• 2019-06-17 08:20:19
  • សេដ្ឋកិច្ច

៣ ​ស្នៀត​ពី​លោក​​ គឹម ហ៊ាង ដើម្បី​ក្លា​យ​ជា​បុគ្គល​​ជោគជ័យ ​ក្នុង​វិស័យ​ដីធ្លី

  • 2019-06-17 08:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់​បទពិសោធន៍​ខាង​ទិញ​លក់​ដីធ្លី​រយៈ​ពេល​​១៥​ឆ្នាំ ​លោក​ គឹម ហ៊ាង ​អគ្គនាយក​​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទេត​(KHMER REAL ESTATE ) ដែល​មនុស្ស​ភាគ​ច្រើន​​​បាន​ចាត់​ទុក​ជា​បុគ្គល​ជោគជ័យ​មួយ​ក្នុង​វិស័យ​នេះ ​​បាន​​ចែក​រំ​លែក​នូវ​យុទ្ធសាស្ត្រ​ផ្ទាល់​ខ្លួន ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ Sabay លោក​បាន​​គូស​បញ្ជាក់​នូវ​ចំណុច​បី​​​ធំ​ៗ ដែល​​នាំ​ឱ្យ​ជោគជ័យ​នោះ។

  • ​ទី​១ ការ​តាំង​ចិត្ត ៖ ​ការ​តាំង​ចិត្ត ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះ​មុខ ​គឺជា​ចំណុច​សំខាន់​មួ​យ​នាំ​ទៅ​រក​ភាព​ជោយជ័យ​​។ លោក​មិន​មាន​​ពេលវេលា​ឈប់​សម្រាក​ថ្ងៃ​សៅរ៍-អាទិត្យ​ ឬថ្ងៃ​បុណ្យ​ទាន សម្រាក​ថ្ងៃ​ត្រង់​ និង​ផឹក​ស៊ី​ឡើយ​។​ពោល​គឺ​ធ្វើ​ការងារ​ពេញ​មួយ​សប្តាហ៍​៧ថ្ងៃ មួយ​​ឆ្នាំ ៣៦៥ ថ្ងៃ ធ្វើ​​ដោយ​​ផ្ចិត​ផ្ចង់​បាញ់​ឆ្ពោះ​ទៅ​គោលដៅ នោះ​គឺ​វិស័យ​ដីធ្លី​តែ​ម្តង។

  • ទី​២ ចំណេះ​ថា និង​ចំណេះ​ធ្វើ ៖ ត្រង់​ចំណុច​នេះ​លោក​មាន​តាំង​​ពីរៀន​​ថ្នាក់​បរិញ្ញាបត្រ​ រហូត​ដល់​បណ្ឌិត ខណៈ​មុន​ដំណើរ​ការ​ក្រុមហ៊ុន ដែល​ប្រើប្រាស់​ទុន​ប្រមាណ​​​ ១០០០​ដុល្លារ​ លោក​បាន​​ឆ្លង​កាត់​ការងារ​ជា​ភ្នាក់ងារ​នាំ​ភ្ញៀវ​ទិញ​ដី​ និង​ចេះ រក​លុយ​តាំង​ពី​មិន​ទាន់​ចូល​រៀន​មហាវិទ្យាល័យ​។  

  • ទី​៣ ព្រហ្មលិខិត​ ៖ កុំ​តូច​ចិត្ត​នឹង​វាសនា ​កុំ​តវ៉ា​នឹង​ព្រហ្មលិខិត គឺ​ជា​ពាក្យ​ដែល​គេ​តែង​លឺ​ជា​រើយ​ៗ។ សម្រាប់​លោក​ គឹម ហ៊ាង មាន​ការ​តាំង​ចិត្ត ស្មើនឹង​មាន​​ភាព​ជោគជ័យ​ ៣០% មាន​ចំណេះ​ថា និង​ចំណេះ​ធ្វើ​ស្មើ​៣០​% ។ ចំណែក​ ៤០​%​ទៀត​គឺ​ព្រហ្មលិខិត​។ លោក​​​កាក់កប​​​ទៅ​​នឹង​វិស័យ​ដីធ្លី និង​អចលនៈ​ទ្រព្យ ខណៈ​អ្នក​ខ្លះ​ខំ​មែន​ ប៉ុន្តែ​ស្ទើរ​​ទាំង​ចំណេះ​ថា និង​ចំណេះ​ធ្វើ​។ចំណែក​អ្នក​ខ្លះ​ខំ​ក៏​ខំ​ ចំណេះ​ថា និង​ចំណេះ​ធ្វើ​ក៏​មាន​​​ ប៉ុន្តែ​ព្រហ្មលិខិត​​មិន​តម្រូវ​ឱ្យ​ក្លាយ​ជា​អ្នក​មាន​។​

ទោះ​ជា​យ៉ាង​ណា​ លោក គឹម​ ហ៊ាង បាន​ឱ្យ​ដឹង​​ទៀត​ថា​ អ្នក​​ប្រលូក​វិស័យ​ដីធ្លី​ជំនាន់​លោក​ ១០ នាក់​ មាន​៩ នាក់​បរាជ័យ​ទៅវិញ​។ លោក​ គឹម ហ៊ាង បាន​បើក​ក្រុមហ៊ុន​ផ្លូវការ​កាលពី​ឆ្នាំ​២០០៨ ។ ទៅ​ថ្ងៃ​អនាគត​លោក​មាន​ក្តី​សុបិន​មួយ​ បើ​មាន​អតិថិជន​​ចង់​រក​សេវា​ផ្នែក​ដីធ្លី គឺ​អាច​មក​រក​លោក​ ខណៈ​​ផែន​ការ​រយៈ​ពេល​១០ ឆ្នាំ​ខាងមុខ​នឹង​បើក​សាខា​ក្រុមហ៊ុន​ឱ្យ​បាន​គ្រប់​ខណ្ឌ​​នៅ​រាជធានី​ភ្នំពេញ​ ​គ្រប់​ខេត្ត​ក្រុង និង​គ្រប់​​ស្រុក ដែល​មាន​សក្តានុពល​ដី​ធ្លី​ខ្លាំង​៕  

អត្ថបទ៖ សុផល

មតិយោបល់