- 2019-10-11 03:57:12
- ព័ត៌មាន
អបអរ! កូនខ្មែរ ២៧០នាក់ស្រលាញ់ការសិក្សាតែខ្វះលទ្ធភាព ឥលូវទទួលបានអាហារូបករណ៍ពីអេសស៊ីជីហើយ
- 2019-10-11 03:57:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! កូនខ្មែរ ២៧០នាក់ស្រលាញ់ការសិក្សាតែខ្វះលទ្ធភាព ឥលូវទទួលបានអាហារូបករណ៍ពីអេសស៊ីជីហើយ
ចន្លោះមិនឃើញ
កាលពីល្ងាចម្សិលមិញ ក្រុមហ៊ុន អេសស៊ីជី ដែលឈានមុខគេផ្នែកសម្ភារសំណង់នៅអាស៊ាន បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រអាហារូបករណ៍ជាផ្លូវការ ជូនសិស្សនិស្សិតក្រីក្រកម្ពុជា ចំនួន២៧០នាក់ ដែលមានជាទឹកប្រាក់សរុបចំនួន ៦២០០០ដុល្លារ។
នេះជាឆ្នាំទី ៦ ហើយដែល អេសស៊ីជី បានបង្កើតឲ្យមានកម្មវិធី «SCG ចែករំលែកក្តីសុបិន» នៅកម្ពុជា ក្នុងគោលបំណងចង់ផ្តល់ឱកាសដ៏ល្អប្រសើរសម្រាប់សិស្សដែលមានអាកប្បកិរិយាល្អ និងជួយពួកគាត់ឲ្យសម្រេចនូវបំណងប្រាថ្នាក្នុងការសិក្សារបស់ខ្លួន។ កម្មវិធីនេះលេចឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន អេសស៊ីជី និង ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថានទូតថៃ។
ព្រឹត្តិការណ៍ដ៏រំភើបរីករាយនេះមានការចូលរួមជាអធិបតីភាព ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម Panyarak Poolthup ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ,និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុមហ៊ុន SCG។
លោក Paramate Nisagornsen អគ្គនាយករងអាជីវកម្មក្នុងតំបន់នៃក្រុមហ៊ុនសម្ភារសំណង់ អេសស៊ីជី បានឲ្យដឹងថា៖ « អេស ស៊ីជី នៅតែបន្តនូវកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន ជាមួយឆន្ទៈ មុះមុតក្នុងការជួយដល់សិស្សដែលមានអាកប្បកិរិយាល្អ និង មានការប្តេជ្ញាចិត្តក្នុងការសិក្សា ប៉ុន្តែជួបនឹងវិបត្តិហិរញ្ញវត្ថុ។ ឆ្នាំនេះ អេសស៊ីជី បានផ្តល់អាហារូបករណ៍ ២៥០ នាក់សម្រាប់ថ្នាក់វិទ្យាល័យ និង ២០នាក់សម្រាប់ការជួយជាបន្តបន្ទាប់សម្រាប់ថ្នាក់សាកលវិទ្យាល័យ»។
«អេសស៊ីជី ជឿជាក់ថាធនធានមនុស្ស គឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ យើងមើលឃើញថា ថ្នាក់វិទ្យាល័យគឺជាដំណាក់កាលសំខាន់បំផុតសម្រាប់សិស្សានុសិស្ស ។ លើសពីនេះទៀត យើងបានបន្ថែមអាហារូបករណ៍មួយកម្រិតទៀត ដែលជាអាហារូបករណ៍រយៈពេលយូរ សម្រាប់អតីតសិស្សអាហារូបករណ៍ថ្នាក់វិទ្យាល័យដែលជាប់បាក់ឌុប និងចាប់ផ្តើមបន្តការសិក្សាឆ្នាំទី១ នៅសាកលវិទ្យាល័យ។ នេះគឺដើម្បី ជួយឲ្យពួកគេអាចបន្តការសិក្សាបានកាន់តែខ្ពស់ដោយមិនបាច់បារម្ភ ពីហិរញ្ញវត្ថុ ហើយអាចជួយឲ្យពួកគាត់អាចផ្ដោតរៀនសូត្រដើម្បីសម្រេចបំណងប្រាថ្នាសម្រាប់អនាគតដ៏ល្អប្រសើរថែមទៀត»។ លោកបញ្ជាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងដែរថា៖ «ក្រុមហ៊ុន អេសស៊ីជី មិនត្រឹមតែវិនិយោគ និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សហគមន៍ដែលក្រុមហ៊ុនបានដំណើរការអាជីវកម្មរបស់ខ្លួន។ វាគឺជាការប្ដេជ្ញាចិត្តដើម្បី បង្កើននូវជីវភាពរស់នៅឲ្យប្រសើរឡើងសម្រាប់ការជួយដល់វិស័យអប់រំនៅកម្ពុជា ដោយបានផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា ចាប់តាំងឆ្នាំ ២០១៤មកម្ល៉េះ» ។
លោក Panyarak Poolthup ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា បានលើកឡើងដែរថា លោកពិតជារីករាយ ដែលអេសស៊ីជី បានខិតខំប្រឹងប្រែង និងតែងតែបន្តជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន ។ នេះជាយុទ្ធនាការមួយដែលតែងតែបន្តឆ្ពោះទៅមុខជានិច្ច ហើយវាបានឆ្លុះបញ្ចាំងនូវបំណងប្រាថ្នា របស់ក្រុមហ៊ុនក្នុងការដើរតួយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍កម្ពុជា។
មិនត្រឹមតែផ្តល់អាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន អេសស៊ីជី ក៏បានរៀបចំនូវកម្មវិធី ជំនួយផ្លូវចិត្ត និង ស្មារតី ដែលផ្តល់សង្ឃដីកាដោយ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព ក្នុងប្រធានបទ «បន្តអនាគតរបស់យើងដោយផ្ដោតទៅលើការអប់រំ ការអភិវឌ្ឍន៍សង្គម និងការថែរក្សាបរិស្ថាន» ។ វាគឺជាការបង្ហាញផ្លូវដល់សិស្សានុសិស្សដើម្បី បន្តនូវបំណងប្រាថ្នារបស់ខ្លួន និងឲ្យយកចិត្តទុកដាក់លើនិរន្តភាពនៃកម្ពុជា។
បន្ទាប់ពីកម្មវិធី នេះចប់ អេសស៊ីជី ក៏បានផ្តល់ឱកាសដល់អតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន ដើម្បី ចែករំលែក នូវបទពិសោធន៍ របស់ខ្លួន ដែលទទួលនូវការជួយជ្រោមជ្រែងពី អេសស៊ីជី ជាបន្តបន្ទាប់ ដូចជាការចូលរួមក្នុងកម្មវិធី បោះតង់ចែករំលែកក្តីសុបិន ក្នុងឆ្នាំ២០១៩ ដែលបានប្រមូលផ្តុំដោយអតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន នៅក្នុងតំបន់។
ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដែលបានផ្តល់នូវផលិតផលសម្ភារសំណង់គ្រប់ប្រភេទ។ ក្រុមហ៊ុនបានដំណើរការអាជីវកម្ម និងសកម្មភាពរបស់ខ្លួនក្រោមការប្ដេជ្ញាចិត្តថា «បំណងប្រាថ្នាសម្រាប់អនាគតដ៏ប្រសើរ» ដែលមានគោលបំណងចង់ឲ្យកម្ពុជាទទួលបានអនាគតដ៏ប្រសើរ និងការរស់នៅដ៏ល្អប្រកបដោយនិរន្តរភាព៕