- 2019-12-31 10:45:53
- ព័ត៌មាន
តោះ! ស្អែកថ្ងៃដំបូង ២០២០ មិនដឹងគួរធ្វើអី អាចធ្វើ ៥ចំណុចនេះបានធានាថាមានន័យខ្លាំង ញញឹមមិនដឹងខ្លួន
- 2019-12-31 10:45:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ស្អែកថ្ងៃដំបូង ២០២០ មិនដឹងគួរធ្វើអី អាចធ្វើ ៥ចំណុចនេះបានធានាថាមានន័យខ្លាំង ញញឹមមិនដឹងខ្លួន
ចន្លោះមិនឃើញ
ពេញមួយឆ្នាំ២០១៩ ច្បាស់ជាមានរឿងរ៉ាវកើតឡើងជាច្រើនរាប់មិនអស់ ដែលខ្លះអ្នកចងចាំមិនភ្លេច ខ្លះក៏មិនអាចចាំអស់ ខ្លះធ្វើឲ្យអ្នករីករាយខ្លះក៏ធ្វើឲ្យអ្នកមិនសប្បាយចិត្ត។
ទោះជាក្នុងឆ្នាំចាស់ មានរឿងអ្វីកើតឡើងក៏ដោយ ត្រូវប្រាប់ខ្លួនឯងថា ២០២០នេះ នឹងនាំនូវអ្វីជាច្រើនថ្មីៗទៀតមកក្នុងជីវិតអ្នក ហើយត្រូវចាំថាដំណើរជីវិត គឺជាជម្រើសរបស់អ្នកផ្ទាល់ខ្លួន បើអ្នកជ្រើសរើសបានល្អ នោះគឺជាអំណោយ តែបើអ្នកជ្រុលជាធ្វើខុស សូមទុកវាជាមេរៀន កុំឲ្យកើតឡើងម្តងទៀត និងបន្តសម្លឹងទៅមុខ ដើរដោយប្រុងប្រយ័ត្ន អង់អាចក្លាហានជានិច្ច។
ថ្ងៃទី១ នៃឆ្នាំនីមួយៗ គឺជាថ្ងៃឈប់សម្រាក «បុណ្យចូលឆ្នាំសកល» បើគ្មានគម្រោងពិសេសអ្វីទេថ្ងៃស្អែក អាចសាកល្បងធ្វើរឿងមានន័យទាំងនេះ ម្នាក់ឯងក៏បាន ជាមួយអ្នកយល់ចិត្ត ឬ ក្រុមគ្រួសារក៏បាន ៖
១. យប់នេះចូលគេងពីព្រលប់ ភ្ញាក់ពីព្រលឹម ដើម្បីអាចមើលថ្ងៃរះ ៖
បើអត់គូ ឬ មិនសូវមានគ្នា(មិត្តភក្តិ) កុំខ្វល់រឿងឆ្លងឆ្នាំ នាំសៅហ្មងធ្វើម៉េចបើយើងអត់គូ ។ ជម្រើសល្អបំផុត គឺចូលគេងពីព្រលប់ ដើម្បីអាចភ្ញាក់ពីព្រលឹមជាមួយអារម្មណ៍ស្រស់ស្រាយឲ្យទាន់មុនថ្ងៃរះ ។
ថ្ងៃរះក្រៅពីស្រស់ស្អាត ត្រជាក់ភ្នែកហើយ វាបង្កប់អត្ថន័យនៃការចាប់ផ្ដើមថ្មី និងបង្កប់កម្លាំងលើកទឹកចិត្ត ប្រៀបបាននឹងការផ្ដល់ពន្លឺនៃក្តីសង្ឃឹមថ្មីដល់ជីវិត។ កុំទាន់ជឿទាំងស្រុង អ្នកអាចសាកធ្វើវាសិន អ្នកនឹងអាចជ្រួលជ្រាបអារម្មណ៍ដ៏ ពិសេសមួយនេះ។
សម្រាប់អ្នកមានគូ ច្បាស់ជាមិនអត់ទេ រឿងរាប់ថយក្រោយជាមួយគ្នា ញុំាអាហារពេលល្ងាច ជជែកគ្នាលេងពីនេះ ពីនោះ ពិសេសពីរឿងគម្រោងអនាគតដ៏វែងឆ្ងាយជាមួយគ្នា និងផែនការសន្សំលុយ សម្រាប់ឆ្នាំ ២០២០ និងគម្រោងដើរលេងកម្សាន្តជាដើម ព្រោះថាបើចង់ដើរលេងផ្លូវឆ្ងាយ ត្រូវតែចាប់ផ្ដើមសន្សំលុយពីដើមឆ្នាំទៅ។
និយាយរឿងអនាគតវិជ្ជមានសប្បាយៗ និងគម្រោងដើរលេងជាមួយមនុស្សដែលយើងស្រលាញ់ និងយល់ចិត្តគ្នា នឹងធ្វើឲ្យអ្នកសប្បាយរីករាយដោយមិនដឹងខ្លួន ដល់ថ្នាក់អាចយប់នេះដេកយល់សប្តិឃើញបានទៅដល់កន្លែងនោះផង។
២. ហាត់ប្រាណជាមួយគ្នា ៖
បើអ្នកអាចភ្ញាក់ពីព្រលឹមស្រាងៗ អារម្មណ៍ដែលចង់ហាត់ប្រាណឲ្យបែកញើសស្រួលខ្លួនបន្តិចនោះ ច្បាស់ជាមានមិនខាន។ ដូច្នេះអ្នកអាចគិតគូ បបួលសំណព្វចិត្ត ឬ មិត្តល្អ ឬ អ្នកមានគុណទៅដើរហាត់កីឡា ឬ ធាក់កង់ ជាមួយគ្នានៅសួនច្បារដែល ទេសភាពស្រស់ត្រកាល និងខ្យល់ត្រជាក់។ ឱកាសនោះអ្នកក៏អាចឆ្លៀតមើលថ្ងៃរះជាមួយគ្នាបានទៀត។ ក្រៅពីនេះអ្នកក៏អាច បបួលគ្នាដើររើសសំរាមសំអាតសួនច្បារ ដាក់ទាន ឬ បរិច្ចាគជួយសង្គម ស្រោចទឹក ដាំផ្កា ដាំបន្លែ ដាំដើមឈើក្នុងទីធ្លាផ្ទះ ក៏អាចរាប់ទុកជាកិច្ចការរួមគ្នាប្រកបដោយអត្ថន័យដែរ។
៣.ញុំាអាហារពេលព្រឹក ឬ ចម្អិនអាហារពេលព្រឹកដោយផ្ទាល់ដៃជូនមនុស្សជាទីស្រលាញ់៖
វាពិតជាមានអត្ថន័យខ្លាំងប្រសិនបើអ្នកតែងតែរវល់ធ្វើការងាររាល់ថ្ងៃ មិនសូវមានពេលវេលាប្រកបដោយគុណភាពជាមួយគ្រួសា ជាមួយគូស្នេហ៍ ប្តី ឬប្រពន្ធ ឬ អ្នកមានគុណ។ តែបើអ្នកតែងតែធ្វើវាហើយ ក៏គួរគិតគូនាំ ពួកគេទៅញុំាអាហារក្រៅមួយពេលនៅកន្លែងដែលមានបរិយាកាសល្អ ឲ្យប្លែកភ្នែក ប្លែកអារម្មណ៍ដែរ ដើម្បីអាចឲ្យពួកគេមានអនុស្សាវរីយ៍ល្អៗ ក្នុងថ្ងៃដំបូងនៃឆ្នាំ ២០២០។
៤. ស្តាប់បទចំរៀងពីរោះចាស់ៗ ដែលអ្នកធ្លាប់ចូលចិត្តខ្លាំងពីមុនឡើងវិញ (ស្តាប់ម្នាក់ឯង ឬ ជាមួយសំណព្វចិត្ត) ៖
ចំរៀងដែលពីរោះរណ្ដំចិត្ត នឹងបង្កើតជារូបភាពមួយរស់រវើកក្នុងខួរក្បាលរបស់អ្នក ហើយវានឹងនាំអារម្មណ៍អ្នកទៅកាន់ គ្រាមួយដែលអ្នកធ្លាប់ស្ដាប់វាកាលពីនៅក្មេងៗ ឬជាង ១០ឆ្នាំមុន ។ ពេលនោះហើយដែលអ្នកនឹងទទួលអារម្មណ៍ពិសេសម្យ៉ាង ហាក់ដូចជាបានក្លាយជាកូនក្មេងម្តងទៀត ដែលមិនបាច់ត្រូវខ្វល់ខ្វាយនឹងកាតព្វកិច្ចជាច្រើនដូចបច្ចុប្បន្ននេះទេ។
៥. ថតរូបជាមួយមនុស្សដែលអ្នកយកចិត្តទុកដាក់ និងស្រលាញ់បំផុត ក្នុងថ្ងៃទី១ នៃឆ្នាំ ២០២០៖
ក្រៅធ្វើរឿងប្រកបដោយអត្ថន័យជុំគ្នាហើយ ដាច់ខាតកុំភ្លេចថតរូបទុកជាអនុស្សាវរីយ៍ ក្រែងពេលក្រោយអាក់អន់ចិត្តជាមួយគ្នាបន្តិចបន្តួច បានឃើញរូបនេះ អាចជួយលួងចិត្តបានខ្លះ ព្រោះជីវិតមនុស្សយើង មានឡើង មានចុះ ដូចចាស់ពោលថា ចានក្នុងរៀវរមែងតែងមានប៉ះទង្គិចគ្នា។ ដូច្នេះសំខាន់ត្រូវចេះយោគយល់ និងមានអធ្យាស្រ័យល្អចំពោះគ្នា ទើបទំនាក់ទំនងស្ថិតស្ថេរយូរអង្វែង និងរកឃើញសុភមង្គលបាន៕