• 2019-07-17 12:43:33
  • ព័ត៌មាន

អ្នក​វិភាគ​ថា​៖ ការ​បង្កើត​ឲ្យ​មាន​ស្ថានកុងស៊ុល​នៅ​ខេត្ត​ព្រះសីហនុ​ឆ្លុះបញ្ចាំង​ពី​ចំណុច​សំខាន់​បី​យ៉ាង

  • 2019-07-17 12:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​ស្ថាន​កុងស៊ុល​ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ស្នើ​ដោយ​អាជ្ញាធរ​ខេត្ត​នេះ ស្ថានទូត​ចិន​កំពុង​ពិចារណា​។ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​កំពុង​សិក្សា​ទីតាំង សម្រាប់​ផ្ដល់​ឲ្យ​ចិន​ បើក​ស្ថាន​កុងស៊ុល​នេះ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ច្បាស់​ថា ភាគី​ចិន​នឹង​បើក​ស្ថាន​កុងស៊ុល​នៅ​ពេល​ណា​ឡើយ​។

លោក​បណ្ឌិត​ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា រូបភាព៖ ព្រាប កុល

ពាក់ព័ន្ធ​ការ​បង្កើត​ឲ្យ​មាន​ស្ថាន​កុងស៊ុល​ប្រចាំ​ខេត្ត​នេះ លោក​បណ្ឌិត​ព្រាប កុល យល់​ឃើញ​ថា ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី បញ្ហា​ដែល​កំពុង​ប្រឈម​ខ្លាំង ៣ នៅ​ក្នុង​ខេត្ត​។

បញ្ហា​ទី​មួយ គឺ​ចំនួន​ជនជាតិ​ចិន​ចេះ​តែ​កើត​ឡើង​ជា​លំដាប់ ដែល​ជា​កត្តា​ជំរុញ​ឲ្យ តម្រូវការ​ផ្នែក​រដ្ឋបាល​កាន់​តែ​ច្រើន​ឡើងៗ​។ ជា​ទូទៅ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ ដែល​មាន​ចំនួន​ច្រើន ចាំ​បាច់​ត្រូវ​សហការ​គ្នា​រវាង​អាជ្ញាធរ​ខេត្ត និង​ស្ថានទូត​។ បើ​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៨ ជនជាតិ​ចិន​នៅ​ព្រះសីហនុ មាន​ចំនួន​ជាង ៧៨០០០ នាក់​។

បញ្ហា​ទី​ពីរ បង្ហាញ​ថា មាន​អ្នក​វិនិយោគ​កាន់​តែ​ច្រើន​ឡើងៗ ចូល​មក​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ ដែល​ទាមទារ​ជា​ចាំបាច់​នូវ​ការ​រត់​ការ​ឯកសារ​ពាណិជ្ជកម្ម​ផ្សេង​។

ចំណែក​បញ្ហា​ទី​បី បង្ហាញ​ពី​អនាធិបតេយ្យ អសន្តិសុខ គ្មាន​សណ្ដាប់ធ្នាប់ ដែល​បង្ក​ដោយ​ជនជាតិ​ចិន ដែល​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ខេត្ត​នេះ​។ ហើយ​បញ្ហា​នេះ ក៏​ជា​រឿង ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ក៏​ដូច​ជា​ពលរដ្ឋ​ទូទាំង​ប្រទេស មួយ​ចំនួន​ធំ​បាន​រិះគន់ និង​សម្ដែង​ការ​ព្រួយបារម្ភ​ផង​ដែរ​។ ការ​បង្កើត​ឲ្យ​មាន​ស្ថាន​កុងស៊ុល​ប្រចាំ​ខេត្ត នឹង​ជួយ​សម្រួល​ឲ្យ​អាជ្ញាធរ​ខ្មែរ និង​ចិន​សហការ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​។

ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

កាលពីថ្ងៃទី១០ ខែ​កក្កដា កន្លង​ទៅ ក្នុង​ជំនួប​ជា​មួយ​ឯកអគ្គរដ្ឋទូត​ចិន ឯកឧត្ដម​គួច ចំរើន បាន​ស្នើ​ឲ្យ​ឯកឧត្ដម វ៉ាង វឹនធាន ឯក​អគ្គ​រដ្ឋ​ទូត​ចិន ជួយ​គាំ​ទ្រ​ការ​បើក​ទី​តាំង​សមាគម​សារព័ត៌មាន​ចិន និង​បើក​ស្ថាន​កុងស៊ុល​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ និង​សហការ​ជា​មួយ​រដ្ឋបាល​ខេត្ត​ ដល់​ប្រជាជន​ចិន​ ដែល​នឹង​មក​វិនិយោគ និង​កំពុង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។ ជា​មួយ​គ្នា​នេះ ឯកឧត្ដម​គួច ចំរើន​បាន​និយាយ​ត្រង់ៗ​ទៅ​កាន់​ចិន​ថា ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក៏​មាន​បញ្ហា​ប្រឈម​កើត​ឡើង​ស្រប​ពេល​សំណង់​អគារ​ខ្ពស់ៗ នៅ​ក្នុង​ខេត្ត​ ផ្លូវថ្នល់​ជា​ច្រើន​កន្លែង​បាន​ខូចខាត​ ប្រឡាយ លូ ប្រព័ន្ធ​ទឹក​ស្អាត​បម្រើ​មិន​បាន​គ្រប់គ្រាន់​ទាន់​សភាពការណ៍​អភិវឌ្ឍន៍។

ងាក​ទៅ​និយាយ​ពី​ការ​បង្កើត​ស្ថាន​កុងស៊ុល​វិញ លោក​បណ្ឌិត ព្រាប កុល​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពីរ​គឺ ទី​មួយ ការ​បាត់បង់​សិទ្ធិ​អំណាច​អាជ្ញាធរ​ខ្មែរ​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន ហើយ​មួយ​ទៀត ខ្លាច​ក្រែង​ជា​លេស​ក្នុង​ការ​ដាក់​ឲ្យ​មាន​កង​កម្លាំង​សមត្ថកិច្ច​ចិន ដើម្បី​ដោះស្រាយ​បញ្ហា នា​ពេល​អនាគត​។ យ៉ាង​នេះ​ក៏​ដោយ លោក កុល បង្ហាញ​ពី​ឆន្ទៈ​គាំទ្រ​ឲ្យ​មាន​ស្ថាន​កុងស៊ុល​ប្រចាំ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់