- 2019-08-23 06:56:55
- ព័ត៌មាន
ទឹកប្រាក់ជាង ៤៥លានរៀលត្រូវបានបរិច្ចាគទៅកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយឥតគិតថ្លៃ
- 2019-08-23 06:56:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកប្រាក់ជាង ៤៥លានរៀលត្រូវបានបរិច្ចាគទៅកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា ក្នុងកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយឥតគិតថ្លៃ ព្រមទាំងបានបរិច្ចាគប្រាក់ចំនួន ៤៥.៧០០.០០០ រៀលទៀតផង។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ CIMB ប្រមាណ ៧០នាក់ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ធ្មេញ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសអូស្ត្រាលី ជូនប្រជាពលរដ្ឋ ចំនួន ៤៤១ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ និងមកពីខេត្តផ្សេងៗទៀត។
លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានឲ្យដឹងថា ការឧបត្ថម្ភ ដល់កម្មវិធីព្យាបាលភ្នែក និងធ្មេញនេះ គឺដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពភ្នែកភ្នែក និងធ្មេញ របស់ប្រជាពលរដ្ឋក្រីក្រ ដែលមានការខ្វះធនធាន។
លោកថ្លែងថា ៖« ភ្នែក និងធ្មេញ គឺពិតជាមានសារៈសំខាន់ណាស់ ដែលជួយផ្ដល់នូវសុខុមាលភាព និងសម្រួលដល់បន្ទុករបស់ប្រជាប្រជាជនទាំងនោះ ហើយទីបញ្ចប់នឹងនាំឲ្យពួកគាត់មានលទ្ធភាពប្រកបអាជីវកម្ម ចិញ្ចឹមគ្រួសាររបស់ពួកគាត់»។
លោកបន្តថា ៖« ការចូលរួមរបស់ធនាគារយើងខ្ញុំ គឺរួមទាំងកម្លាំងកាយចិត្តរបស់បុគ្គលិក និងថ្នាក់ដឹកនាំ ព្រមទាំងថវិការបស់ធនាគារ ដែលដកចេញពីមួយផ្នែក នៃប្រាក់ចំណេញរបស់ធនាគារ»។
ការព្យាបាលនេះដោយអត់គិតថ្លៃមួយនេះ គឺត្រូវធ្វើឡើងនៅក្នុងរយះពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈការពិនិត្យ និងព្យាបាលភ្នែក គឺធ្វើនៅឯគ្លីនិកទន្តសាស្ត្រពុទ្ធិសាស្ត្រ។
ក្នុងនោះផងដែរ លោកស្រី សឹម សាវឿន មានវ័យ ៥៥ ឆ្នាំ ដែលបានទទួលការព្យាបាលភ្នែក ក្នុងកម្មវិធីសប្បុរសធម៌នេះ បានរៀបរាប់ឲ្យដឹងថា លោកស្រីពិតជាសប្បាយចិត្តណាស់ ក្រោយពីទទួលបានការព្យាបាលភ្នែកម្ខាងរួច ព្រោះភ្នែកខ្ញុំឈឺផ្សារាប់ឆ្នាំមកហើយ។
លោកស្រីថា ៖« បើសិនភ្នែកដែលព្យាបាលហើយ មានភាពល្អប្រសើរ ខ្ញុំនឹងបន្តព្យាបាលម្ខាងទៀត ពេលក្រោយ ហើយនឹងណែនាំបងប្អូនឲ្យមកព្យាបាលផងដែរ។ ខ្ញុំសូមអរគុណជាខ្លាំង ដល់អ្នកឧបត្ថម្ភទាំងអស់ ដែលបានព្យាបាល ឥតគិតថ្លៃនេះ ដល់រូបខ្ញុំ»។
បញ្ជាក់ផងដែរថា រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ច ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម។