• 2019-06-11 06:37:52
  • សេដ្ឋកិច្ច

អ្នក​ជំនាញ​៖ម្ចាស់​ផ្ទះ​ជួល​នៅ​ព្រះសីហនុ​អាច​ជួប​វិបត្តិ​​នៅ​ថ្ងៃ​ណាមួយ​ បើ​មិ​ន​បាន​​ត្រៀម​ខ្លួន​ជាមុន​

  • 2019-06-11 06:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ម្ចាស់​ផ្ទះ​ជួល​នៅ​ខេត្ត​ព្រះ​សីហនុ​​ កំពុង​ត្រូវប៉ាន់​ខ្លាំង​​ពី​អ្នក​ជួល​ជនជាតិ​ចិន​​​ ​អ្នក​ជំនាញ​​ផ្នែក​អចលនៈ​ទ្រព្យ​​បាន​​រំលឹក​​ដល់​​ម្ចាស់​ទាំង​នោះ​ គួរ​ត្រៀម​ខ្លួន​ ឬ​ រៀប​ជើង​ព្រួល​ឱ្យ​បាន​ល្អ​ ដើម្បី​ជៀស​ផុត​ពី​វិបត្តិ​​នានា​នៅ​ថ្ងៃ​ក្រោយ​។

លោក​​ គឺម ហ៊ាង អគ្គនាយក​​ក្រុមហ៊ុន​ខ្មែររៀលអ៊ីស្ទេត​ បា​ន​ឱ្យ​​ដឹង​ថា ម្ចាស់​ផ្ទះ​ជួល​ដែល​កំពុង​​​ត្រូវ​ប៉ាន់​ និង​អាច​រកចំណូល​បាន​ខ្ទង់​ពាន់​ និង​ម៉ឺន​​ដុល្លារ​ ក្នុង​មួយ​ខែ គួរ​ប្រើ​ប្រាស់​ថវិកា ​ឱ្យ​មាន​ប្រសិទ្ធភាព​ ព្រោះ​ពេល​ណាមួយ​ ដែល​សំណង់​​របស់​អ្នក​វិនិយោគ​គិន​​ចិន​សាងសង់​រួ​ច ​​គឺ​ជនជាតិ​ចិន​ទាំង​នោះ ​នឹង​រើ​ទៅ​ស្នាក់នៅ​អគារ​ខុនដូរ ​​ឬ​សំណង់​របស់​ចិន​គ្នា​គេ ​ជាក់​ជា​មិន​ខាន។ ជនជាតិ​ចិន ​គឺជា​ជាតិ​សាសន៍​មួយ​ ដែល​ជាតិ​និយម ទាំង​រកស៊ី​ ​ធ្វើ​ការ និង​​ចូល​ចិត្ត​រស់​នៅ​ម្តុំ​​គ្នា​។

ជនជាតិ​ចិន​អាច​​ជួល​ផ្ទះ​​ច្រើន​បំផុត​​ ៥ ឆ្នាំ​ និង​ហ៊ាន​ជួល​ក្នុង​តម្លៃ​ថ្លៃ​ ដោយ​សារ​ដាច់ខាត​​ត្រូវ​តែ​មាន​ទីតាំង​​ធ្វើ​អាជីវកម្ម​ ខណៈ​បច្ចុប្បន្ន​​អាគារ​ខុនដូរ​ប្រមាណ​ជា ១៥ ០០០​ យូនីត​ ទៅ​ ២០ ០០០​យូនីត​កំពុង​សាងសង់ និង​ខ្លះ​បាន​សាងសង់​រួច​។ “អញ្ចឹង​នៅ​ពេល​សំណង់​ចិន​ហើយ គេ​នឹង​ឈប់​ជួល​ ព្រោះ​គេ​ជួល​យើង​​៣ឆ្នាំ​ ៥ ឆ្នាំ​ហើយ​​។ អញ្ចឹង​ផ្ទះ​យើង​កាល​ពី​ឆ្នាំ ​២០១២ ឬ ២០១៣ ជួល​តម្លៃ​ ១ ២០០ដុល្លារ ឥឡូវ​ឡើង​​ដល់ ៣ ០០០ដុល្លារទៅ​ ៥ ០០០ដុល្លារ​ គឺ​គេ​ឈប់​ជួល​ គេ​នឹង​ទៅ​កន្លែង​គេ​ ហើយ​ភ្ញៀវ​ថ្មី​មក​​នឹង​ទារ​លើ​ស​ អញ្ចឹង​យើង​​ឡើង​ដល់​កម្រិត​មួយ​​ឈប់​ឡើង​​ តែ​ចុះ​វិញ​ក៏​ចុះ​មិន​កើត​”។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​កុំ​រំពឹង​ជនជាតិ​ចិន​ជួល​ផ្ទះ​រហូត​ដល់​ ១០ ឆ្នាំ​ទៅ ២០ ឆ្នាំ​ ឱ្យ​សោះ​ គឺ​មិន​អាច​ទេ។ ក្បួន​នៃ​ការ​រក​ស៊ី​របស់​ជនជាតិ​ចិន​គឺ វ៉ៃ​រហ័ស​ដក​រហ័ស​មាន​ន័យ​ថា​ មក​ដូច​ទឹក​ធ្លាក់​ពី​លើ​ភ្នំ ប៉ុន្តែ​ក៏​ឆាប់​អស់​ដូច​គ្នា​យ៉ាង​ដូច្នេះ​ដែរ។ ជប៉ុន​គិត​១០ ឆ្នាំ​បាន​ចាប់​ផ្តើម​ធ្វើ​ ហើយ​បើ​ធ្វើ​គឺ​ ១០០ឆ្នាំ​ ប៉ុន្តែ​ចិន​​គិត​មួយ​​ឆ្នាំ​ គឺ​ចាប់​ផ្តើម​ធ្វើ ​ភ្លាម​ មាន​ន័យ​ថា ធ្វើ​លឿន ទៅ​វិញ​ក៏​លឿន​ដែរ។ ​

លោក​បាន​បន្ថែម​ថា ជនជាតិ​ចិន​នៅ​ពេល​​ទៅដល់​ប្រទេស​ណាមួយ ​​គឺ​គេ​និយម​បង្កើត​តំបន់​ China Town ​។ China Town ​គឺ​ជា​តំបន់​មួយ​ ដែល​អាច​ឱ្យ​ជន​ជាតិ​ចិន​រក​ស៊ី​ផ្តុំ​គ្នា​ រាប់​សិប​តូប ហាងទំនិញ​ និង​ក្រុមហ៊ុន​ជាដើម​។ យ៉ាង​ណា​មិញ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ China Town នៅ​ឡើយ។

ឥឡូវ​ឧទាហរណ៍​ថា នៅ​សង្កាត់​លេខ​១ មាន​ហាង​ចិន​ ១០ សង្កាត់​លេខ​២ មាន​ហាង​ចិន ១០ សង្កាត់​លេខ​៣​ មាន​ហាង​ចិន​១០ ទៅ​ថ្ងៃ​ក្រោយ​គាត់​អាច​​ឈប់​ជួល​ហើយ​ គាត់​នឹង​ដាក់​ផ្តុំ​​គ្នា​តែ​ម្តង​។ នេះ​គឺ​ជា​ក្បួន​រក​ស៊ី​របស់​ចិន នៅ​អាមេរិក​ ឬ​នៅ​អ៊ឺរ៉ុប​ឱ្យ​តែ​មាន​ China Town នៅ​កន្លែង​ណា គឺ​គាត់​រស់​នៅ​ជុំ​គ្នា​ម្តុំ​ហ្នឹង”៕

អត្ថបទ៖ សុផល

មតិយោបល់