- 2019-07-01 06:45:19
- សេដ្ឋកិច្ច
អ្នកខេត្តសៀមរាបជិតបានកន្លែងកម្សាន្តថ្មីចែសមួយទៀតហើយ គឺកន្រ្ដកវិល របស់ជប៉ុន
- 2019-07-01 06:45:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកខេត្តសៀមរាបជិតបានកន្លែងកម្សាន្តថ្មីចែសមួយទៀតហើយ គឺកន្រ្ដកវិល របស់ជប៉ុន
ចន្លោះមិនឃើញ
ជប៉ុនបានចាប់ផ្ដើមសាងសង់កន្ត្រកវិល តម្លៃជាង៧លានដុល្លារសហរដ្ឋអាមេរិក នៅលើទឹកដីខេត្តសៀមរាប។ កន្រ្តកវិលនេះ គឺផ្ដើមការវិនិយោគឡើងដោយ ក្រុមហ៊ុន Angkor Eye ដែលជាក្រុមហ៊ុនជប៉ុន មានសាជីវកម្មក្នុងប្រទេសកម្ពុជា ដោយធ្វើការវិនិយោគទឹកប្រាក់ ៧,២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់កន្ត្រកវិលដ៏ថ្មីសន្លាងនេះឡើង។ ក្រោយការសាងសង់រួចរាល់ត្រូវបានរំពឹងថា នឹងក្លាយជានិមិត្តរូបដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចររបស់ខេត្តសៀមរាប។
ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការសម្ពោធបើកការដ្ឋានសាងសង់មណ្ឌលកម្សាន្តកន្រ្តកវិល លំដាប់ពិភពលោក ដែលត្រូវចំណាយថវិកាជាង ៧លានដុល្លារនេះ គឺជាការវិនិយោគរួមគ្នារវាងកម្ពុជា និង ជប៉ុន។
មណ្ឌលកម្សាន្ត លំដាប់ពិភពលោកនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅក្នុងបរិវេណផ្សារ Box Vill នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ពោលគឺស្ថិតនៅខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប ខេត្តសៀមរាប។
លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor Eye Co.,Ltd. បានថ្លែងតាមរយៈសន្ទរកថាបានឲ្យដឹងថា គម្រោងកន្រ្តកវិល Angkor Eye មានកម្ពស់ខ្ពស់បំផុត ៨៥ម៉ែត្រពីដី ដែលអាចមើលឃើញទេសភាពស្រែចម្ការដ៏ស្រស់ស្អាត ហើយកន្រ្តកសណ្ដោងទាំងអស់សុទ្ធតែបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលអាចផ្ទុកមនុស្សចំនួន ១៩២ នាក់ ប្រកបដោយផាសុកភាព និងមានរយៈពេល ១៨នាទី ក្នុង១ជុំ។
កន្រ្តកវិលនេះ ត្រូវបានដឹកជញ្ជូនមកពីប្រទេសជប៉ុនពីឆ្នាំមុន តាមរយៈទូរកុងតឺន័រ ៨៥ទូរ និងត្រូវបានតុបតែងកែលម្អពេលយកមកដល់ ហើយយើងទើបតែចាប់ផ្ដើមធ្វើការផ្គុំដំឡើង។ កន្រ្តកនេះ គឺជាកន្រ្តកដែលមានលក្ខណៈពិសេសប្លែក ដែលត្រូវបានផលិត និងបង្កើតឡើងជាមួយរូបសណ្ឋានមានលក្ខណៈលម្អិតដ៏កម្រ ក្នុងចំណោមកន្រ្តកវិលទាំង ១៤០ ក្នុងប្រទេសជប៉ុន។ ចំណុចពិសេសមួយទៀត កន្រ្តកវិល នេះ ត្រូវបានផលិតឡើងដោយធន់ជាមួយនឹងលក្ខខណ្ឌអាកាសធាតុ ដូចជា កម្លាំងខ្យល់ និងភ្លៀងខ្លាំង ឬស្ថានភាពដីលំបាកពាក់ព័ន្ធនឹងតំបន់ប្រឈមនឹងគ្រោះរញ្ជួយផែនដី។
ទន្ទឹមនឹងចំណុចពិសេសខាងលើនេះ កន្រ្តកមានទម្ងន់រហូតដល់ទៅ ៦១តោន ចំណែកទម្ងន់ទោងកន្ត្រកវិល សរុបមានទម្ងន់ប្រហែល ៧០០តោន។ សម្រាប់ម៉ាស៊ីនស្ទូចប្រើប្រាស់ក្នុងការងារសាងសង់នឹងត្រូវដឹកយកមកពីប្រទេសវៀតណាម ហើយបុគ្គលិកគ្រប់គ្រង និងវិស្វករ ត្រូវបានសម្រិតសម្រាំងមកពីប្រទេសជប៉ុន ដូច្នេះ យើងមានទំនុកចិត្តថា យើងនឹងបញ្ចប់គម្រោងសាងសង់នេះនៅចុងឆ្នាំនេះ។ នេះជាការលើកឡើងរបស់ លោក Takeyoshi Shinomiya។
មណ្ឌលកម្សាន្តកន្រ្តកវិលខាងលើនេះ ក្រោយសាងសង់រួច ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា ការវិនិយោគមណ្ឌលកម្សាន្តមួយនេះ មិនត្រឹមតែធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាបស្នាក់នៅបានកាន់តែយូរថែមទៀតប៉ុណ្ណោះទេ តែបានស្រូបយកកម្លាំងពលកម្មពីការវិនិយោគនេះបានមួយចំនួនធំផងដែរ ដែលពិតជាបានរួមចំណែកដល់ការជំរុញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
ខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយផ្អែកលើសក្ដានុពលវិស័យទេសចរណ៍ព្រោះតែភាពសម្បូរបែប នៃសម្បត្តិវប្បធម៌ រមណីយដ្ឋានប្រវត្តិសាស្ត្រធម្មជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានការកើនឡើងជាលំដាប់។
នៅឆ្នាំ ២០១៨ កន្លងទៅ មានចំនួន ៥,៨៤០,៥៦២នាក់ កើនឡើង ៥,៣៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ តាមរយៈកំណើននៃភ្ញៀវទេសចរទាំងនេះ បានបង្កើនការងារជូនបងប្អូននប្រជាពលរដ្ឋក្នុងខេត្តប្រមាណជា ៣៨ម៉ឺននាក់ ដោយក្នុងនោះផ្ដល់ការងារដោយផ្ទាល់ចំនួន ៨ម៉ឺននាក់ និងដោយប្រយោលប្រមាណជា ៣០ម៉ឺននាក់។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។