• 2019-12-18 06:01:23
  • ចរាចរណ៍

លោក គឹម បញ្ញា​ ៖ "​ការ​ផាក​ពិន័យ​ដល់​ផ្ទះ​គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ​ បើ​អនុវត្ត​​ស្មើ​ភាព ​តម្លាភាព​ និង​ជាប់​លាប់​ ”

  • 2019-12-18 06:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“​ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​មានការ​អនុវត្ត​ការ​​ផាក​ពិន័យ​ដល់​ផ្ទះ​ចំពោះ​អ្នក​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ និង​សូម​ធ្វើ​ឡើង​ឱ្យ​បាន​ជាប់​លាប់ តម្លាភាព​​ និង​ស្មើ​ភាព”​​។ ទាំង​នេះ​ជា​ចំណាប់​អារម្មណ៍​​ លោក គឹម បញ្ញា​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​មូលនិធិ​បង្ការ​រ​បួស​អាស៊ី​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​​ sabay កាល​ពី​ម្សិល​។

អ្នក​ជំនាញ​​​ផ្នែក​ចរាចរណ៍​រូប​នេះ​បាន​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ចំណាត់​ការ​របស់​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​គ្រោង​នឹង​​តាម​​ផាក​ពិន័យ​អ្នក​ល្មើស​ភ្លើង​សញ្ញា​​ចរាចរណ៍​​ដល់​​ផ្ទះ​ ប៉ុន្តែ​ចង់​ឱ្យ​​​អនុវត្ត​ឱ្យ​បាន​​ជាប់​លាប់​ និង​ឈរ​លើ​គោល​ការណ៍​ស្មើ​ភាព​​គ្នា​ចំពោះ​មុខ​ច្បាប់​​​។

វិធាន​ការ​នេះ​ គឺ​​​​​​បាន​ដើរ​ស្រប​គ្នា​នឹង​អនុសាសន៍​នៃ​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី​២ ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​៤-​៥ ​ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​បាន​ស្នើ​សុំ​ឱ្យ​ ​បង្កើន​ចំនួន​កាំ​មេរ៉ា​សុវត្ថិភាព​ឲ្យ​បាន​ច្រើន​នៅ​តាម​ទី​សាធារណៈ​ដើម្បី​តាម​ពិនិត្យ​ឥរិយាបថ​អ្នក​បើកបរ​ និង​តាម​ពិន័យ​ ព្រម​ទាំង​ប្រើ​ប្រាស់​កាំមេ​រ៉ា​សុវត្ថិភាព​ដែល​មាន​នៅ​តាម​ដង​ផ្លូវ​សម្រាប់​ការ​អនុវត្ត​ច្បាប់​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទុក​ជា​មុន​។

"គោល​គំនិត​​ដែល​យើង​​ចង់​ឱ្យ​មាន​ការ​អនុវត្ត​​ ព្រោះ​យើង​​ចង់​ឱ្យ​មាន​​វិធាន​ការ​នៃ​ការ​ការពារ​ ការ​បង្ហារ​​ឱ្យ​បាន​ជា​មុន​ កុំ​ចាំ​រហូត​ក្លាយ​ជា​បទ​ល្មើស ឬ​ករណី​នៃ​​គ្រោះ​ថ្នាក់​ចរាចរណ៍​។​ ក្រៅ​ពី​ហ្នឹង​យើង​ចង់​ឱ្យ​មាន​ការ​អនុវត្ត​លើ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​​ក្នុង​ពេល​បើក​បរ​ និង​ប្រភេទ​រថយន្ត​ធន់​ធំ​ ដែល​ចេញ​ចូល​ក្រុង​ខុស​ពេល​វេលា​”​។ លោក​ បញ្ញា​ បន្ថែម​។

ដោយ​​សារ​កម្ពុជា​ទើប​ចាត់​វិធាន​ការ​នេះ​​លោក​​ បញ្ញា​ ចង់​ឃើញ​មាន​​ការ​អនុវត្ត​លើ​ប្រភេទ​រថយន្ត​ដែល​បើក​បរ​ល្មើស​សញ្ញា​​​ចរាចរណ៍​លើ​មុន​គេ និង​ឈរ​លើ​គោល​ការណ៍​ស្មើ​ភាព​មិន​ចំពោះ​រថយន្ត​ទំនើប​ ឬ​មិន​​ទំនើប​នោះ​ទេ​ ពោល​​គឺ​ផ្អែក​ទៅ​លើ​គោល​ការណ៍​​ច្បាប់​ទាំង​ស្រុង​ ។​​ ការ​អនុវត្ត​ច្បាប់​រមែង​មាន​ការ​ពេញ​ចិត្ត និង​មិន​ពេញ​ចិត្ត ​និង​អាច​ជួប​បញ្ហា​ប្រឈម​ខ្លះ​ៗ​​ប៉ុន្តែ​ជាទូទៅ​លោក​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ដោយ​មិន​ថយ​ក្រោយ​​នោះ​ទេ។ "ធម្មតា​​ប្រជាពលរដ្ឋ​យើង​នៅ​ពេល​អនុវត្ត​ច្បាប់​គាត់​តែង​មាន​អារម្មណ៍​អ្វី​មួយ​កើត​ឡើង​ ប៉ុន្តែ​បើ​សិន​ជា​ទង្វើ​របស់​គាត់​បំពាន​ច្បាប់​ គាត់​មិន​សប្បាយ​ចិត្ត​វា​អត់​ត្រូវ​​​ ដោយ​ការ​កាំមេរ៉ា​គេ​បាន​ចាប់​ហើយ​វា​អត់​មាន​អី​ខុស​ទេ​”​។

លោក​ បញ្ញា បាន​ឱ្យ​ដឹង​ទៀត​ថា​ ​​ស្ថាប័ន​អនុវត្ត​ច្បាប់​​គួរ​​មាន​​ផែន​ការ និង​យុទ្ធ​សាស្ត្រ​​ឱ្យ​បាន​ច្បាស់​លាស់​​​មុន​នឹង​អនុវត្ត​ដើម្បី​​ជៀស​វាង​ការ​បាត់​បង់​ជំនឿ​ពី​ប្រជាពលរដ្ឋ​​។

លោក​ ហ៊ឹម​ យ៉ាន ​អគ្គស្នង​ការរង​នគរបាលជាតិ ទទួល​បន្ទុក​ផែន​សណ្ដាប់​ធ្នាប់​ចរាចរណ៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ពី​ផែន​ការ​ របស់​នគរបាល​ជាតិ ​ក្នុង​ការ​ប្រើ​ប្រាស់​កាមេរ៉ា​សុវត្ថិភាព​ ដែល​បាន​បំពាក់​តាម​ភ្លើងស្តុប ​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ដោយ​នឹង​ផាក​ពិន័យ​ដល់​ផ្ទះ ​ចំពោះ​អ្នក​ដែល​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ចត​ល្មើស​ច្បាប់​ជាដើម​។​

លោក​បាន​គូស​បញ្ជាក់​ថា​ ការ​បំពាក់​ឧបករណ៍​កាំ​មេរ៉ា​សុវត្ថិភាព នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ប្រើ​ប្រាស់​បច្ចេកទេស​បាន​យ៉ាង​ល្អ ​ហើយ​នៅ​ភ្នំពេញ​​នឹង​ឈាន​ដល់​ការ​ពិន័យ​ តាម​រយៈ​ការ​ប្រើ​ប្រាស់​កាមេរ៉ា​នេះ ​ចំពោះ​អ្នក​មិន​គោរព​ភ្លើង​សញ្ញា​តាម​ដង​ផ្លូវ ​និង​ចត​ខុស ​គឺ​អាច​ធ្វើ​ការ​ផាក​ពិន័យ​ ដោយ​ថត​យក​លេខ​រថយន្ត​បាន​ស្រាវ​ជ្រាវ​រក​អត្តសញ្ញាណ​ដល់​ផ្ទះ​​។

យ៉ាង​ណា​មិញ​​ក្រោយ​ប្រកាស​​ផែន​ការ​នេះ​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​លើក​ឡើង​ផ្សេងៗ​គ្នា ខណៈ​អ្នក​ខ្លះ​គាំទ្រ​ និង​អ្នក​ខ្លះ​ទៀត​ថា មិន​អាច​ទៅ​រួច​ឡើយ​។ ត្រង់​ចំណុច​នេះ​លោក​ បញ្ញា​ បាន​បន្ថែម​​ថា ក្រៅ​ពី​អនុវត្ត​ច្បាប់​មាន​តម្លាភាព ស្មើភាព​ ​​អ្នក​បើកបរ​ល្មើស​ច្បាប់​ត្រូវ​ក្លា​ហាន​ទទួល​​កំហុស​ និង​ត្រូវ​ចេះ​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​តាម​រយៈ​បណ្ដាញ​សង្គម​​ ព្រោះ​ការ​អនុវត្ត​ស្មើ​ភាព​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ចូល​រួម​ទាំង​អស់​​គ្នា​៕ ​​

​ ​

មតិយោបល់