- 2019-08-30 03:48:35
- ព័ត៌មាន
អ្នកធ្វើអាជីវកម្មលើវត្ថុអនុស្សាវរីយ៍ទាំងនេះប្រយ័ត្នមានទោសបើពាក់ព័ន្ធនឹងសត្វព្រៃ
- 2019-08-30 03:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្វើអាជីវកម្មលើវត្ថុអនុស្សាវរីយ៍ទាំងនេះប្រយ័ត្នមានទោសបើពាក់ព័ន្ធនឹងសត្វព្រៃ
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងថាក្រសួងបានជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថាអាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះថាខុសនឹងច្បាប់ព្រៃឈើនិងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្រ្តា ថ្លែងនៅថ្ងៃនេះចំពោះវិធានការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរវត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសថា វិធានការណែនាំនេះជាជំហានដំបូង ក្រសួងបរិស្ថានបានជូនដំណឹងរួចហើយដល់ម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣២ កន្លែងនៅក្នុងខេត្តសៀមរាបនិងខេត្តព្រះសីហនុ ដោយថាការធ្វើពាណិជ្ជកម្មគ្រប់រូបភាពលើភ្លុកដំរី និងកុយរមាសគឺជាអំពើខុសច្បាប់។ នេះបើតាមការផ្សាយនៅលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននាព្រឹកនេះ។
ឯកឧត្តមបន្តថាជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពាក់ព័ន្ធនឹងការលក់វត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធសត្វព្រៃនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត។
បើតាមឯកឧត្តម នេត្រ ភក្រា វិធានការនេះធ្វើឡើងបន្ទាប់ពីតាមរបាយការណ៍អង្កេតស្រាវជ្រាវយ៉ាងដិតដល់របស់កម្លាំងមានសមត្ថកិច្ចនាពេលថ្មីៗនេះ ដែលបានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមានលក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕