• 2019-10-22 08:49:35
  • ចរាចរណ៍

មន្រ្តីនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ទទួល​ការ​ពង្រឹងសមត្ថភាព​លើ​បញ្ហា​ចរាចរណ៍

  • 2019-10-22 08:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាសាលប្រជុំ នៃសាលាខេត្តព្រះសីហនុ វគ្គបណ្តុះបណ្តាលបំប៉នស្តីពីបច្ចេកទេសបង្កើនប្រសិទ្ធិភាពការរឹតបន្ដឹងច្បាប់ចរាចរណ៍លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង វិធានសម្រួលចរាចរណ៍ពេលកកស្ទះ និងកិច្ចជួយសង្រ្គោះជនរងគ្រោះ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​មួយ​របស់ អង្គការ APIWSA ដែលបាន​ចេញផ្សាយ​កាលពី​ថ្ងៃទី ២១ ខែតុលា ម្សិលមិញ​នេះ។

សេចក្ដីប្រកាសព័ត៌មាន​បាន​បន្ថែម​ទៀត​ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការខេមសេហ្វ (CaMSafe) ដោយមានកិច្ចគាំទ្រពីសាលាខេត្តព្រះសីហនុ តាមរយៈជំនួយឧបត្ថម្ភ អង្គការ APIWSA និងសមាជិកដៃគូរស្ថាប័ន។ មានមន្រ្តីនគរបាលចរាចរណ៍ និងភាគីពាក់ព័ន្ធជុំវិញខេត្តផ្ទាល់សរុបចំនួន៦០រូប ដែលចូលរួមក្នុងវគ្គនេះ។ វគ្គដូចគ្នានេះក៏នឹងត្រូវបានរៀបចំពីថ្ងៃ២៣ ដល់ថ្ងៃទី២៣តុលា ឆ្នាំ២០១៩ នាសាលខេត្តព្រះសីហនុដដែល ដល់មន្រ្តីនគរបាលចរាចរណ៍ និងភាគីពាក់ព័ន្ធ ចំនួន៦០រូប បន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរលើដងផ្លូវ នៅក្នុងទូទាំងព្ររាជាណាចក្រកម្ពុជា។

ចូលរួមក្នុងពិធីបើកវគ្គមានវត្តមានរបស់ ឧត្ដម ម៉ាង ស៊ីណេត អភិបាលរង នៃគណអភិបាលខេត្តព្រះសីហនុ លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ លោក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ កញ្ញា អ៊ុច ធារី តំណាងរបស់ APIWSA និងលោកកែវ ម៉ានិត តំណាងរបស់អង្គការ CaMSafe ព្រមជាមួយនឹងគ្រូឧទ្ទេសជំនាញ និងមន្រ្តីជាច្រើនរូបទៀត។

រូបភាព រដ្ឋបាលខេត្តព្រះសីហនុ

មានប្រសាសន៍នៅក្នុងពិធីបើកវគ្គ ឧត្ដម ម៉ាង ស៊ីណេត ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អរវាងដៃគូក្នុងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសអគ្គស្នងការនគរបាលជាតិដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលក្នុងពេលនេះ ស្របតាមតំរូវការជាក់ស្តែង និងភាពចាំបាច់របស់ខេត្តដែលកំពុងនឹងធ្វើការកសាង ជួសជុលរចនាសម្ព័ន្ធផ្លូវថ្នល់ទាំងក្នុង និងជុំវិញក្រុងទាំងមូល។

រាល់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃទាំងអស់នេះមានគោលបំណង៖

១- បង្កើនចំណេះដឹងអំពីទិដ្ឋភាពទូទៅ នៃស្ថានភាពចរាចរណ៍ និងឥរិយាបថហនិភ័យ និងផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

២- បង្កើនចំណេះដឹងអំពីការធ្វើផែនការប្រតិបត្តិការ និងវិធានដោះស្រាយរាល់បញ្ហាប្រឈមលើការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ និងកាយវិការសម្រួលដល់ការកកស្ទះចរាចរណ៍។

៣- ពង្រឹងសមត្ថភាពជំនាញដាក់គោលដៅរឹតបន្តឹង និងប្រើប្រាស់ម៉ាស៊ីនវាស់ជាតិអាល់កុល ប្រកប ដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។

៤- បង្កើនសមត្ថភាពដោយស្រាយ គ្រប់គ្រង និងធានាសុវត្ថិភាពគោលដៅ រឹតបន្តឹងច្បាប់ ក៏ដូចជាការអង្កេត កត់ត្រា ប្រមូលភស្តុតាង និងធ្វើរបាយការណ៍។

៥- ផ្ដល់ឲ្យនគរបាលចរាចរណ៍ទទួលបាននូវចំណេះដឹង ជំនាញ និងសម្ភារៈជួយសង្គ្រោះដល់ជនរងគ្រោះនៅនឹងកន្លែងកើតហេតុមុនពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ព្រមទាំង

៦- បង្កើនសមត្ថភាពជំនាញដើម្បីបណ្តុះបណ្តាលបន្ត រួមជាមួយនឹងសមត្ថភាពអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ។

សូមបញ្ជាក់ថា អង្គការ CaMSafe ក្រោមកិច្ចគាំទ្រពីស្ថាប័ន APIWSA នឹងបន្តសហការជាមួយ អគ្គស្នងការនគរបាលជាតិ កាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអបរំផ្សព្វផ្សាយនានា នៅពេលខាងមុខនេះជាបន្តទៀត។

លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់ឱ្យដឹងថា យោងតាមរបាយការណ៍ នៅឆ្នាំ២០១៨កន្លងផុតទៅ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣,២៦៧ករណី លើ ៣,៥៣១លើក ថយចុះ ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ក្នុងត្រីមាសទី៣ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់ ដែលក្នុងនោះខេត្តព្រះសីហនុស្លាប់ចំនួន៣៧នាក់។ ជាមធ្យមក្នុងក្នុងមួយថ្ងៃមនុស្សស្លាប់១១នាក់ និងរបួសចំនួន១៧នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធអទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយានយន្ត ៣% និងងងុយ១%។ ប្រៀបធៀបឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន ២៣៨លើក (៩៨៨/៧៥០លើក) ស្មើ៣២% ស្លាប់កើនឡើងចំនួន ១០៥នាក់ (៤៨៨/៣៨៣នាក់) ស្មើ២៧% និងរបួសកើន ៤៤៦នាក់ (១,៤៩៤/ ១,០២៨) ស្មើ៤៥%។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមដូចដែលបានរៀបរាប់ខាងលើ កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាសកម្មភាពអតិភាពនានាដែលគំរោងធ្វើការគាំទ្របូករួមទាំងការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីនគរបាល ជំនាញឆ្លើយតបសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងការគាំទ្រនូវឧបករណ៍សម្ភារៈសំខាន់ៗ គឺជាការប្តេជ្ញាចូលរួមចំណែក ស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការទស្សវត្សន៍អង្គការសហប្រជាជាតិ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់