- 2019-09-08 06:56:00
- សេដ្ឋកិច្ច
ការពិត៥យ៉ាងដែលអ្នកមិនបានដឹងអំពីប្រទេសបារ៉ែន
- 2019-09-08 06:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត៥យ៉ាងដែលអ្នកមិនបានដឹងអំពីប្រទេសបារ៉ែន
ចន្លោះមិនឃើញ
កម្ពុជានឹងបើកទ្វារស្វាគមន៍បារ៉ែននៅក្នុងការប្រកួតជម្រុះ World Cup ២០២២។ ក្រៅតែពីដឹងថាបារ៉ែនជាប្រទេសនៅឧបទ្វីបអារ៉ាប់ហើយ មនុស្សភាគច្រើនមិនសូវបានដឹងអំពីប្រទេសនេះទេ។ ខាងក្រោមនេះគឺជាការពិត៥យ៉ាងអំពីប្រទេសអ្នកមានមួយនេះ៖
១ វាជាប្រទេសតូចជាងគេបំផុតលំដាប់ទី៣នៅអាស៊ី
ប្រទេសអាស៊ីដែលតូចជាងគេគឺ សិង្ហបុរី និង ម៉ាល់ឌីវ ហើយបារ៉ែនគឺជាប្រទេសតូចបំផុតទី៣នៅអាស៊ី វាមានផ្ទៃដីត្រឹម៧៧៨ គីឡូម៉ែត្ការ៉េ (របាយការណ៍ World Bank ឆ្នាំ២០១៨)។ បារ៉ែនមានឈ្មោះផ្លូវការថា ព្រះរាជាណាចក្របារ៉ែន។
ប្រទេសនេះគ្មានព្រំប្រទល់គោកជាប់នឹងប្រទេសណាទេ វាកើតចេញពីប្រជុំកោះចំនួន ៨៤ ដែលមានឆ្នេរលាតសន្ធឹងប្រមាណ ១៦០,៩ គីឡូម៉ែត្រ។ នេះបើតាម World Atlas។ បារ៉ែនស្ថិតនៅក្នុង ឈូងសមុទ្រពែរ្ស ភាគខាងជើងនៃប្រទេសកាតា និង ស្ថិតនៅទិសបូព៌ានៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។
២ បារ៉ែនទើបទទួលឯករាជ្យជាងកន្លះសតវត្សមុនប៉ុណ្ណោះ
បារ៉ែនទើបទទួលបានឯករាជ្យពីពួកពែរ្ស (អ៊ីរ៉ង់) នៅឆ្នាំ១៩៧១ ពោលគឺកាលពី ៤៨ឆ្នាំមុន។
បារ៉ែនបានក្លាយទៅផ្នែកនៃទឹកដីរបស់ជនជាតិពែរ្ស (អ៊ីរ៉ង់) នៅដើមសតវត្សទី១៧ក្រោយពួកពែរ្សបណ្ដេញអាណានិគមព័រទុយហ្គាល់ពីទឹកដីបារ៉ែន បន្ទាប់ពីព័រទុយហ្គាល់បានគ្រប់គ្រងបារ៉ែនអស់រយៈពេល៨១ឆ្នាំ (១៥២១-១៦០២)។
៣ បារ៉ែនមានន័យថា "សមុទ្រ២"
ប្រទេសនេះយកឈ្មោះពីភាសាអារ៉ាប់ “al-Bahrayn” ដែលប្រែថា "the two seasឬ សមុទ្រ២"។
៤ បារ៉ែនតូចតែជាប្រទេសអ្នកមាន
របាយការណ៍ឆ្នាំ២០១៨របស់ធនាគារពិភពលោកបង្ហាញថា បារ៉ែនមានប្រជាជនប្រមាណ ១,៦ លាននាក់ ពោលគឺតិចជាងកម្ពុជា១០ដង តែបារ៉ែនស្ថិតក្នុងចំណោមប្រទេសអ្នកមាននៅលើពិភពលោក។ ចំណូលជាមធ្យមដែលប្រជាជនម្នាក់រកបានក្នុង១ឆ្នាំ (GDP per capita) មានប្រមាណ ២៩,១៤៦ ដុល្លារ។
ផលិតផលប្រេងឆៅ និង ប្រេងឥន្ធនៈគឺជាការនាំចេញចម្បងរបស់បារ៉ែន។ ប្រទេសនេះផលិតប្រេងជាមធ្យមបាន ៤០,០០០ បារ៉ែលក្នុង១ថ្ងៃ។ ជារួម ប្រទេសនៅឧបទ្វីបអារ៉ាប់ភាគច្រើន កើតមកនៅលើទឹកដីដ៏អំណោយទានជាដីរ៉ែ ហើយអ្នកក្បែរខាងបារ៉ែនដូចជា កាតា អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួមជាដើមសុទ្ធតែជាប្រទេសស្តេចប្រេង។
៥ ប្រើប្រាស់ថាមពលអគ្គិសនីច្រើនបំផុតលំដាប់ទី៣
ឧបទ្វីបអារ៉ាប់តែងមានអាកាសធាតុក្តៅនិងសើមពេញមួយឆ្នាំ ព្រោះសណ្ឋានដីភាគច្រើនជាដីខ្សាច់។ ជាក់ស្តែង កាលពីខែមិថុនាកន្លងទៅ បារ៉ែនជាប់កំណត់ត្រាជាប្រទេសក្តៅបំផុតក្នុងចំណោមប្រទេសនៅឈូងសមុទ្រអារ៉ាប់។ វាមានសីតុណ្ហភាពជាមធ្យមក្នុងខែមិថុនាគឺ ៣៦,៣ អង្សាសេ ហើយក្តៅបំផុតរហូតដល់ ៤៥,៣ អង្សាសេ។
យោងតាមស្ថិតិ ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលអន្តរជាតិកាលពីឆ្នាំ២០១៨ បារ៉ែនគឺជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងគេបំផុតនៅអាស៊ី នៅពេលគិតជាមធ្យមនូវថាមពលដែលមនុស្សម្នាក់ៗប្រើប្រាស់ (ប្រមាណ ១៦,៦៣៦.៥២ គីឡូវ៉ាត់ម៉ោង) និង ជាប្រទេសស្រេកឃ្លានថាមពលខ្លាំងលំដាប់ទី៣នៅលើពិភពលោក តាមពីក្រោយ អ៊ីស្លង់ និង ន័រវែស៕