• 2019-07-25 08:30:24
  • សេដ្ឋកិច្ច

ទីកម្សាន្ត​មួយ​នៅសៀមរាប​ មានម្ហូប​ឆ្ងាញ់​ បន្លែ​ស្រស់ ទីតាំង​ធម្មជាតិ​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ

  • 2019-07-25 08:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​មីនុយ គ្មាន​តារាង​តម្លៃ ប៉ុន្ដែ​ម្ហូប​កុម្ម៉ង់​ភ្លាម​​ចម្អិន​ភ្លាម បែប​ម្ហូប​អ្នក​ស្រុក​ស្រែចម្ការ​ពិត​ៗ គឺ​មាន​នៅ​ផ្ទះ​ម៉ែឡន។ ផ្ទះ​ម៉ែឡន​ មាន​ទីតាំង​នៅ​ភូមិ​ជ័យ ឃុំ​ទឹក​វិល ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​​ជាង ៦គីឡូម៉ែត្រ ពី​ព្រះអង្គចេក ព្រះ​អង្គ​ចម។

ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​ ដែល​ចូលចិត្ត​ម្ហូប​បែប​អ្នកស្រុក​ស្រែចម្ការ ផ្ទះ​ម៉ែឡន មាន​ម៉ាន់ស្រែ ត្រីស្រែ និង​បន្លែ​ស្រស់ បែប​ធម្មជាតិ​តាម​រដូវ​កាល​។ ទន្ទឹម​នឹង​នេះ នៅ​ទី​នេះ​មាន​ខ្យុះ ចំនួន​១៨ និង​ទិដ្ឋភាប​វាលស្រែ និង​ដើម​ឈើ​ដ៏​ត្រជាក់​ ជាទី​ទាក់​ចិត្ត​អ្នក​មក​​កម្សាន្ត​ជា​ហូរហែ។

លោក ចាន់ សុភា ស្ថាបនិក​សមាគម​ចុង​ភៅ​កម្ពុជា និង​ជា​បង្កើ​ត​កន្លែង​លក់​ដូរ​ ផ្ទះ​ម៉ែឡន បាន​ប្រាប់ Sabay ថា នៅ​ទី​នេះ​បង្កើត​ឡើង​ប្រមាណ​ជា​ជាង​៦ឆ្នាំ​មក​ហើយ​ លើ​ផ្ទៃ​ដី​ទំហំ ១ហិកតា ដោយ​លក់​ដូរ​បែប​ធម្មជាតិ។ ភ្ញៀវ​ទេសចរ​ដែល​ចង់​មក​ញុំា​អាហារ​នៅ​ទីនេះ​មាន​ខ្យុះ​សម្រាប់​អង្គុយ​លេង ដោយ​ឥត​គិត​ថ្លៃ ឯម្ហូប​អាហារ​តម្លៃ​សមរម្យ ទៅ​តាម​ទីផ្សារ​អ្នក​លក់​ក្នុង​ភូមិ។

"ខ្ញុំ​អត់មាន​មីនុយ​ទេ ហើយ​មាន់​ ត្រី​អី​ហ្នឹង​គឺទិញភ្លាម​ៗ​ពី​អ្នក​ភូមិ មាន់​ស្រែ​ធម្មជាតិ​ ចឹង​បើ​គាត់​លក់​ប៉ុន្មាន​គឺ​តាម​ហ្នឹង ប៉ុន្ដែ​ខ្ញុំ​សូម​បញ្ជាក់​ថា តម្លៃ គឺ​សមរម្យ​ទទួល​យក​បាន​ មិន​កាប់​ថ្លៃ​ដូច​នៅ​តំបន់​មួយ​ចំនួន​ទេ"។ លោក ចាន់​ សុភា និយាយ។

ដោយ​សារ​តែ​កន្លែង​ធម្មជាតិ និង​ម្ហូប​ធ្វើ​ភ្លាម​ៗ បែប​អ្នក​ស្រុក​ភូមិ (ម្ហូប​ខ្មែរ​ពិតៗ) ទើប​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​បាន​មក​ហូប​ជាហូរ​ហែ​នៅ​ទី​នេះ។ "ក្នុង​១ថ្ងៃ​ ខ្ញុំ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៣០០ ទៅ ៤០០ ដុល្លារ ដោយ​មិនទាន់​ផាត់​ដើម ឥលូវ​មាន​ភ្ញៀវ​បរទេស​ច្រើន​មក​ទី​នេះ ព្រោះ​ពួកគេ​ចង់​ស្គាល់​មុខម្ហូប​របស់​ខ្មែរ"។

លោក ចាន់ សុភា​ បាន​លើកឡើង​ថា "ម៉ែឡន គឺជា​ម្ដាយ​របស់​ខ្ញុំ ដោយ​សារតែ​អ្នក​ភូមិ​និយម​ហៅ​គាត់​ម៉ែឡន ហើយ​ខ្ញុំ​ស្រឡាញ់​ម្ដាយ ទើប​ខ្ញុំ​បើក​ហាង​នេះ ដាក់​ឈ្មោះ​របស់​គាត់ ហើយ​ម្ហូប​គាត់​ធ្វើ​គឺ​គេ​ពេញ​ចិត្ត​គ្រប់​គ្នា"។

លោក បាន​ឲ្យ​ដឹង​ទៀតថា "ការ​បង្កើត​ហាង​នេះ​ឡើង​ ដោយសារ​តែ​កើត​ឡើង​នៅ​ក្នុង​ត្រូកូល​កសិករ និង​ចង់​ឲ្យ​គ្រប់​គ្នា​ទទួល​បាន​រសជាតិ​ម្ហូប​ខ្មែរ​ពិត​ៗ ទើប​លោក​សម្រេច​ចិត្ត​​រៀបចំ​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ និង​​ម្ហូប​ខ្មែរ​នេះ​ឡើង"៕

រូបភាព៖ មន្ទីរទេសចរណ៍​ខេត្តសៀមរាប

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់