- 2020-02-20 04:47:46
- ចរាចរណ៍
សម្ដេចក្រឡាហោម ស ខេង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកុម្ភៈ បានធ្លាក់ចុះយ៉ាងគំហុក
- 2020-02-20 04:47:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចក្រឡាហោម ស ខេង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកុម្ភៈ បានធ្លាក់ចុះយ៉ាងគំហុក
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកត់សំគាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែ កុម្ភៈ ឆ្នាំ២០២០ នេះបានធ្លាក់ចុះយ៉ាងគំហុក បើប្រៀបធៀបទៅនឹងខែមករា ខែមុន។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ដោយមិនបានបញ្ជាក់ពីតួលេខថយចុះសម្ដេចបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុក និងប្រកបដោយក្ដីព្រួយបារម្ភប្រសិនបើកំណើននេះមិនថមថយ ឬមិនបានចាត់វិធានការ។ យ៉ាងណាចុងក្រោយនេះ សម្ដេចកត់សំគាល់ថា នៅក្នុងខែកុម្ភៈ គ្រោះថ្នាក់បានថយចុះយ៉ាងគំហុកបើប្រៀបធៀប ខែមករា ឆ្នាំ២០២០ ដែលទាមទារឱ្យរកមូលហេតុបន្ថែម ក្រៅតែពីការចាប់ផ្ដើមពង្រឹងការអនុវត្តច្បាប់។
“អញ្ចឹងករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ សម្រាប់ខែកុម្ភៈ យ៉ាងគំហុក បើធៀបនឹងខែមករា។ នេះមិនមែនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទេ។ ដូច្នេះយើងចាំបាច់ត្រូវសិក្សាពីមូលហេតុនាំ ដែលថយចុះនេះ”។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិបង្ការបួសអាស៊ីបានឱ្យដឹងថា ផ្អែកលើសេចក្ដីរាយការណ៍លើទំព័រសារព័ត៌មាន និងប្រភពផ្សេងៗ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកុម្ភៈ ពិតជាមានការថយចុះប្រាកដកមែន បើប្រៀបធៀបទៅនឹងខែមករា ដើមឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាមិញ គេហាក់បីដូចជាពិបាកបន្តិច ក្នុងការប្រៀបធៀប ដោយសារខែកុម្ភៈ ពុំសូវមានបុណ្យទានច្រើនដូចខែមករា។ ខែមករា មានបុណ្យឆ្លងឆ្នាំសាកល និងបុណ្យចូលឆ្នាំចិន។ ចំណែកខែកុម្ភៈមិនមានថ្ងៃឈប់សម្រាកឡើយ។ ម្យ៉ាងការផ្ទុះឡើងនៃមេរោគកូរ៉ូណា លោកបានកត់សំគាល់ថា ប្រជាពលរដ្ឋហាក់បីដូចជាកាត់បន្ថយការធ្វើដំណើរខ្លះ ដោយសារមិនចង់ប្រឈមនឹងមេរោគនេះ បើទោះជាកម្ពុជាមានករណីឆ្លងលើជនជាតិចិនតែម្នាក់ក៏ពិតមែន តែអ្នកខ្លះបានព្រួយបារម្ភលើបញ្ហានេះ។
"អញ្ចឹងវិលមកវិញ ទាក់ទងនឹងប្រសាសន៍របស់សម្តេចក្រឡាហោមលោកចង់សិក្សាមើលថា តើមូលហេតុអ្វីដែលមានការថយចុះលោកគាំទ្រ ជាពិសេសទាក់ទងនឹងការអនុវត្តច្បាប់ហ្នឹង ដែលវាអាចមកពីការអនុវត្តច្បាប់មានភាពប្រសើរឬយ៉ាងណា? ឬលំហូរចរាចរណ៍របស់យើងមានការថយចុះ ឬយ៉ាងណា?។ ជាទូទៅនៅប្រទេសណាក៏ដោយឱ្យតែមានការរឹតបន្តឹងអនុវត្តច្បាប់គឺរមែងមានការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍”។
សម្តេចក្រឡាហោមបានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីនគរបាលបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត បើទោះជាយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធកើនឡើង តែសមត្ថកិច្ចត្រូវព្យាយាមរឹតបន្តឹង ការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ។
តាមរយៈរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន ៤.១២១លើក បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១.៩៨១នាក់ និងរបួសចំនួន ៦.១៤១នាក់ ដែលជាមធ្យម ក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី អ្នកស្លាប់ចំនួន៥នាក់ និងរបួសចំនួន១៧នាក់។
ដោយឡែកមូលហេតុចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់ (៣៨%) និងបន្ទាប់គឺការមិនគោរពសិទ្ធិអាទិភាព (២៣.២០%) មិនប្រកាន់ស្តាំ (១២.៩%) ប្រជែង (៨.៨១%) បត់គ្រោះថ្នាក់ (៨.៦៧%) ស្រវឹង (៤.៧៣%) ផ្សេងៗ (១.១០%) ៕