- 2019-09-03 07:49:31
- ព័ត៌មាន
យុវជនកម្ពុជា ឡាវ វៀតណាម បង្ហាញអំពីក្ដីបារម្ភ ៣ ខុសៗគ្នា
- 2019-09-03 07:49:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនកម្ពុជា ឡាវ វៀតណាម បង្ហាញអំពីក្ដីបារម្ភ ៣ ខុសៗគ្នា
ចន្លោះមិនឃើញ
និស្សិតអាហារូបករណ៍របស់ក្រុមហ៊ុន SCG មកពីប្រទេសអាស៊ានចំនួន ៧ កាលពីពេលថ្មីៗកន្លងទៅនេះ បានចូលរួមនៅក្នុងសន្និសីទស្ដីពីការអភិវឌ្ឍដោយចីរភាព (Sustainable Development Symposium) នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលរៀបចំកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន SCG និងបានចែករំលែកក្ដីកង្វល់របស់ពួកគេ អំពីអនាគតនិងនិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសរបស់ពួកគេ។
និស្សិតអាស៊ានដែលមានចំនួន ៧៣នាក់ គឺជានិស្សិតអាហារូបករណ៍ «ចែករំលែកក្ដីសុបិន» របស់ SCG មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម។ ពួកគេគឺជាបណ្ដាញយុវជនអាស៊ានមួយក្រុម ដែលខ្វល់ខ្វាយអំពីបញ្ហាបរិស្ថាន និងចង់ចូលរួមចំណែកកសាងអនាគតមួយដែលប្រកបដោយចីរភាព។
និស្សិតទាំងនេះ បានលើកឡើងអំពីបញ្ហាបរិស្ថាននៅក្នុងអាស៊ាន ជម្រាបដល់អ្នកចូលរួមនៅក្នុងសន្និសីទ ដែលរួមមាន មេដឹកនាំធុរកិច្ច មន្ត្រីរដ្ឋាភិបាល តំណាងអង្គការអន្តររដ្ឋាភិបាល និងតំណាងអង្គការសហប្រជាជាតិផងដែរ។
និស្សិតមកពីកម្ពុជា បានសម្ដែងនូវកង្វល់អំពីបញ្ហាសំណល់ប្លាស្ទិកនៅកម្ពុជា និងបានសំណូមពរឲ្យមានការគិតគូរដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ និស្សិតមកពីប្រទេសឡាវ បានលើកឡើងអំពីបញ្ហាជម្រៅទឹកកាន់តែរាក់ទៅៗ នៅក្នុងទន្លេមេគង្គ ដែលពួកគេបានអះអាងថា បញ្ហានេះគឺបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើ។ ចំណែកឯនិស្សិតមកពីវៀតណាម បានសម្ដែងក្ដីបារម្ភចំពោះបញ្ហាអាកាសធាតុក្ដៅខ្លាំងឡើងៗ នៅទីក្រុងហូជីមិញ។
កង្វល់អំពីបញ្ហាបរិស្ថានទាំងនេះ ត្រូវបាននិស្សិតអាស៊ានចែករំលែកដល់អ្នកចូលរួមជិត ២ ០០០ នាក់ នៅក្នុងសន្និសីទស្ដីពីការអភិវឌ្ឍដោយចីរភាព ដែលឆ្នាំ ២០១៩ នេះ ក៏ជាខួបទី ១០ ឆ្នាំនៃព្រឹត្តិការណ៍នេះផងដែរ។
នៅឯសន្និសីទដដែលនេះ ស្ថាប័ននិងក្រុមហ៊ុនធំៗគ្រាក់ៗ ចំនួន ៤៤ ក៏បានប្រកាសពីកិច្ចសហប្រតិបត្តិការជាដៃគូ ដើម្បីជំរុញ «សេដ្ឋកិច្ចវិលជុំ» (Circular Economy) នៅក្នុងដំណើរការទាំងមូលនៃការផលិត ការប្រើប្រាស់ និងការច្នៃប្រើប្រាស់ឡើងវិញ ដោយលើកទឹកចិត្តដល់ «ការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពបំផុត ការញែកសំរាម និងការចោលសំរាមឲ្យបានត្រឹមត្រូវ» ដើម្បីដោះស្រាយបញ្ហាកង្វះធនធាន និងសំណល់ដែលច្រើនហួសហេតុ ។
កិច្ចសហប្រតិបត្តិនេះ មានបំណងបង្កើតនូវឧស្សាហកម្មមួយដែលមានចីរភាព ដែលប្រយុទ្ធប្រឆាំងនឹងការបំពុលសំរាមផ្លាស្ទិកនៅក្នុងសមុទ្រ កែលម្អជីវភាពរបស់សហគមន៍មូលដ្ឋាន និងគ្រប់គ្រងសំណល់ឧស្សាហកម្ម ៕