• 2019-11-21 07:43:36
  • ចរាចរណ៍

ការផ្សព្វផ្សាយ​អំពី​ចរាចរណ៍ កំពុង​បញ្ជ្រាប​ក្នុង​ចំណោម​ សិស្ស-និស្សិត

  • 2019-11-21 07:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាល ស្ដីពីការបើកបរទោចក្រយានយន្ដប្រកប ដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បូករួមជាមួយនឹងហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតាមបណ្ដាវិទ្យាល័យ និង សាកលវិទ្យាល័យ ត្រូវបានប្រកាសចាប់ផ្តើមពីខេត្តសៀមរាប កាលពី​ថ្ងៃទី១៩ វិច្ឆិកា ២០១៩។

ពិធីប្រកាសផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះត្រូវបានប្រារព្វធ្វើឡើងតាមរយៈជំនួយឧបត្ថម្ភថវិការរបស់ស្ថាប័ន APIWSA និង ក្រុមហ៊ុនHONDA ដោយមានកិច្ចសហការផ្ទាល់ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន សាលាខេត្តសៀមរាប កាកបាទក្រហមកម្ពុជា អង្គការខេមសែហ្វ វិទ្យុFM១០២ ជាមួយនឹងដៃគូពាក់ព័ន្ធសំខាន់ៗ។ ពិធីផ្សព្វផ្សាយធ្វើឡើងដោយរួមបញ្ចូលនូវវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សនិសិ្សត តាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ វគ្គបណ្ដុះបណ្ដាលរំពឹងថាយ៉ាងហោចណាស់មានសិស្សនិស្សិត ចំនួន១២០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីវគ្គបណ្តុះបណ្តាលទាំងអស់នេះ។

គណៈអធិបតី ចូលរួមបើកពិធីផ្សព្វផ្សាយវគ្គនាថ្ងៃនេះ រួមមាន៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អ្នកស្រី អូលីវ្យែ វាយឌែន តំណាងរបស់ស្ថាប័ន APIWSA លោក ដួង យ៉ាណាត តំណាងក្រុមហ៊ុនHONDA និងលោកខឹម សុផល ប្រធានគំរោងសុវត្ថិភាពចរាចរណ៍ របស់កាកបាទក្រហមកម្ពុជា និងជាឧត្តមទីប្រឹក្សាបច្ចេកទេសអង្គការ CAMSAFE និងមន្រ្តីថ្នាក់ដឹកនាំជាច្រើនរូបទៀត។តំណាងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាប លោកគ្រូអ្នកគ្រូ សិស្សនិស្សិត យុវជន អ្នកស្ម័គ្រចិត្ត វិស័យឯកជន និងអាជ្ញាធរមូលដ្ឋានប្រមាណចំនួន៣០០នាក់បានចូលរួមពិធីយ៉ាងកុះករ។

សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារអោយមានការដោះស្រាយបន្ទាន់។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ ១,៣៥លាននាក់ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ចរចរណ៍បានក្លាយជាបញ្ហាចម្បងទី១ក្នុងសកលលោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី ៥ - ២៩ឆ្នាំ។ ប្រមាណ៥០% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នកថ្មើរជើង និងអ្នកជិះកង់។

តាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើកនៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៤៨៨នាក់ និងរបួសចំនួន ១ ៤៩៤នាក់ ដែលក្នុងនោះខេត្តសៀមរាបស្លាប់ចំនួន៣៧នាក់។

មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពី៖

  • ១ បើកបរល្មើសល្បឿនកំណត់ ៣៣%,
  • ការមិនគោរពសិទ្ធអទិភាព ២៧%,
  • ការមិនប្រកាន់ស្តាំ ១៣%,
  • ការវ៉ាជែង ១០%,
  • ការបត់ ៩%,
  • ស្រវឹង ៤%,
  • កត្តាយាន្ត ៣%
  • ងងុយ១%។

តួលេខខាងលើនេះ ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ៣២% ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០% គឺជាអ្នកបើកបរម៉ូតូ។

ស្ថាប័ន APIWSA ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន HONDA អង្គការខេមសែហ្វជាមួយនឹងដៃគូសំខាន់នានា រួមសហការរៀបចំឡើងនៅយុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលដ៏សំខាន់ទាំងនេះឡើងផ្ដោតសំខាន់លើអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ ដូចជាយុវជន អ្នកបើកបរទោចក្រយាន្ដយន្ដ។ល។ យុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលស្ដីពីការបើកបរម៉ូតូប្រកបដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងកត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់សិស្សនិស្សិត វិទ្យាល័យ និងសាកលវិទ្យាល័យតាមបណ្ដាដងផ្លូវសំខាន់ៗ គឺជាកិច្ចគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចអោយបាននូវផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១១-២០២០សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃ គ.ស.ច.គ. បានមានប្រសាសន៍ថា៖ គម្រោងនេះ គឺពិតជាឆ្លើយតបនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកំពុងពុះពារយ៉ាងសកម្មទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដែលបច្ចុប្បន្ន។ លោកជំទាវ បន្តដាស់តឿនដល់យុវជន ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់របស់ប្រទេសជាតិយើង ដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យើងក្នុងគោរព និងអនុវត្តច្បាប់គឺបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែង។

តំណាងរបស់ស្ថាប័នAPIWSA,អ្នកស្រី អូលីវ្យែ វាយឌែន បានលើកឡើងថា “យើងជឿជាក់ថាវិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៏ដើម្បីចូលរួមចំណែកកាត់បន្ថយចំនួនគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ជាពិសេសចំពោះមូលហេតុបង្កដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ដូច្នេះយើងពិតជារីករាយចំពោះឱកាសសហការជាដៃគូជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន HONDA និងស្ថាប័នជំនាញដែលមានវត្តមានទីនេះ ដើម្បីពង្រឹងនូវខ្លឹមសារ និងការអប់រំសុវត្ថិភាពចរាចរណ៍ដែលមានជាអាទិ៍នាថ្ងៃនេះ“។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់