• 2019-10-14 02:30:24
  • ព័ត៌មាន

ធនាគារ​អន្តរជាតិ​មួយ​នៅ​កម្ពុជា​ជួយ​លើក​កម្ពស់​ការ​អប់រំ​ដល់​និស្សិត​ក្រីក្រ​

  • 2019-10-14 02:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានឧបត្ថម្ភសម្ភារៈកុំព្យូទ័រមួយចំនួន ដល់អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា (អង្គការ PNC) ដែលជាសាលាផ្តល់ការសិក្សាដោយឥតគិតថ្លៃ ដល់និស្សិតក្រីក្រ សម្រាប់ថ្នាក់បរិញ្ញាប័ត្ររង លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

ការ​ឧបត្ថម្ភនេះធ្វើឡើង​កាលពី​ថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០១៩ ​គឺ​ស្របតាមតម្រូវការចាំបាច់របស់អង្គការ PNC ហើយ​សម្ភារៈកុំព្យូរទ័រ ដែលធនាគារ CIMB បានឧបត្ថម្ភ គឺរួមមានកុំព្យូទ័រយួរដៃ ចំនួន១០គ្រឿង តុកុំព្យូទ័រ ចំនួន១០គ្រឿង និងឧបករណ៍បញ្ចាំង LCD ចំនួន១គ្រឿងផងដែរ។

ថ្លែងក្នុងពិធីប្រគល់សម្ភារៈកុំព្យូទ័រនេះ លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិស្តីទី របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «តាងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ CIMB សូមកោតសរសើរនូវសមិទ្ធផល ដែលអង្គការ PNC ទទួលបាន ក៏ដូចជាផ្តល់ការសិក្សាដោយឥតបង់ប្រាក់ ដល់សិស្សក្រីក្រ មកពីតាមបណ្តាខេត្តនានា ដោយផ្តោតទៅលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ហើយកំពុងត្រូវការសម្ភារៈកុំព្យូទ័របន្ថែមទៀត ដើម្បីឲ្យសិស្ស នៅក្នុងអង្គការ សិក្សារៀនសូត្រ។ យើងខ្ញុំជឿជាក់ថា កុំព្យូទ័រយួរដៃ តុកុំព្យូទ័រ និងឧបករណ៍បញ្ចាំង LCD ដែលយើងខ្ញុំប្រគល់ជូននេះ នឹងបំពេញសេចក្តីត្រូវការ ហើយបង្កើនប្រសិទ្ធភាព នៃការសិក្សារបស់សិស្ស នៅក្នុងអង្គការ PNC មួយកម្រិតទៀត»។

មិនតែប៉ុណ្ណោះ លោក ហុង ជៀប បានបន្ថែមទៀតថា៖ «តាមរយៈការចុះមកដោយផ្ទាល់នេះ លោកសង្កេតឃើញថា សិស្សនៅក្នុងអង្គការ PNC ទទួលបានការបណ្តុះបណ្តាលទាំងជំនាញ IT និងភាសាអង់គ្លេស បានយ៉ាងល្អប្រសើរ ដែលនេះគឺជាគុណសម្បត្តិមួយ ជួយឲ្យពួកគេត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ឱកាសការងារ នៅពេលខាងមុខ។ កន្លងមក ធនាគារ CIMB ក៏មានបុគ្គលិកបម្រើការងារ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលជាអតីតសិស្ស មកពីអង្គការ PNC ផងដែរ។ ក្រៅពីការឧបត្ថម្ភសម្ភារៈសិក្សា ដល់អង្គការ PNC នាថ្ងៃនេះ ធនាគារ CIMB ក៏នឹងពិចារណា ផ្តល់ឱកាសដល់សិស្ស របស់អង្គការ PNC សម្រាប់បំពេញការងារ ជាបុគ្គលិកហាត់ការផងដែរ ដែលកាន់តែជួយឲ្យពួកគេទទួលបានការអនុវត្តផ្ទាល់ និងជំនាញការងារមួយកម្រិតទៀតផង»​។

ជាមួយគ្នានេះដែរ លោកស្រី Eleonore IRIART នាយកគ្រប់គ្រងទូទៅ របស់អង្គការ PNC បាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភសម្ភារៈកុំព្យូទ័ររបស់ធនាគារ CIMB នាថ្ងៃនេះ។ សម្រាប់អង្គការយើងខ្ញុំ សម្ភារៈទាំងអស់នេះ គឺពិតជាមានសារៈសំខាន់មែនទែន សម្រាប់អង្គការរបស់យើង ដែលអាចផ្តល់ឲ្យសិស្សរបស់យើង ក្នុងការសិក្សា និងអនុវត្តជំនាញ IT របស់ខ្លួនកាន់តែប្រសើរ ហើយវាគឺពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់។ តាមរយៈសមិទ្ធផល នាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងនឹងបន្តកិច្ចសហការ រវាងធនាគារ CIMB និងអង្គការ PNC តទៀត រួមទាំងការផ្តល់ឱកាសការងារហាត់ការ ពីធនាគារ ដល់និស្សិតរបស់អង្គការ PNC ផងដែរ។»។

សូមបញ្ជាក់ផងដែរថា ធនាគារ CIMB ជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៤ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ អស់រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស។ ចំណែក​ វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម និង​​វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម៕

មតិយោបល់