• 2020-04-01 04:45:11
  • ព័ត៌មាន

ព្រីនស៍ ហូលឌីង គ្រុប ឧបត្ថម្ភ៥០ម៉ឺនដុល្លារ និងសំភារៈការពារជាច្រើនដល់រដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំង Covid-19

  • 2020-04-01 04:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម្ភ៥០ម៉ឺនដុល្លារ រួមនឹងសំភារៈការពារជាច្រើនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីរួមដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ក្រោយកម្ពុជា បានរកឃើញអ្នកឆ្លងនូវមេរោគជាង១០០នាក់ គិតត្រឹមចុងខែមីនានេះ។

ក្រោមពាក្យស្លោក «កម្ពុជា-ចិនរួមចិត្តតែមួយ ព្រីនស៍អមដំណើរជាមួយ» លោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានលើកឡើងថា ការផ្តល់ជូនសម្ភារបង្ការការពារជំងឺកូវិដ១៩ ដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងស្មារតីទំនួលខុសត្រូវសង្គម ដោយព្រីនស៍ ហូល ឌីង គ្រុប ចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ខណៈការរីករាលដាលនៃជំងឺកូវិដ១៩នៅលើពិភពលោកកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ ចំណែកឯប្រទេសកម្ពុជាក៏មានអ្នកជំងឺជាង ១០០ នាក់ហើយដែលបានឆ្លងជំងឺកូវិដ១៩នេះ។ ប្រឈមនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនេះ ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានឧបត្ថម្ភភជាថវិកា និងសម្ភារបង្ការការពារជាច្រើនលើក ដូចខាងក្រោម៖

១. ផ្តល់វិភាគទានជាសាច់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា

២. ឧបត្ថម្ភភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនូវសម្ភារបង្ការការពារផ្សេងៗដែលមានតំលៃជាង ៦០ ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះរួមមាន៖

  • ម៉ាស N95 ចំនួន ២០០០០ ម៉ាស
  • ម៉ាសធម្មតា ចំនួន ២០០០០០ ម៉ាស
  • ម៉ាសការពារវេជ្ជសាស្ត្រ ចំនួន ១៥០០០ ម៉ាស
  • ថ្នាំសម្លាប់មេរោគ SURFANIOS ចំនួន ៦ធុង
  • ថ្នាំសម្លាប់មេរោគ Hexanios ចំនួន ២៧ធុង
  • chlorisarav 29 ចំនួន ១០០
  • សម្លៀកបំពាក់ការពារវេជ្ជសាស្ត្រ ចំនួន ៧០០០ឈុត
  • ស្រោមដៃវេជ្ជសាស្ត្រ ចំនួន ៤០០០០ គូ
  • ឧបករណ៍ផ្តិតយកសំណាកវេជ្ជសាស្ត្រ ចំនួន ២០០០០ ឈុត
  • ម៉ាស៊ីនអ៊ុកស៊ីសែន ចំនួន ៥ គ្រឿង
  • ម៉ាស៊ីនត្រួតពិនិត្យអ្នកជំងឺ(Patient monitor) ចំនួន ៣ គ្រឿង
  • ឧបករណ៍ចាក់ថ្នាំដោយស្វ័យប្រវត្តិ ចំនួន ៣ គ្រឿង
  • សម្លៀកបំពាក់ការពារ ចំនួន ៤០០០ ឈុត
  • ឧបករណ៍ធ្វើតេស្តរកមេរោគកូវិដ១៩ ចំនួន ២៦៤០០ ឈុត

៣. ឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដូចជា៖

  • សម្លៀកបំពាក់ការពារ ចំនួន ៥០០ ឈុត
  • ម៉ាស ចំនួន ១០០០០ ម៉ាស
  • ស្រោមដៃ ចំនួន ១០០០០ គូ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិត ដើម្បីថ្លែងអំណរគុណ និងកោតសសើរដោយស្មោះចំពោះលោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ដែលបានផ្តល់វិភាគទានជាសាច់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់យុទ្ធនាការទប់ទល់និងប្រឆាំងការរីករាលដាលនៃជំងឺកូវិដ១៩ ។

លោកជំទាវពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានមានប្រសាសន៍ថា ទាំងនេះជាសម្ភារដែលក្រុមគ្រូពេទ្យជួរមុខកំពុងត្រូវការជាបន្ទាន់ ជាពិសេសគឺម៉ាស៊ីនអ៊ុកស៊ីសែន សម្លៀកបំពាក់ការពារ ម៉ាស និងឧបករណ៍ធ្វើតេស្តរកមេរោគកូវិដ១៩។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ដែលបានផ្តល់ជំនួយខណៈរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាកំពុងត្រូវការខ្លាំងបំផុត។

លោកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានមានប្រសាសន៍ថាក្រោមការបញ្ជា និងការដាក់ពង្រាយយុទ្ធសាស្ត្រផ្ទាល់របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រជាជនចិនទាំងអស់បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវិដ១៩ ហើយបានទទួលជោគជ័យជាបន្តបន្ទាប់ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាង ៦០ ថ្ងៃកន្លងមក។ ក្នុងគ្រាដ៏លំបាកបំផុតនៅដំណាក់កាលដំបូងនៃការតស៊ូប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដោយផ្ទាល់ ដោយមិនគិតពីហានិភ័យផ្ទាល់ខ្លួន និងបានជួយគាំទ្រដល់ការតស៊ូរបស់ប្រទេសចិនចំពោះការរីករាលដាលនៃជំងឺនេះ ដែលនេះបានឆ្លុះបញ្ចាំងពីភាតរភាពដ៏ជ្រាលជ្រៅរវាងកម្ពុជានិងចិននៅពេលមានវិបត្តិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

បច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩របស់ប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ក្នុងនាមជាសហគ្រាសដែលមានដើមកំណើតនៅប្រទេសកម្ពុជា ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាព និងបន្តផ្តល់ជំនួយតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវិដ១៩។ ជាមួយគ្នា ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប គ្រោងនឹងបន្តទិញសម្ភារផ្នែកវេជ្ជសាស្ត្រពីប្រទេសចិនបន្ថែមទៀត ដើម្បីបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩នេះ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់