• 2019-07-25 09:40:49
  • ព័ត៌មាន

ម៉ាឡេស៊ី បញ្ចេញ​តួលេខ​ទេសចរណ៍​កម្ពុជា ទៅ​ប្រទេស​គេ​ដើម​ឆ្នាំ​នេះ ជាមួយ​យុទ្ធសាស្ត្រ​ទេសចរណ៍ ២០២០!

  • 2019-07-25 09:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ប្រកាស​បើក​​យុទ្ធសាស្ត្រ កញ្ឆក់​យក​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ទៅ​ក្នុង​ប្រទេស​​របស់​ខ្លួន ម៉ាឡេស៊ី​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ទេសចរណ៍​កម្ពុជា បាន​ទៅ​ដល់​ប្រទេស​របស់​គេ កើន​ជាង ១៩% ធៀប​នឹង​ឆ្នាំ ២០១៨។

តាម​របាយ​ការណ៍​បញ្ចេញ​ដោយ​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅឆ្នាំ២០១៨​ ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប​ចំនួន ២៥.៨ លាន​នាក់ នឹង​ទទួល​បាន​ចំណូល​ចំនួន ៨៤.១ពាន់​លាន​រីងហ្គីត​ រឺ​ប្រហែល ២០.៣៥ ពាន់​លាន ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍ កម្ពុជា មាន​ចំនួន ៩០ ០៤២នាក់​ មាន​ការ​កើន​ឡើង​ចំនួន ១១៤.៤ % បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៧។ដោយ​ឡែក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​ម៉ាឡេស៊ី​នៅ ៥ខែ​ដើម​ឆ្នាំ ២០១៩ នេះ​មាន​ចំនួន ១០ ៩៥៤ ០១៤នាក់ មាន​ការ​កើន​ឡើង៤,៨% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។

វិល​មក​ខែ​មករា រហូត ខែ​ឧសភា ឆ្នាំ ២០១៩ នេះ​ផង​ដែរ ភ្ញៀវ​ទេសចរណ៍​កម្ពុជា​បាន​ទៅ​លេង​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន ៤៣ ២២១ នាក់ កើន​ឡើង១៩,៤% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។ នៅ​ឆ្នាំ ២០១៩ ក្រុម​ប្រឹក្សា​ទេសចរណ៍​ម៉ាឡេស៊ី​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​ចំនួន១០០ ៩០០ ពី​ប្រទេស​កម្ពុជា និង១១០ ០០០ នៅ​ក្នុង​ឆ្នាំ ២០២០ និង​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី។

រដ្ឋាភិបាល​ម៉ាឡេស៊ី ទើប​ប្រកាស​បើក​យុទ្ធនាការ​ស្រូប​ទាញ​ទេសចរណ៍​អន្តរជាតិ​​ទៅ​ប្រទេស​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២០ កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ជាមួយ​នឹង​យុទ្ធនាការ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី បើក​យុទ្ធនាការ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ស្លាក​សញ្ញា​សម្រាប់​ឆ្នាំ​ទស្សនា​ម៉ាឡេស៊ី ២០២០ ផង​ដែរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ ដោយ​លោក​បាន​អំពាវ​នាវ​ដល់ ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់ អោយ​ចូល​រួម​ក្នុង​យុទ្ធនាការ​នោះ​ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​របស់​ខ្លួន។

ស្លាក​សញ្ញា​ដែល​បង្កើត​ឡើង​នេះ គឺ​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​អត្តសញ្ញាណ​តំណាង​អោយ​ម៉ាឡេស៊ី​មាន​ដូច​ជា​រូប​សត្វ​​រូប​ផ្កា​រំយោល និង​ពណ៌​រូប​ទង់​ជាតិ ដែល​ទាំង​នោះ គឺ​តំណាង​អោយ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ប្រពៃណី​ចម្រុះ​ជាតិសាសន៍ និង​​ជីវចម្រុះ​នៃ​រុក្ខជាតិ។

លោក Mahathirក៏​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ផ្លាស់​ប្ដូរ​អនុស្សារ​ក្នុង​ការ​ផ្សព្វផ្សាយ​រួម​គ្នា​រវាង​ក្រុម ប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ជាមួយ ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines, ក្រុមហ៊ុន​អាកាសចរណ៍ Air Asia, Firefly, ក្រុមហ៊ុន​អាកាសចរណ៍ Malindo Air, ក្រុមហ៊ុន Malaysia Airport Holing Berhad​​ and Sharp (M)  Electronics Sdn Bhd. ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​បួន និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្សព្វផ្សាយ​នូវ​ស្លាក​សញ្ញា​ឆ្នាំ​ទស្សនា​ម៉ាឡេស៊ី ២០២០ នៅ​លើ​យន្តហោះ និង​សកម្មភាព​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀត​របស់​ខ្លួន។   នៅ​ឆ្នាំ ២០២០ ក្រសួង​ទេសចរណ៍​ម៉ាឡេស៊ី បាន​ដាក់​ចេញ​នៅ​យុទ្ធនាការ​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​អោយ​មក ទស្សនា​ប្រទេស​ម៉ាឡេស៊ី ចំនួន៣០លាន​នាក់ និង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​ចំនួន១០០ពាន់​លាន​រីងហ្គីត រឺ​ស្មើ​នឹង២៥ពាន់​លាន​ដុល្លារ​ដោយ​យុទ្ធនាការ​នេះ ផ្ដោត​ទៅ​លើ​ផ្នែក​អេកូ​ទេសចរណ៍ និង​វប្បធម៌។​

លើស​ពី​នេះ​ទៅ​ទៀត​មូលនិធិ​ចំនួន ៥លានរីងហ្គីត ដែល​មាន​ឈ្មោះ​ថា GAMELAN Malaysia ​ត្រូវ​បាន​បង្កើត​ឡើង​គាំទ្រ ផ្នែក​ហិរញ្ញវត្ថុ​ដល់​វិស័យ ឧស្សាហកម្ម ទេសចរណ៍​ឯកជន ដែល​បាន​រៀប​ចំ​សកម្មភាព​ទីផ្សារ​ផ្សព្វផ្សាយ​ប្រទេស​ម៉ាឡេស៊ី ជា​គោលដៅ​អាជីវកម្ម និង​ការ​កម្សាន្ត​ផង​ដែរ។ ​ជាង​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​បាន​បើក ១៣ ច្រក​ថែម​ទៀត​សម្រាប់​ការ​​ ធ្វើ​ទិដ្ឋាការ​ពេល​មក​ដល់​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​សម្រួល​ដល់​ការ​ចូល​មក​ដល់​របស់​ភ្ញៀវ​ទេសចរណ៍ ចិន​ ឥណ្ឌា និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ផង​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់