- 2019-10-21 12:35:46
- ព័ត៌មាន
អាជ្ញាធរជាតិអប្សរា អំពាវនាវឲ្យចូលរួមលុបបំបាត់ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពនៅតំបន់អង្គរ
- 2019-10-21 12:35:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរា អំពាវនាវឲ្យចូលរួមលុបបំបាត់ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពនៅតំបន់អង្គរ
ចន្លោះមិនឃើញ
ក្នុងល្ងាចថ្ងៃច័ន្ទនេះ (ទី២១ ខែតុលា) អាជ្ញាធរជាតិអប្សរាបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក ដោយបានអំពាវនាវឲ្យរួមគ្នាលុបបំបាត់ការផ្សព្វផ្សាយ និងចែកចាយរូបភាព ដែលខុសពីបច្ចុប្បន្នភាពនៅតំបន់អង្គរ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីបានមើលឃើញនូវការផ្សព្វផ្សាយ និងចែករំលែករូបភាព ដែលផ្ទុយនឹងបច្ចុប្បន្នភាពនៅតំបន់រមណីយដ្ឋានអង្គរនៅក្នុងបណ្ដាញសង្គម។ អាជ្ញាធរជាតិអប្សរាបានយល់ឃើញថា សកម្មភាពទាំងនេះ " ខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ "។
ការធ្វើបែបនេះធ្វើឲ្យភ្ញៀវទេសចរ មានការគិតខុស និងយល់ច្រឡំ ហើយសម្រេចចិត្តមិនធ្វើដំណើរមកទស្សនានៅតំបន់អង្គរ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានលើកឡើងថា ក្រៅពីជួសជុល និងអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានខិតខំក្នុងការលើកកម្ពស់បរិស្ថាន តាមរយៈការរៀបចំសួនស្មៅ ការដាំឈើប្រណីត និងបានពង្រឹងសេវាទេសចរណ៍តាមរយៈ ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិន្ធុអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ។ល។
លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងបែបនេះ ធ្វើឡើងក្នុងគោលបំណង " បម្រើដល់សេវាកម្មទេសចរណ៍ និងលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន" ។
ក្រៅពីនេះលោកក៏សំណូមពរឲ្យសាធារណជន ផ្សព្វផ្សាយ និងចែកចាយនូវរូបភាព និងខ្លឹមសារ ដែលបង្ហាញពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាបានធ្វើក្នុងពេលបច្ចុប្បន្ន ដូចជាការរៀបចំចំណត ការដាំស្មៅ និងដាំដើមឈើ ជាដើម៕
ដកស្រង់ពី៖ អាជ្ញាធរជាតិអប្សរា