- 2020-02-13 09:50:46
- សេដ្ឋកិច្ច
ក្រុមហ៊ុនមួយទៀតគ្រោងបោះទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសំណង់ក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីជាង ១០០ហិចតា
- 2020-02-13 09:50:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមួយទៀតគ្រោងបោះទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសំណង់ក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីជាង ១០០ហិចតា
ចន្លោះមិនឃើញ
ក្រុមហ៊ុនមួយគ្រោងបោះទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងវិស័យសំណង់ ក្នុងទឹកដីខេត្តកំពង់ស្ពឺលើផ្ទៃដី ១១៥ ហិចតា។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ មុននេះ។
លោកអភិបាលខេត្តបានអនុញ្ញាតទទួលជួប Dr. Peter Lim ក្រុមហ៊ុន PLMP HOLDING GROUP មកពីប្រទេសសិង្ហបុរី ដើម្បីពិភាក្សាសិក្សាស្វែងយល់លើការបណ្ដាក់ទុនវិស័យសំណង់ លើផ្ទៃដី ១១៥ ហិចតា ដែលរួមមានខុនដូកម្ពស់ ៥ ជាន់ រោងចក្រវេចខ្ចប់ចំណីអាហារនាំចេញទៅក្រៅប្រទេស រោងចក្រស្លដែក និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ដោយមិនអាចបង្ហើបពីខ្ទង់វិនិយោគលោក វ៉ី សំណាង បានឱ្យដឹងថា ទីតាំងវិនិយោគគឺស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈក្រុមហ៊ុនបានទិញដីរួចហើយ។ តំណាងក្រុមហ៊ុនខាងលើនឹងត្រលប់មកវិញ ក្នុងរយៈពេល៦ ខែទៀត ក្រោយសិក្សាពីសក្ដានុពល និងគម្រោងលំអិត។
"អញ្ចឹង៦ ខែទៀតពួកគាត់នឹងបកមកវិញ ពេលនោះយើងនឹងថា ចំណាយទុនវិនិយោគប៉ុន្មាន? ផ្ដល់ការងារប៉ុន្មាននាក់?។ ដូច្នេះបើយើងប៉ាន់ប្រមាណទៅគ្រាន់តែរោងចក្រស្លដែកមានខ្ទង់រយលានដុល្លារបាត់ទៅហើយ”។
លោកបានបន្ថែមថា កំពង់ស្ពឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានទាក់ទាញគម្រោងវិនិយោគ ជាច្រើន ដែលនេះជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកៀរគរអ្នកវិនិយោគទាំងអស់។ ដូច្នេះឱកាសវិនិយោគនៅតែមានបើទោះជាមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា និងបញ្ហាEBA យ៉ាងណា តែអ្នកវិនិយោគហាក់បីដូចជាមិនចាប់អារម្មណ៍ទេ ដោយសារគាត់ជឿជាក់លើរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយខេត្តកំពង់ស្ពឺក្លាយជាគោលដៅមួយសម្រាប់ឧស្សាហកម្មរោងចក្រកាត់ដេរនៅកម្ពុជា ខណៈតាមបណ្ដោយផ្លូវជាតិលេខ៤ រោងចក្របានក្លាយជាទិដ្ឋភាពធម្មតាទៅហើយ រាប់បញ្ចូលទាំងកំណាត់ផ្លូវនៅក្នុងខេត្តកំពង់ស្ពឺផង ហើយចំនួនរោងចក្រនៅក្នុងខេត្តនេះចេះតែបន្តកើនឡើងជាលំដាប់៕