• 2019-07-28 05:05:00
  • សេដ្ឋកិច្ច

ផ្ទះ​ស្នាក់​​ចម្ការ​ល្អ​បំផុត​ទាំង​៥​​នៅ​អឺរ៉ុប រីឯ​តម្លៃ​វិញ​កប់​មិន​ចាញ់​សណ្ឋាគារ​ប្រណីត

  • 2019-07-28 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសភាព​ចម្ការ​ល្វឹងល្វើយ​​នៅ​អឺរ៉ុប​មិន​ត្រឹម​តែ​ជា​កន្លែង​ធ្វើ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កសិករ​ទំនើប​ទាំង​នោះ​តែង​ប្រើប្រាស់​ចម្ការ​របស់​ពួកគេ​ឲ្យ​អស់​សក្ដានុពល និង បាន​ធ្វើ​កន្លែង​ស្នាក់នៅ​​​សម្រាប់​ភ្ញៀវ​ដែល​ចង់​សម្រាក​លំហែ​តាម​បែប​ទេសភាព​ស្រុកស្រែ​ចម្ការ។

ពួកគេ​ក៏​បាន​ផ្តល់​នូវ​បទពិសោធន៍​​ដ៏​ល្អ​ដល់​​ភ្ញៀវ​ដោយ​ការ​ធ្វើ​​ម្ហូប​ស្រុកស្រែ បន្លែ​សរីរាង្គ និង ស្រា​ក្នុង​តំបន់ ធ្វើ​ឲ្យ​ទេសចរ​ដែល​បាន​ទៅ​ដល់​ផ្ទះ​ស្នាក់​របស់​ពួកគេ នឹង​ត្រលប់​ទៅ​កាន់​ទីក្រុង​វិញ​ជាមួយ​អនុស្សាវរីយ៍​ល្អៗ។

ខាង​ក្រោម​នេះ​គឺ​ជា​ផ្ទះ​ស្នាក់​នៅ​ចម្ការ​ដ៏​ល្អ​បំផុត​នៅ​អឺរ៉ុប៖

១ កន្លែង​ជិះ​កង់​ល្អ​បំផុត​នៅ​កោះ​ម៉ាឡូកា (Mallorca) ប្រទេស​អេស្ប៉ាញ

ជាមួយ​នឹង​ទេសភាព​ជ្រលង​ភ្នំ ត្រាម៉ុនតាណា ផ្ទះ​ស្នាក់​ប្រណីត​ដូច​សណ្ឋាគារ​ ដែល​មាន​ទីធ្លា​គ្របដណ្តប់​លើ​ផ្ទៃដី​ ១៦០ ហិចតា Monnàber Vell គឺ​ជា​កន្លែង​ជិះកង់​មើល​ទេសភាព​ព្រៃភ្នំ​ដ៏​ល្អ​ឥត​ខ្ចោះ។

ភ្ញៀវ​នឹង​អាច​ទទួល​ទាន​បន្លែ​សរីរាង្គ​ស្រស់ៗ​​ដែល​ដាំ​នៅ​លើ​ចម្ការ​នៅ​ទី​នោះ​ស្រាប់។

សម្រាប់​ថ្លៃ​ស្នាក់​នៅ​ចាប់​ពី ១៩០ ដុល្លារ​ឡើង​ទៅ​ក្នុង​១​យប់។

២ ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ស្រា៖ ចម្ការ​ទំពាំងបាយជូរ​ នៅ​កោះ​ស៊ីស៊ី​លី ប្រទេស​អ៊ីតាលី

Tarantola Farmhouse ជា​ចម្ការ​ទំពាំងបាយជូរ​នៅ​លើ​កោះ​​ស៊ីស៊ី​លី ដ៏​ធំ​ល្វឹងល្វើយ និង ជា​កន្លែង​ផលិត​ស្រា​ដ៏​ធំ​នៅ​អ៊ីតាលី។ អ្នក​អាច​ភ្លក់​ស្រា​ទំពាំងបាយជូរ​ដោយ​សេរី​ជាមួយ​តម្លៃ ១៦ ដុល្លារ។ ហើយ​វា​ក៏​ជា​កន្លែង​ដ៏​ល្បី​សម្រាប់​អ្នក​​ចូលចិត្ត​ម្ហូបអាហារ​សរីរាង្គ​ដែល​ដាំដុះ​និង​រក​បាន​ទៅ​ទីនោះ​ស្រាប់។

បទពិសោធន៍​ម្ហូបអាហារ ស្រា និង ការ​ស្នាក់នៅ​ទីនោះ​ចាប់​ពី​ជាង​ ៧០ ដុល្លារ​ឡើង​ទៅ។

៣ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​រស់​នៅ​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ៖ កោះ​ស៊ីរុស ប្រទេស​ក្រិច​

​​កោះ​ស៊ីរុស ប្រទេស​ក្រិច ត្រូវ​បាន​គេ​​ឲ្យ​ឈ្មោះ​​ថា​ជា "តំបន់​បៃតង" ដោយ National Geographic ដោយសារ​ប្រវត្តិ​ដ៏​យូរលង់​​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​​នៅ​លើ​កោះ​ដ៏​ស្រស់ស្អាត​នោះ។

អាហារ​សមុទ្រ សាច់​អាំង​ ម្ហូប​ស្រស់ៗ​ចំអិន​នៅ​ផ្ទះ ទេសភាព​ស្រុកស្រែ និង ​ចម្ការ​ទំពាំងបាយជូរ បាន​បន្ថែម​នូវ​ភាព​ឥត​ខ្ចោះ​សម្រាប់​ភ្ញៀវ​ទៅ​ស្នាក់​នៅ​ទីនោះ។

តម្លៃ​ស្នាក់​នៅ​ចាប់​ពី ៦៦ ដុល្លារ​ឡើង​ទៅ​ក្នុង​១​យប់។

​៤ ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​អាហារ៖ ចម្ការ Coombeshead នៅ​តំបន់​ឆ្នេរ Cornwall ចក្រភព​អង់គ្លេស

ចម្ការ Coombeshead នៅ​តំបន់​ឆ្នេរ Cornwall ចក្រភព​អង់គ្លេស​ជា​កន្លែង​ដែល​ភ្ញៀវ​អាច​ទទួល​បាន​បទពិសោធន៍​ស្រែចម្ការ ទេសភាព​ជ្រលង​ភ្នំ វាលស្មៅ និង ការ​បរិភោគ​អាហារ​បែប​អង់គ្លេស​ទំនើប។

តម្លៃ​ស្នាក់​នៅ​ចាប់​ពី ២១០ ដុល្លារ​ឡើង​ទៅ​ក្នុង​១​យប់ និង អាហារ​ពេល​ល្ងាច​ចាប់​ពី​ ៨០ ដុល្លារ​ឡើង​ទៅ​ក្នុង​ម្នាក់។

៥ ​ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​ភ្នំ៖ ជនបទ Ecoparco Neule នៃ​ប្រទេស​អ៊ីតាលី

ទេសភាព​ចន្លោះ​ភ្នំ និង បឹង​សេឌ្រីណូ (Cedrino) ជនបទ Ecoparco Neule នៃ​ប្រទេស​អ៊ីតាលី បាន​ក្លាយ​ទៅ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​ភ្នំ។

ក្រោក​ពី​ព្រលឹម​ទទួល​ទានអាហារ និង កាហ្វេ​នៅ​លើ​ដំបូល​ផ្ទះ​មើល​ទេសភាព​បឹង​និង​ភ្នំ​ជុំវិញ​ខ្លួន គឺ​ជា​បទពិសោធន៍​ជីវិត​ល្អ​បំផុត។

​តម្លៃ​ស្នាក់​នៅ​ចាប់​ពី ៨៥ ដុល្លារ​ឡើង​ទៅ​ក្នុង​១​យប់៕

អាន៖ ហូឡង់​ថា​ពួកគេ​នឹង​ឈប់​ផ្សព្វផ្សាយ​ថា​ប្រទេស​គេ​ជា​គោលដៅ​ទេសចរណ៍​ទៀត​ហើយ

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់