• 2019-10-10 09:10:52
  • ព័ត៌មាន

និស្សិតជប៉ុន​ម្នាក់​រៀន​តាម​ក្បួននិនចា សរសេរតែង​សេចក្ដីបានពិន្ទុខ្ពស់​លើស​គេ​

  • 2019-10-10 09:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​នារីជនជាតិ​ជប៉ុន​ម្នាក់​បាន​សរសេរតែងសេចក្ដី​អំពី​សារមន្ទីរ​និនចា​ និងបាន​ធ្វើ​ឲ្យ​គ្រូ​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ចំពោះ​ភាពច្នៃប្រ​ឌិត​របស់នាង​លើ​សំណេរ​តែង​សេចក្ដី​នោះ។

ក្នុង​ស័យ​១៩​ឆ្នាំ និស្សិត​Eimi Haga បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ ហើយ​នៅ​ឆមាសទី​១ ឆ្នាំទី​១​នាង​បាន​ជ្រើស​រើសរៀន​ប្រវត្តិសាស្រ្តស្ដីពី​និនចា។ Eimi Haga បាន​ចាប់អារម្មណ៍​លើ​និនចា​តាំងពី​កុមារភាព​មក​ម្លេះ​តាម​រយៈ​ការ​មើល​គំនូរជីវចល​តាម​ទូរទស្សន៍។

ពេល​ទៅ​មើល​សារមន្ទីរនិនចារ ​គ្រូ​ប្រចាំថ្នាក់​បាន​តម្រូវ​ឲ្យ​និស្សិត​ទាំងអស់​សរសេរ​តែង​សេចក្ដី​ពី​សារមន្ទីរនោះ។ ​គ្រូ​បាន​បញ្ជាក់ថាអ្នក​សរសេរ​ប្រ​កប​ដោយ​ភាព​ច្នៃប្រ​ឌិត​នឹង​បាន​ពិន្ទុ​ខ្ពស់។

Eimi Haga បាន​គិត​ឃើញ​វិធី​សរសេរ​មួយ​បែប​ដែលនាង​បាន​រៀន​ពី​និនចា គឺ​សំណេរ​លើ​ក្រដាស​ហើយ​មិន​អាច​មើល​អក្សរ​ឃើញ​បាន​ លុះត្រាតែយក​ក្រដាស​នោះទៅរោល​ភ្លើង។

នាង​បាន​យក​សណ្ដែក​សៀង​ត្រាំ​មួយ​យប់ រួចកិនវា​ឲ្យ​ទៅ​ជាម្សៅ និង​យកវា​ដាក់​ក្នុង​ថង់ក្រណាត់​សង្កត់ទុក​ឲ្យ​អស់ទឹក។​ ក្រោយ​មក​ទៀត​នាង​បាន​យក​ម្សៅ​សណ្ដែង​សៀង​​ទៅ​លាយជា​មួយ​ទឹក​វិញ​ម្ដង​ទៀត​មុន​នឹង​យក​មក​​សរសេរ។ ពេល​នាង​សរសេរ​លើ​ក្រដាស​រួច​ទុករយៈពេល​ពីរ​ម៉ោង​ដើម្បី​ឲ្យ​ក្រ​ដាស​នោះស្ងួត ដែល​ថា​ពេល​ស្ងួត​អក្សរ​នឹង​បាត់​ មើល​មិន​ឃើញ។

Eimi Haga និយាយថា​៖ «​ខ្ញុំ​ច្នៃប្រ​ឌិត​ដូចនេះ​ព្រោះចង់បាន​ពិន្ទុខ្ពស់ ហើយ​មិនគិតថា​មាន​អ្នក​មាន​គំនិត​ដូច​ខ្ញុំនោះ​ទេ»។​

ដើម្បី​កុំ​ឲ្យ​គ្រូ​បោះ​ក្រដាស​នាង​ចោល​ដោយ​ឃើញតែ​​ក្រដាសទទេ​ស្អាតនោះ នាង​បាន​ភ្ជាប់​សំណេរ​ខ្លី​មួយ​ជាមួយ​ក្រដាស​តែង​សេចក្ដី​​របស់​នាង​មាន​ន័យថា «រោល​វាសិន»។ នៅពេល​យក ទៅ​រោលភ្លើង ក្រដាសសំណេរតែងសេចក្ដីនោះក៏​លេច​ចេញ​ជាអក្សរ​ឡើង។ លោក​គ្រូ​រូបនោះ​បាន​ឲ្យពិន្ទុ​នាង​ខ្ពស់​បំផុត​លើគំនិត​ច្នៃប្រ​ឌិត​មួយនេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់