- 2019-06-30 03:08:56
- ព័ត៌មាន
ទស្សនៈ ៦ ពីបុគ្គលល្បីៗ ចាក់ដោតជីវិតប្រចាំថ្ងៃ តម្រង់ទិសជោគជ័យទៅថ្ងៃមុខ
- 2019-06-30 03:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនៈ ៦ ពីបុគ្គលល្បីៗ ចាក់ដោតជីវិតប្រចាំថ្ងៃ តម្រង់ទិសជោគជ័យទៅថ្ងៃមុខ
ចន្លោះមិនឃើញ
ទស្សនៈបុគ្គលល្បីៗជាច្រើននៅលើពិភពលោក បានជួយត្រួសត្រាយ កាយផ្លូវចិត្ត ផ្លូវកាយ ពីបញ្ហាចំណោទជីវិតរបស់មនុស្ស។ ទស្សនៈទាំង ៦ខាងក្រោមនេះ សង្ឃឹមថានឹងជួយទាំងអស់គ្នាក្នុងការស្វែងយល់ឱ្យបានទូលំទូលាយ ព្រមទាំងអាចយកមកអនុវត្តសម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យដំណើរជីវិតវិវត្តទៅរកភាពជោគជ័យ។
១. ព្រះពុទ្ធ (Buddha)
"តថាគត មិនគិតពីអ្វីដែលបានធ្វើកន្លងមកនោះទេ តែព្រះអង្គទ្រង់គិតពីអ្វីដែលត្រូវធ្វើជាបន្តទៅទៀត"
ទស្សនៈខាងលើនេះ បានណែនាំឱ្យយើងព្យាយាមពិនិត្យពិចារណាថា តើយើងនៅមានការងារណាដែលនៅមិនទាន់ធ្វើហើយស្រេចដែរឬទេ? គឺជាដាស់តឿនកុំឱ្យរវល់តែត្រេកអរភ្លេចខ្លួន ឬជាប់ចិត្តតែលើកិច្ចការដែលបានធ្វើរួចមកហើយនោះទេ តែត្រូវពិនិត្យមើលថា តើបញ្ហាអ្វីខ្លះដែលនៅមិនទាន់បានដោះស្រាយ ឬការងារណាខ្លះពុំទាន់ធ្វើហើយស្រេចបាច់ ត្រូវប្រញ៉ាប់សម្រេចវាឱ្យចប់ចុងចប់ដើមតែម្តងទៅ។
២. មហាត្មៈ គន្ធី (Mahatma gandhi)
"អ្វីៗដែលអ្នកនឹងធ្វើ វាមិនសំខាន់ទេ ប៉ុន្តែវាសំខាន់នៅពេលអ្នកធ្វើនោះឯង"
ពេលមិនទាន់បានធ្វើ អ្នកអាចយល់ពីការងារតែបន្តិចបន្តួចប៉ុណ្ណោះ លុះដល់ពេលធ្វើ ការងារនឹងបង្រៀនអ្នកដោយខ្លួនឯង។
៣. ខុងជឺ (Kong Zi)
"ជ័យជម្នះ អាស្រ័យលើការត្រៀមលក្ខណៈទុកជាមុន បើមិនបានត្រៀមលក្ខណៈទុកជាមុនទេ នោះមុនជាជួបនឹងបរាជ័យពិតប្រាកដណាស់"
ដូចគេថា "ធ្វើស្រែត្រូវត្រៀមទឹក ពូជ ធ្វើសង្រ្គាមត្រូវត្រៀមស្បៀង អាវុធ យុទ្ធសាស្រ្ត ធ្វើការងារត្រូវត្រៀមជំនាញ ចំណេះដឹង គំនិតស្មារតី...ការត្រៀមទុកជាមុន ប្រៀបដូចជាការឈ្នះមួយជំហានរួចទៅហើយ"។
៤. ម៉ារថា ស្ទេវ៉ាត (Martha Stewart)
"បើមិនបើកចំហចិត្តឱ្យទូលំទូលាយ មិនព្រមស្តាប់មតិយោបល់អ្នកដទៃទេ អ្នកក៏គ្មានថ្ងៃសម្រេចជោគជ័យដ៏ធំធេងបានដែរ"
តាមពិតរឿងខ្លះ មនុស្សតែម្នាក់អាចមានគំនិតល្អប្រសើរជាងមនុស្សដ៏ច្រើន ប៉ុន្តែស្ថានការណ៍បែបនេះគឺមានដោយតិចតួចប៉ុណ្ណោះ ប៉ុន្តែដោយទូទៅ ការមានគំនិតច្រើនយកមកវិភាគឱ្យបានច្រើនផ្លូវគឺជាវិធីរបស់មនុស្សឆ្លាត។
៥. ឌីយ៉ុង ប៊ូស៊ីកូលត៍ (dion boucicault)
"មនុស្សភាគច្រើននិយាយថា តើគួរធ្វើអ្វីដើម្បីបំផ្លាញពេលវេលា តែពួកគេមិនបានដឹងថា ពេលវេលាកំពុងតែលួចបំផ្លាញពួកគេយ៉ាងស្ងៀមស្ងាត់នោះទេ"
គ្រប់វិនាទីមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្នកដែលប្រាប់ថាចង់បំផ្លាញពេលវេលានោះ នេះបង្ហាញឱ្យឃើញថាក្នុងជីវិតរស់នៅរបស់គេ នៅមិនទាន់មានគោលដៅច្បាស់លាស់នៅឡើយ គេប្រើជីវិតឱ្យអណ្តែតត្រសែត មិនដឹងថាខ្លួនត្រូវដើរឱ្យដល់ទីណានោះទេ។ តាមពិតទៅ ប្រសិនបើអ្នកប្រកែកថា ខ្លួនមិនមែនជាមនុស្សដែលធ្វើការងារឱ្យតែរួចពីដៃដោយមិនមានគោលដៅអ្វីទេនោះ គឺបានន័យថាពេលវេលាគ្រប់វិនាទីសម្រាប់អ្នកគឺពិតជាសំខាន់ណាស់ ហើយអ្នកក៏មិនព្រមឱ្យពេលវេលាកន្លងទៅដោយមិនបានធ្វើអ្វីសោះ នោះដែរ។
៦. ណាប៉ូលេអុង បូណាប៉ាត (Napoleon Bonaparte)
"បើមិនចេះចាប់ឱកាសទុកទេ ទោះមានសមត្ថភាពច្រើនប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរ"
មួយឃ្លានេះលោកបានដាស់តឿនសតិរបស់យើងឱ្យគិតឃើញថា ពូកែតែម្យ៉ាងគឺមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវរកឱកាសបង្ហាញពីសមត្ថភាពរបស់ខ្លួនឱ្យគេឃើញផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកមានសំណាងបានទទួលឱកាសហើយ សូមសម្តែងនូវសមត្ថភាពឱ្យបានពេញទំហឹង តាំងចិត្តធ្វើឱ្យអស់ពីសមត្ថភាព កុំបណ្តែតបណ្តោយ គិតថានេះគ្រាន់តែជាការសាកល្បងមើលសិន ចាំលើកក្រោយចាំប្រឹងឱ្យអស់ដៃ ដែលលើកក្រោយអាចរាប់សិបឆ្នាំ ឬពេញមួយជីវិតក៏មានដែរ។
ហេតុនេះសូមកុំភ្លេចថា បើអ្នកមិនខំប្រឹងធ្វើការងារឱ្យអស់ពេញសមត្ថភាពពីដំបូងទេ រូបភាពនោះវានឹងគិតជាប់ក្នុងក្រសែភ្នែក ក្នុងចិត្តរបស់អ្នកដទៃឬចៅហ្វាយរបស់អ្នក ហើយគេនឹងកត់សម្គាល់ពីកម្រិតសមត្ថភាពរបស់អ្នកក្នុងកម្រិតទាបៗប៉ុណ្ណោះ ទន្ទឹមនឹងមានអ្នកដទៃជាច្រើនគេធ្វើបានល្អជាង តើអ្នកនឹងមានអ្វីអួតជាមួយគេទៀតទៅ?
ដកស្រង់ចេញពីសៀវភៅ សុភាសិតជោគជ័យ ដែលជាការប្រែសម្រួល និងរៀបរៀងដោយ គឹម ចាន់ណា៕