• 2019-06-28 11:46:36
  • ព័ត៌មាន

ពីក្មេងរៀនត្រួតថ្នាក់ក្លាយជានិស្សិតអាហារូបករណ៍ឆ្នើមឈ្នះពានរង្វាន់ផ្នែកវិទ្យាសាស្ត្រនៅបរទេស

  • 2019-06-28 11:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«អ្នក​ផ្ទះ​ខ្ញុំ​លំបាក តែ​ពុក​ម៉ែ​មិន​ដែល​ឲ្យ​ពួក​ខ្ញុំ​ឈប់​រៀន​ទេ ​ចឹង​ហើយ​ខ្ញុំ​ត្រូវ​តែ​​រៀន ខ្ញុំ​ត្រូវ​តែ​ស៊ូ​បន្ត​ទៀត​ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏​ដោយ» ។ នេះ​ជា​សម្ដី​ម្ចាស់​ជ័យលាភី​ពាន​រង្វាន់​មូលនិធិ​សាស្រ្តាចារ្យ​ថេប និល​និធិ លើផ្នែក​ Best Performance in Science with Highest Distinction នៃសាកលវិទ្យាល័យថៃល្បីឈ្មោះ Prince Songkla University។

ធ្លាប់​ជា​ក្មេង​រៀន​ខ្សោយ ធ្លាក់​ត្រួត​ថ្នាក់​ពីរ​បី​ឆ្នាំ​ជាប់​គ្នា តែ​ពេល​នេះ ​យុវតីវ័យ ២៣ឆ្នាំ ចន្ធូ លីន​ដា​ បាន​ប្រែ​ក្លាយ​ជា​និស្សិត​អាហារូបករណ៍​ព្រះ​រាជ​ទាន​សម្តេច​ចក្រី​សុរិន​ថន​ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញ​រូប​វិទ្យា​ជាមួយ​សញ្ញាប័ត្រ​កិត្តិយស​លំដាប់​ទី ១ (First Class Honors) ពី​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា នៃ​សកលវិទ្យាល័យ​សុងខ្លាន​គរិន្ទ ប្រទេស​ថៃ។​

មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង លីន​ដា​ ជា​កូន​ពៅ​ ក្នុង​ចំណោម​បង​ប្អូន ២នាក់ដែល​​​មាន​ឪ​ពុក​ជា​មន្រ្តី​រាជការ​ស៊ីវិល និង​ម្ដាយ​ជា​កសិករ ។ ដោយសារ​កូន​ទាំង​២ត្រូវ​រៀន និង​ចំណូល​គ្រួសារ​តិច​តួច​ផង​នោះ ធ្វើ​ឲ្យ​លីន ដា មិន​ដែល​បាន​រៀន​គួរ​បន្ថែម ឬ​សូម្បី​តែ​រៀន​ភាសា​អង់គ្លេស​ដូច​ក្មេង​ដទៃ​ទៀត​ទេ។ បើ​ទោះ​ស្ថាន​ភាព​គ្រួសារ​លំបាក​យ៉ាងណា ឪពុក​ម្ដាយ​លីន​ដា​មិន​ដែល​ឲ្យ​កូន ៗ ឈប់​រៀន​​​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ជំរុញ​និង​លើក​ទឹក​ចិត្ត​កូន ៗ ឲ្យ​ខិត​ខំ​តស៊ូ ព្រោះ​ក្រៅ​ពី​ទ្រព្យ​សម្បត្តិ មាន​តែ​ចំណេះ​ទេ​ដែល​អាច​ជួយ​មនុស្ស​ឲ្យ​សម្រេច​គោល​ដៅ​ជីវិត​បាន ។

ពាក្យ​ប្រៀន​ប្រដៅ​ដ៏​កក់​ក្តៅពី​ឪពុក​ម្ដាយ និង​ការ​លើក​ទឹក​ចិត្ត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លីន​ដា​មិន​បោះ​បង់ បើ​ទោះ​ជា​ជួប​បរាជ័យ និង​ដួល​ជា​ច្រើន​ដង​ក្តី។ រហូត​ដល់​ឆ្នាំ ២០១១ ការ​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​មិន​ឈប់​ឈរ​របស់​ លីន​ដា បាន​លេច​ចេញ​ជា​លទ្ធផល​ដែល​សូម្បី​ខ្លួន​នាង​ផ្ទាល់​ក៏​ស្មាន​មិន​ដល់​ដែរ គឺ នាង​បាន​ជាប់​ជ័យលាភី​ជា​សិស្ស​ពូកែ​រូបវិទ្យា​កម្រិត​មធ្យម​សិក្សា​បឋមភូមិ​ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​ខេត្ត​ព្រៃវែង និង​លេខ ១៤ ទូទាំង​ប្រទេស។

ក្នុង​​ឆ្នាំ ២០១៤ លីន​ដា​បាន​ប្រឡង​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ ជាមួយ​និទ្ទេស D លំដាប់​ពិន្ទុ ៩៧.៥២០ និង​បាន​​ផ្លាស់​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ការ​ចំណាយ​កាន់​តែ​ច្រើន​ឡើង ទាំង​ថ្លៃ​ផ្ទះ​ជួល ​ថ្លៃ​បង់​សាលា​ និង​​ថ្លៃ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ផង ការ​លំបាក​នៅ​តែ​មាន​សម្រាប់​ក្មេង​ស្រី​មក​ពី​ជនបទ​ដែល​ខ្សត់​ខ្សោយ​ទាំង​ភាសា​អង់គ្លេស ខ្សោយ​ទាំង​កុំព្យូទ័រ មិន​អាច​ឲ្យ​គាត់​រក​ការងារ​ក្រៅ​សមរម្យ​ជួយ​សម្រាល​បន្ទុក​គ្រួសារ​បាន​ទេ។ ដោយ​ចង់​សម្រាល​បន្ទុក​គ្រួសារ និង​ចង់​ជិះ​យន្ត​ហោះ​ផង លីនដា​សម្រេច​ចូល​រួម​ប្រឡង​យក​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ​បាន​ដោយ​ជោគជ័យ។

ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ថៃ តម្រូវ​ឲ្យ​រៀន​ជា​ភាសា​ថៃ​ទាំង​ស្រុង ម្យ៉ាង​​ភាសា​អង់គ្លេស​ក៏​មិន​ចំណាប់ កុំព្យូទ័រ​ក៏​មិន​ដែល​មាន​ប្រើ​ហ្នឹង​គេ តែ​និស្សិត​ស្រី​មក​ពី​ខេត្តព្រៃវែង​រូប​នេះ​ បាន​ប្រឹង​ជម្នះ​រហូត​ដល់​បាន​​ក្លាយ​​ជា​សិស្ស​​ពូកែ​ជាងគេ​ក្នុងចំណោម​និស្សិត​វិទ្យាសាស្ត្រ​ដទៃ​ទៀត​ក្នុង​មហាវិទ្យាល័យ ហើយ​ថែមទាំង​ទទួល​បាន​ពាន​រង្វាន់​មូលនិធិ​សាស្ត្រាចារ្យ​ថេប និលនិធិ ផ្នែក Best Performance in Science with Highest Distinction ។

កាន់​តែ​រំភើប លីនដានិង​ក្រុមការងារ​​បាន​ដណ្ដើម​ជ័យលាភី​លេខ ១​ ក្នុង​ចំណោម​ ១៦៨​ក្រុម​មក​ពី​ទូទាំង​ប្រទេស​ ក្នុង​ការប្រកួត​មនុស្ស​យន្ត​សង្គ្រាម​ “Seacon War of Steel 4” អំឡុង​ពេល​ទៅ​ហ្វឹក​ហាត់​ការងារ​នៅ​ Department of Science Service ដែល​ស្ថិត​នៅ​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ថៃ​។​​

ពី​ក្រោយ​ភាព​ជោគជ័យ​ទាំង​អស់​នេះ លីន​ដា បាន​ឲ្យដឹង​ថា ខ្លួន​តែង​ខិត​ខំ​ប្រឹង​រៀន​សូត្រ​ពី​មនុស្ស​ពូកែ​ៗ រួម​ផ្សំ​នឹង​ភាព​អំណត់​ យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ និង​ហ៊ាន​ទទួល​យក​ការ​ប្រឈម​ថ្មី​ដើម្បី​ឲ្យ​ខ្លួន​ឯង​រីក​ចម្រើន។ បច្ចុប្បន្ន​ លីន​ដា​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ជំនាញ Control Science and Engineering នៅ​ប្រទេស​ចិន​ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​កាន់​តែ​ធំ​របស់​ខ្លួន ដែល​ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នា​ពេល​អនាគត ។

ត្បិត​ធ្លាប់​មាន​ប្រវត្តិ​ការ​សិក្សា​មិន​ពូកែ​ពី​មុន​មក តែ​យុវតី លីន​ដា​អាច​ស៊ូ​ជម្នះ​ឈោង​ចាប់​ជោគជ័យ​ទាល់​តែ​បាន។ តាម​រយៈ​បទពិសោធន៍​​នេះ កញ្ញា​ក៏​សូម​លើក​ទឹក​ចិត្ត​ដល់ យុវជន​ខ្មែរ​ផ្សេង​ទៀត​ដែល​កំពុង​ជួប​​ការ​លំបាក​ក្នុង​ការ​សិក្សា កុំ​អាល​បាក់​ទឹក​ចិត្ត កុំ​បោះ​បង់​ឲ្យ​សោះ ត្រូវ​បណ្ដុះ​និស្ស័យ​ព្យាយាម​តស៊ូ ប្រឹង​ប្រែង​ដោយ​សុទិដ្ឋិនិយម និង​ជឿ​ជាក់​ថា​ខ្លួន​អាច​ធ្វើ​បាន។ ហើយ​ការ​ទទួល​កម្លាំង​ចិត្ត​ជំរុញ​ពី​គ្រួសារ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​ចំពោះ​យុវជន​ឲ្យ​ចៀស​ឆ្ងាយ​ពី​បញ្ហា​ផ្លូវ​ចិត្ត​ និង​សម្ពាធ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន៕

អត្ថបទ៖ Sokchea Heng

មតិយោបល់