• 2019-06-27 08:39:05
  • ព័ត៌មាន

ឆាប់ៗនេះ ! រូបសំណាកផ្លែស្ពឺដ៏ធំមួយតម្លៃជាង ១៥ម៉ឺនដុល្លារ នឹងរំលេចខ្លួន ក្នុងខេត្តកំពង់ស្ពឺ

  • 2019-06-27 08:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់ផ្លែស្ពឺធំមួយ អមទៅដោយផ្លែឈើច្រើនមុខ ភ្លើងបំភ្លឺ និងសួនច្បារដ៏ស្រស់ស្អាត ដែលតំណាងឱ្យខេត្តកំពង់ស្ពឺ នឹងលេចចេញរូបរាង ក្នុងពេលឆាប់ៗខាងមុន ក្នុងទឹកដីក្រុងច្បារមនខេត្តកំពង់ស្ពឺ ។ នេះបើតាមប្រសាសន៍លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ Sabay។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ

លោកបានបន្ថែម ការដ្ឋានសាងសង់ផ្លែស្ពឺ និងសួនច្បារបានបើកនៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ ខណៈការសាងសង់មានទីតាំងស្ថិតនៅជិតស្ពានថ្មី (វិហារចិន)ចំណាយអស់ជាង ៦០០លានរៀល ប្រហាក់ប្រហែល ១៥ម៉ឺនដុល្លារ និងប្រើពេលពេល៦ខែ ហើយមូលហេតុរដ្ឋបាលខេត្តសម្រេចជ្រើសរើសយកផ្លែស្ពឺជារូបតំណាង ដោយសារកន្លងមកមានប្រវត្តិ ទាក់ទងនឹងដើមស្ពឺធំមួយ ដុះជាប់មាត់ស្ទឹង។ ជារើយៗប្រជាពលរដ្ឋ តែងចុះងូតទឹកនៅមាត់ស្ទឹងនោះ។ លុះយូរៗមក អ្នកទៅងូតទឹកតែងហៅថា កំពង់ស្ពឺៗ ក៏ជាប់ឈ្មោះតមក។ ដូច្នេះការសាងសង់រូបស្ពឺនេះ ដោយយោងលើប្រវត្តិដូចបានរៀបរាប់ខាងលើ។

លោកបានឱ្យដឹងទៀតថា សំណង់ស្ពឺនេះមានកម្ពស់ ៩ ម៉ែត្រ និងទទឹង ១៣ម៉ែត្រ មានរង្វង់ជាកញ្ជ្រែង អាចដាក់ផ្លែស្ពឺ ស្វាយ និងផ្លែត្នោតជាដើម។ បើមិនមានការប្រែប្រួលទេ សំណង់នេះនឹងអាចចប់ជាស្ថាបពរនៅចុងឆ្នាំ២០១៩ ខណៈសម្មិទ្ធផលថ្មីនេះនឹងកាន់តែធ្វើឱ្យសោភណ្ឌភាព នៅក្នុងទីក្រុងកាន់តែស្រស់ស្អាត និងអាចឱ្យបងប្អូនប្រជាពលររដ្ឋ អាចហាត់ប្រាណបន្ថែមលើកន្លែងចស់ ដែលមានស្រាប់។

កាលពីពេលថ្មីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺទើបបានបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង កាត់ផ្លូវជាតិលេខ៤ ដំបូងបង្អស់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តម្លៃជាង ៣០ម៉ឺនដុល្លារ ដើម្បីសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋថ្មើរជើងពីគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។ ស្ពានអាកាសថ្មើជើងនេះ មានប្រវែង ៣០ម៉ែត្រ កម្ពស់ ៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ធ្វើពីបេតុងអាមេ ក្រោមជំនួយឧបត្ថម្ភពីលោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុងតម្លៃសាងសង់ ៣៤ម៉ឺនដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ជិតមួយឆ្នាំ៕

អត្ថបទ៖ សុផល

មតិយោបល់