• 2019-08-13 08:51:15
  • ព័ត៌មាន

មកដឹង ការពិតគួរឲ្យចាប់អារម្មណ៍ទាំង ៦យ៉ាងពីស្រីលង្កា មិនសូវមានអ្នកដឹង

  • 2019-08-13 08:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីលង្កា​ជា​ប្រទេស​ដែន​កោះ​មួយ​នៅ​អាស៊ី​ខាង​ត្បូង​នៃ​សមុទ្រ​ឥណ្ឌា ដែល​មាន​ប្រជាជន​ប្រមាណ​ជា ២១,៤៤​លាន​នាក់ (ស្ថិតិ​ធនាគារ​ពិភពលោក​ឆ្នាំ ២០១៧)។ លើស​ពី​នេះ​ទៀត ប្រទេស​ស្រី​លង្កា បាន​ទទួល​ភាព​ល្បីល្បាញ​​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​បេតិកភណ្ឌ​វប្បធម៌ ហើយ​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ព្រះ​ពុទ្ធ។ យ៉ាង​ណា​មិញ នៅ​មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត​ពី​ប្រទេស​ដែន​កោះ​មួយ​នេះ​ដែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍។

ដូច្នេះខាងក្រោមនេះ គឺជាការពិតគួរឲ្យចាប់អារម្មណ៍ទាំង ៦យ៉ាងពីស្រីលង្កា មិនសូវមានអ្នកដឹង ៖

១. ស្រីលង្កា​មាន​នាយករដ្ឋមន្ត្រី​ជាស្ត្រីភេទដំបូង​គេបង្អស់​ក្នុងពិភពលោក

អ្នក​ស្រី Sirima R. D. Bandaranaike បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស្រី​លង្កា​ចំនួន​បី​អាណត្ត​ពី​ឆ្នាំ ១៩៦០-១៩៦៥, ១៩៧០-១៩៧៧ និង ១៩៩៤-២០០០។ ក្រោយ​បញ្ចប់​ការ​សិក្សា អ្នក​ស្រី​បាន​ចូលរួម​សកម្មភាព​សង្គម​ជា​ច្រើន​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​បង្កើត​គ្រួសារ។ អ្នក​ស្រី បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ពេល​ដែល​ស្វាមី​កំពុង​កាន់​តំណែង ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ឆ្នាំ ១៩៥៩។

២. ស្រីលង្កា​ត្រូវ​បាន​គេហៅថាជា "ដំណក់ទឹកភ្នែករបស់ឥណ្ឌា”

ដោយ​សារ​សណ្ឋាន​ផ្ទៃដី​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ វា​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា​ជា "ដំណក់​ទឹក​ភ្នែក​របស់​ឥណ្ឌា”។ ប្រទេស​នេះ ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ឧបទ្វីប​ឥណ្ឌា​ដោយ​ឈូង​សមុទ្រ Mannar និង Palk Strait។

៣. មានដើមពោធិព្រឹក្សដែល​មានអាយុកាលច្រើនបំផុតដាំដោយមនុស្ស

ដើម​ពោធិ​ព្រឹក្ស​មួយ​ក្នុង​ប្រទេស​ស្រីលង្កា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​អាយុ​កាល​ច្រើន​ឆ្នាំ​បំផុត​នៅ​ក្នុង​ពិភពលោក។ ដើម​នេះ ត្រូវ​បាន​គេ​ជឿ​ថា​មាន​អាយុ​កាល ២ ៣០០​ឆ្នាំ​ដែល​ដាំ​នៅ​ក្នុង​ទីក្រុង Anuradhapura កាល​ពី ២៨៨​ឆ្នាំ​មុន​គ.ស។

៤. មានសត្វលើគោក និង​ក្នុងទឹកធំបំផុត

បើ​ទោះ​បី​ជា​មាន​ផ្ទៃ​ដី​តូច និង​ភូមិសាស្ត្រ​កាត់​ផ្ដាច់​ចេញ​ពី​អាស៊ី​ដី​គោក​យ៉ាង​ណា​ក្ដី ស្រីលង្កា​ជា​ប្រទេស​ដែល​មាន​សត្វ​រស់​លើ​គោក​ធំ​ជាង​គេ​បំផុត (ដំរី) និង​សត្វ​ក្នុង​ទឹក​ធំ​បំផុត (ត្រី​បាឡែន​ខៀវ)។

៥. ជា​ប្រទេស​ដែល​មាន​ទេសភាព​ស្អាត​បំផុត​មួយ​ក្នុង​ពិភពលោក

ស្រីលង្កា​ជា​គោល​ដៅ​ទេសចរ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ពិភពលោក ដោយសារ​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​ និង​គួរ​ឲ្យ​ទាក់ទាញ។ ក្រៅ​ពី​តំបន់​ភ្នំ និង​ទឹក​ជ្រោះ​ធម្មជាតិ ស្រី​លង្កា​មាន​តំបន់​អេកូ​ទេសចរ​ព្រៃ​កោងកាង​ជាង ៧​ពាន់​ហិចតា ក៏​ដូច​ជា​ជីវ​ចម្រុះ​រួម​ជាមួយ​ផ្កា​ថ្ម​នៅ​ក្នុង​សមុទ្រ​ផង​ដែរ។

៦. ប្រជាជន​ស្រីលង្កា​ភាគច្រើនស្រឡាញ់បក្សី

ដោយ​សារ​ប្រជាជន មាន​ជំនឿ​ថា​សត្វ​បក្សី​នឹង​នាំ​សំណាង​ឲ្យ​ពួកគេ ផ្ទះ​នៅ​ក្នុង​ភូមិ​ជា​ច្រើន ត្រូវ​បាន​គេ​ធ្វើ​សម្បុក​សម្រាប់​សត្វ​បក្សី​មក​ទំ​នៅ។ លើស​ពី​នេះ​ទៀត ក្ងោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ពិសិដ្ឋ​ដែល​ពលរដ្ឋ​គោរព​បូជា​ដូច​ជា​ព្រះ៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់