់​ម៉ូតូ​នោះ​ទេ គឺ​រំលោភ​បំពាន​លើ​ផ្លូវ​អាទិភាព​របស់​គេ។ មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មាន​រូប​ភាព​បែប​នេះ គឺ​មក​ពី​អ្នក​បើកបរ​ទាំង​ឡាយ​ចង់​ប្រជែង​ទៅ​មុខ​រៀង​ខ្លួន​។នេះ​ជា​ការ​យល់​ឃើញ​របស់​កញ្ញា រាឌី។

៤. ការ​ចត​យានយន្ត​លើ​ចិញ្ចើម​ផ្លូវ​៖

សម្បត្តិ​ និស្សិត​ផ្នែក​វិស្វកម្ម​បាន​លើក​ឡើង​ជុំវិញ​បញ្ហា​នេះ​ថា៖ "បាទ​បង​ខ្ញុំ​សង្កេត​ឃើញ​បញ្ហា​នេះ កើត​ឡើង​រាល់ថ្ងៃ​គឺ​ ការ​ចត​យានយន្ត​លើ​ចិញ្ចើម​ផ្លូវ ដែល​ជា​ផ្លូវ​អាទិភាព​ក្នុង​ការ​បើកបរ​ ជួន​កាល​អ្នក​ខ្លះ​ចូល​ទៅ​ញ៉ាំ​អី​ចឹង​ទៅ ធ្វើការ​ចត​យានយន្ត​ទុក​ចោល​រាប់​ម៉ោង មិន​ខ្វល់​ថា​ផ្លូវ​ចង្អៀត​ប៉ុណ្ណា​ទេ។ មួយ​វិញ​ទៀត កន្លែង​ញ៉ាំ​អី​មួយ​ចំនួន​មិន​មាន​កន្លែង​ចត​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ គឺ​យក​ចិញ្ចើម​ផ្លូវ​មក​ធ្វើ​កន្លែង​ចត​របស់​គាត់​តែ​ម្ដង។ បើ​អ្នក​ខ្លះ​វិញ​ឈប់​និយាយ​ទូរស័ព្ទ​ធ្វើ​ព្រងើយ ហើយ​មិន​ដឹង​ថា​គេ​គ្រប់​គ្នា​កំពុង​ស្ទះ​ប៉ុណ្ណា​ទេ​"។

៥. មិន​ចេះ​អធ្យាស្រ័យ​​ឱ្យ​គ្នា៖

សម្បត្តិ​បាន​លើក​ឡើង​មួយ​ចំណុច​ទៀត​ថា​៖ បញ្ហា​ចម្បង​សំខាន់​មួយ​ទៀត​នោះ​គឺ អ្នក​បើកបរ​គ្រប់​គ្នា​នឹង​មិន​ចេះ​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទេ គឺ​បើកបរ​យក​ឈ្នះ​យក​ចាញ់​ ចង់​ប្រញាប់​រៀង​ខ្លួន។ ខ្ញុំ​ឃើញ​ទិដ្ឋភាព​នេះ​កើត​ឡើង​រាល់​ថ្ងៃ មាន​ទាំង​អ្នក​ជិះ​បញ្ច្រាស​ផ្លូវ ជិះ​លើ​ផ្លូវ​អាទិភាព​របស់​គេ ឡាន ម៉ូតូ កង់​បី ជិះ​ឱ្យ​តា​ពាស​ពេញ​ផ្លូវ។ ហើយ​បើ​ថា​ជិះ​ប៉ះ​ពារ​គ្នា​បន្តិច​បន្តួច​មិន​ព្រម​បញ្ចប់​រឿង​ទេ គឺ​នៅ​ឈ្លោះ​យក​ឈ្នះ​យក​ចាញ់ នៅ​លើ​ផ្លូវ​ ចឹង​ហើយ​បាន​ជា​កកស្ទះ​រាល់​ថ្ងៃ​ស្ទើរ​ដក​ដង្ហើម​មិន​រួច​។

​​៦. ជួសជុល​ផ្លូវ៖​

​នៅ​ត្រង់​ចំណុច​នេះ លោកពូ លឹមហេង មុខរបរ​រត់​កង់​បី​បាន​លើក​ឡើង​ថា មូល​ហេតុ​មួយ​ទៀត​ដែល​បណ្ដាល​ឱ្យ​មាន​ការ​កកស្ទះ នោះ​ដោយសារ​ការ​ជួសជុល​ផ្លូវ​ ជាក់​ស្ដែង​ផ្លូវ​ច្បារ​អំពៅ ជួសជុល​ជា​រៀង​រាល់​ថ្ងៃ​រាប់​ឆ្នាំ​ហើយ​មិន​ដឹង​ថ្ងៃ​ណា​រួចរាល់​នោះ​ទេ។ ការ​ជួសជុល​នេះ​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មាន​ផល​វិបាក​ជា​ខ្លាំង​ព្រោះ​នៅ​លើ​ផ្លូវ សុទ្ធតែ​គ្រឿង​ចក្រ​ជួសជុល​ផ្លូវ​ ដូចនេះ​បង្ក​ឱ្យ​ការ​ធ្វើ​ដំណើរ​យឺត​យ៉ាវ​ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​ទៀត​ផង​។

៧. ការ​លក់​ដូរ​លើ​ចិញ្ចើម​ផ្លូវ៖​

ការ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​នេះ គឺ​ជា​រឿង​គួរ​យក​ចិត្ត​ទុកដាក់​បំផុត​ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​កាន់​តែ​មាន​ផល​វិបាក ហើយ​ក៏​ធ្វើ​ឱ្យ​មាន​ភាព​អានាធិបតេយ្យ​ ក្នុង​ទី​ក្រុង​ផង​ដែរ​។ អ្នក​លក់​ដូរ​ទាំង​ឡាយ​គួរ​គិត​ឡើង​វិញ ពីព្រោះ​យូរ​ទៅ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​បែរ​ជា​កន្លែង​លក់ដូរ​ទៅវិញ។ អ្នក​លក់​ដូរ​ទាំង​អស់​គួរ​រក​តូប​លក់​ដូរ​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​មិន​ត្រឹម​តែ​អាច​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នោះ​ទេ តែ​ធ្វើ​វា​ធ្វើ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ទៀត​ផង​។ នេះ​ជា​ការ​លើក​ឡើង របស់​លោកពូ លឹមហេង​។

៨. កំណើន​យានយន្ត៖

សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ឯក​ជន​មួយ​សុំ​មិន​បញ្ចេញ​បាន​លើក​ឡើង​ថា កំណើន​យានយន្ត​កាន់​តែ​កើន​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​កត្តា​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ល្អ​ប្រសើរ។ ដូចនេះ​ពួកគាត់​មាន​លទ្ធភាព​ទិញ​រថយន្ត ម៉ូតូ ថ្មីៗ​ កាន់​តែ​ច្រើន​ឡើង ចំណែក​ឯ​ផ្លូវ​មិន​បាន​មិន​បាន​កើន​ឡើង​ទៅ​តាម​កំណើន​យានយន្ត​នោះ​ទេ ដូចនេះ​មនុស្ស​ជិះ​រថយន្ត ម៉ូតូ​ កាន់​តែ​ច្រើន​ធ្វើ​ឱ្យ​ការ​កកស្ទះ​ចរាចរណ៍​កាន់​តែ​ខ្លាំង​។

៩. កំណើន​ប្រជាជន៖

សាស្ត្រាចារ្យ​រូប​នេះ បន្ត​ទៀត​ថា ​ប្រជាពលរដ្ឋ​ដែល​ចំណាក​ស្រុក​មក​ពី​បណ្ដា​ខេត្ត ចូល​មក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​កាន់​តែ​ច្រើន ដូចជា​សិស្ស​និស្សិត កម្មករ​កម្មការ​នី មក​ធ្វើ​ការ​កាន់​តែ​ច្រើន ការ​ធ្វើ​ដំណើរ​ទៅ​សាលា​ទៅ​ធ្វើ​ការ​កាន់​តែ​ច្រើន ចំណែក​ផ្លូវ​តូច​ចង្អៀត​ទៀត​ធ្វើ​ឱ្យ​មាន​បញ្ហា​កកស្ទះ​ជា​ប្រចាំ​ថ្ងៃ​។

១០. ​ប្រជាពលរដ្ឋ​មិន​ទាន់​ចេះ​ប្រើ​សេវា​សាធារណៈ

សេវា​សាធារណៈ​ត្រង់​ចំណុច​នេះ​គឺ​សំដៅ ទៅ​លើ​រថយន្ត​ក្រុង​សាធារណៈ​ដែល​កំពុង​ដឹក​ជញ្ជូន​អ្នក​ធ្វើ​ដំណើរ​ជា​រៀងរាល់​ថ្ងៃ។ ប៉ុន្តែ​ចំនួន​អ្នក​ប្រើ​សេវា​​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ ជា​ពិសេស​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ នៅ​មិន​ទាន់​ធំ​ទូលាយ​នោះ​ទេ មាន​ន័យ​រថយន្ត​ដឹក​អ្នក​ដំណើរ​មាន​ចំនួន​តិច ហើយ​ដឹក​តែ​ផ្លូវ​ធំៗ​ប៉ុណ្ណោះ​។ ដូចនេះ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន ទៅ​លើ​សេវា​សាធារណៈ ហើយ​រដ្ឋ​បង្កើត​ឱ្យ​មាន​រថយន្ត​នេះ​កាន់​តែ​ច្រើន​គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​ទីក្រុង​ផង​ដែរ​។ តាមការបញ្ជាក់បន្ថែមពី សាស្រ្តាចារ្យរូបនេះ៕

​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ​

មតិយោបល់