• 2020-01-16 02:54:40
  • ព័ត៌មាន

អេស៊ីលីដា និងវីង ចាប់​ដៃ​គ្នា ដំណើរ​ការ​សេវា​ផ្ទេរ និង​ទូទាត់ប្រាក់

  • 2020-01-16 02:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២០ ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត បាន​ប្រកាសជាសាធារណៈ ស្តីអំពី​ពិធី​ដាក់​ឲ្យ​ដំណើរ​ការ​សេវាផ្ទេរ និងទូទាត់ប្រាក់ រវាងធនាគារ​ទាំងពីរ។

ពិធីដាក់ឱ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់នេះ មានការចូលរួមពីបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ ។

កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ គឺ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ភាពងាយ​ស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការធ្វើប្រតិបត្តិការ ដូចខាងក្រោម៖

១- ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង

២- ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនីវីង

៣- ទូទាត់សំណងឥណទានទៅកាន់គណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈភ្នាក់ងារវីង

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ "ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត បានចាប់ដៃគូជាយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ី​លីដា ភីអិលស៊ី ក្នុង​ការ​បម្រើ​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​របស់​ស្ថាប័ន​ទាំង​ពីរ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែមទៀត ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការធនាគារទាំងពីរឱ្យកាន់តែទំនើប ប្រកប​ដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ធនាគារ​ទាំង​ពីរ អាច​ធ្វើ​ការ​ផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា"។

បណ្ឌិត អ៊ិន ចាន់នី បាន​បន្ត​ថា​កិច្ចសហប្រតិបត្តិការនេះ នាំ​ឲ្យ​ធនាគារ​ទាំង​ពីរ​មាន​បណ្ដាញ​ប្រតិបត្តិការ​សម្បូរ​បែបចំនួន ៤៣៤៧៦ កន្លែង គ្របដណ្តប់គ្រប់ខេត្ត-រាជធានី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស ដែល​ជំរុញ​ឲ្យ​សេវា​ផ្ទេរ​ប្រាក់​កាន់​តែ​ទូលំ​ទូលាយ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។

សមិទ្ធផល​នេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន និងសាធារណៈជន និង​គាំទ្រ​ដល់​ការ​រីក​លូតលាស់​របស់អតិថិជន ជាមួយនឹងការកាត់ បន្ថយចំណាយ និងហានិភ័យ។ ឥឡូវនេះ អតិថិជន​ឥណទាន និងអតិថិជនដែលមានគណនីនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ធ្វើ​ទូទាត់​សង​ឥណ​ទាន និង​ធ្វើការ​ដក-ដាក់សាច់ប្រាក់ នៅ​តាម​បណ្ដាញ​ប្រតិបត្តិការ​របស់​ធនាគារ​ទាំង​ពីរ​គ្រប់​ទី​កន្លែងទូទាំងប្រទេស។

លោកបណ្ឌិតបានបន្ថែមថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឌីជីថល ដែលមាន អេស៊ីលី​ដា យូនីធី ទាន់ចិត្ត ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​យ៉ាង​សម្បូរ​បែប​តាម​រយៈទូរសព្ទ​ដៃដោយខ្លួនឯង។ គិតមកដល់បច្ចុប្បន្ននេះ អេស៊ីលីដា យូនីធី ទាន់ចិត្ត ជា​សេវា​ធនាគារ​តាម​ទូរសព្ទ​ដែលដែលធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចុះឈ្មោះប្រើ អេស៊ីលីដា យូនីធី ទាន់​ចិត្ត ចំនួន ១ ២២៦ ៣៨៣ ជាលក្ខណៈបុគ្គល និង ៣០ ៩៨៩ ជាលក្ខណៈដៃគូ។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ប្រូភើធី អិលធីឌី ធនាគារ អេស៊ីលីដា ឡាវ លីមី​ធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង​ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៦,១៩ ពាន់លានដុល្លារអាមេរិក សមតុល្យ​ឥណទានសរុបចំនួន ៣,៨៨ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤ ៣៣ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាងពីរលាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ​២០១៩ នេះ៕

សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយ: www.acledabank.com.kh

ធនាគារ ឯកទេស វីង (ខេមបូឌា) សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://www.facebook.com/WINGmoney/

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ លោក ផល សុខចំរើន នាយកប្រតិបត្តរងទីផ្សារ ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣

អត្ថបទ៖ ម៉េងងី

មតិយោបល់