• 2020-03-16 09:04:51
  • ព័ត៌មាន

ISUZU នាំយកតង្វាយជាអង្ករ និងរថយន្ត ថ្វាយព្រះមហាក្សត្រ

  • 2020-03-16 09:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានលោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. និងសហការី ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

ក្នុងឱកាស​នោះដែរ លោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. បាននាំមកនូវតង្វាយថ្វាយព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូងមានមានដូចជា អង្ករចំនួន ១០តោន និង​រថយន្ត Pick up Isuzu D-Max ស៊េរីឆ្នាំ២០២០ ចំនួន ១គ្រឿង ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ​ឲ្យ​សម្រេច​​បានមហាជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។

លោក Shuichiro Mori និងសហការី ក៏​បានថ្វាយកន្រ្តកផ្កាដ៏ស្រស់ល្អបង្ហាញពីមនោសញ្ចេតនាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជានិមិត្តរួបនៃការ​ចម្រើន​នូវសិរីសួស្តី ជ័យមង្គល ព្រះបរមសុខ ព្រះជន្មវស្សាយឺនយូរ ថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយឡែក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មាន​តម្លៃ​ខ្ពង់ខ្ពស់ ជូនលោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. ទទួលបានផ្តិលប្រាក់ដោយមានលំអនូវក្បូរក្បាច់ចំលាក់ប្រពៃណីខ្មែរយ៉ាងល្អប្រណិត ដែលបង្ហាញអំពីភាពរុងរឿងនៃវិស័យវប្បធម៌ សិល្បៈ និងប្រពៃណី ទំនៀមទំលាប់របស់ប្រជាជាតិខ្មែរ។ ចំពោះសហការីរបស់លោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. បានទទួលការប្រោសព្រះរាជទាននូវវត្ថុអនុស្សាវរីយ៍ ព្រះរាជសង្ហារអមព្រះបរមឆាយលក្ខ័ ព្រះករុណា ព្រះមហាក្សត្រផងដែរ។

លោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. និងសហការីបានចូលក្រាបថ្វាយបង្គំគាល់ក្នុងព្រះរាជឱកាសដ៏ថ្លៃថ្លានេះ។ លោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. និងសហការីបានថ្វាយនូវសេចក្តីគោរពនឹករលឹក ទូលសាកសួរអំពីព្រះរាជសុខភាព សុំថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាមង្គល និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តសិទ្ធិគ្រប់អង្គក្នុងលោកពិសេសទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រជាប្រធាន សូមជួយអភិបាលគ្រងរក្សា និងប្រោសព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរៈរាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេរ បានប្រកបតែនឹងសិរីសូស្តីជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់សុខសាន្តសំបូរសប្បាយដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ។

លោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. បានសម្តែងនូវសេចក្តីរំភើបរីករាយ និងកោតស្ញប់ស្ញែងជាទីបំផុត ដោយបានឃើញអំពីព្រះរាជសកម្មភាពបំរើជាតិដ៏ឧត្តុង្គឧត្តមលើគ្រប់វិស័យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាពិសេសព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គមានរូបភាពខ្ពង់ខ្ពស់ជានិច្ច។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឫទ័យ កោតសរសើរដ៏កក់ក្តៅចំពោះលោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. ដែលបានមកវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា ជាការងារដ៏មានសារៈសំខាន់ ក្នុងការផ្តល់ជូននូវការងារឲ្យ​ប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើ និងបានចូល​រូមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរគុណចំពោះលោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. ដែលបាននាំមកនូវតង្វាយដ៏ច្រើន និងមានតំលៃថ្វាយព្រះអង្គ ក្នុងឱកាសនេះហើយតង្វាយនេះ ដែលកើតឡើងពីសេចក្តីសប្បុរសស្នេហាប្រជារាស្រ្តកម្ពុជាពីសំណាក់លោកអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd. នៅពេលនេះ ព្រះអង្គនឹងប្រោសព្រះរាជទានអោយបានដល់ដៃប្រជារាស្រ្តក្រីក្រជួបការលំបាកខ្វះខាតក្នុងជីវភាព ដើម្បីជាគុណប្រយោជន៍ជួយសំរាលនូវទុក្ខលំបាករបស់បងប្អូនរស់នៅតាមមូលដ្ឋាននានាក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ក្នុងឱកាសដ៏ល្អប្រពៃនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវពរជ័យ សិរីមង្គល វិបុលសុខ និងមហាព្រះរាជកុសល ដែលកើតឡើងពីតង្វាយប្រកបដោយសន្តានចិត្តដ៏ជ្រះថ្លានេះ ជូនម្ចាស់តង្វាយ សូមបានប្រកបនូវសុខភាពល្អ អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញនូវគ្រប់ភារកិច្ច៕

មតិយោបល់