
- 2019-10-25 08:19:21
- សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹម និងផលិតទឹកដោះគោស្រស់ តម្លៃជាង ១០លានដុល្លារ នៅខេត្តតាកែវនឹងដំណើរការដើមឆ្នាំក្រោយ
- 2019-10-25 08:19:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិដ្ឋានចិញ្ចឹម និងផលិតទឹកដោះគោស្រស់ តម្លៃជាង ១០លានដុល្លារ នៅខេត្តតាកែវនឹងដំណើរការដើមឆ្នាំក្រោយ
ចន្លោះមិនឃើញ
កសិដ្ឋានចិញ្ចឹមគោ និងកែច្នៃទឹកដោះគោតម្លៃជាង ១០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឧកាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ គ្រោងនឹងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួននៅដើមឆ្នាំ២០២០ ខាងមុខ។ នេះបើតាមប្រសាសន៍លោក ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងប្រាប់ sabay។
ឯកឧត្ដម តាន់ ផាន់ណារ៉ា បានបន្ថែមថា ការចិញ្ចឹមគោ និងការកែច្នៃទឹកដោះគោរបស់ក្រុមហ៊ុន KHMER FRESH MILK CO.,LTD អាចនឹងដំណើរការនៅដើមឆ្នាំ ២០២០ ព្រោះផែនការការងាររបស់ក្រុមហ៊ុនលឿន ខណៈរដ្ឋ បានជួលដីឱ្យក្រុមហ៊ុនចំនួន ៣៩០ហិចតា ក្នុងភូមិសាស្ត្រខាងលើ ដើម្បីធ្វើការអភិវឌ្ឍន៍។ “អញ្ចឹងខ្ញុំគិតថា ក្រុមហ៊ុននឹងដំណើរការឆាប់ៗហ្នឹង ហើយខ្ញុំរំពឹងនៅដើមឆ្នាំ២០២០ អាចដំណើរការបាន”។
ក្រឡេកទៅមើលដំណើរការសាងសង់ នៃរោងចក្រកែច្នៃទឹកដោះគោ កាលពីចុងសប្ដាហ៍មុន ក្នុងភូមិឧកាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ គេសង្កេតឃើញការដ្ឋានកំពុងដំណើរការយ៉ាងសកម្ម និងបានលេចចេញជារូបរាងខ្លះៗហើយ។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីជាងពីរខែមុន បានអនុម័តគម្រោង វិនិយោគរបស់ក្រុមហ៊ុន KHMER FRESH MILK CO.,LTD ក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃទឹកដោះគោ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិឧកាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧កន្លែង។
លោក ភួន ឈីម អភិបាលស្រុកបាទី បានបង្ហាញសុទិដ្ឋិនិយមចំពោះគម្រោងខាងលើ និងថា ដើមឡើយបាទី គឺជាស្រុកកសិកម្ម តែបច្ចុប្បន្នកំពុងប្រែក្លាយជាតំបន់ទាក់ទាញការវិនិយោគផ្នែកកសិឧស្សាហ៍កម្មបន្ថែមទៀត។ ការវិនិយោគនេះ នឹងបន្តជំរុញទីផ្សារការងារ ខណៈបច្ចុប្បន្នរោងចក្រសហគ្រាសជាច្រើនកន្លែង បានផ្ដល់ការងារដល់បងប្អូនមួយចំនួនធំរួចទៅហើយ។
បច្ចុប្បន្នកម្ពុជាមាន កសិដ្ឋានចិញ្ចឹមគោ និងកែច្នៃទឹកដោះគោស្រស់ចំនួនពីរកន្លែងទី១ គឺកសិដ្ឋានផលិតទឹកដោះគោស្រស់ម៉ូម៉ូហ្វាម (MOMO FARM) មានទីតាំងស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។កសិដ្ឋាននេះ ចិញ្ចឹមគោប្រមាណ ២០០ ក្បាល និងគ្រោងពង្រីកការចិញ្ចឹមរហូតដល់ជាង ១ពាន់ក្បាលនៅពេលអនាគត។ ទី២ រោងចក្រកែច្នៃ និងផលិតទឹកដោះគោស្រស់ ដែលផ្ដួចផ្ដើមដោយរាជបណ្ឌិត្យសភាកម្ពុជា មានទីតាំងស្ថិតក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅលើទឹកដីស្រុកឆែប នៃខេត្តព្រះវិហារ ។ កសិដ្ឋាននេះបច្ចុប្បន្នមានចិញ្ចឹមគោប្រមាណ ១០០ក្បាល៕