• 2020-05-08 08:20:44
  • សេដ្ឋកិច្ច

អ្នក​ចង់​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង​នៅ​ភ្នំពេញ គួរស្វែងយល់ពីនីតិទាំងនេះសិន

  • 2020-05-08 08:20:44
  • ចំនួនមតិ 2 | ចំនួនចែករំលែក 38

ចន្លោះមិនឃើញ

អ្នក​រស់នៅ​ក្នុង​​ភ្នំពេញ​មិន​ប្រាកដ​ថា​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នោះ​ទេ​ដោយ​អ្នក​ខ្លះ​ជា​អ្នក​ចំណាក​ស្រុក​មក​រស់​នៅ និង​​ធ្វើ​ការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ មួយ​ចំនួន​នៃ​អ្នក​ទាំង​នោះ​បាន​ជួល​ផ្ទះ ឬ​បន្ទប់​គេ​សម្រាប់​ស្នាក់​នៅ​ ខណៈ​ដែល​អ្នក​ខ្លះ​ទំនង​ជា​បាន​ទិញ​ដី​ឡូត៍​នៅ​ទីតាំង​​ណាមួយ​នៅ​ជាយ​ក្រុង​ផង​ដែរ ដោយ​រំពឹង​នឹង​សង់​ផ្ទះ​នៅ​ពេល​ក្រោយ​។

ប្រ​ធាន​មន្ទី​រ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ពល​រដ្ឋ​ដែល​ចង់​សង់​ផ្ទះ ​ក្រោម​៥០០​ម៉ែត្រ​ការ៉េ​ អាច​ទៅ​ជួប​មន្ត្រី​ច្រក​ចេញ​ចូល​តែ​មួយ​ នៅ​ខណ្ឌ​ដែល​​ខ្លួន​ចង់​សាងសង់​ផ្ទះ។ លោក​បន្ត​ថា ​នៅ​​ច្រក​ចេញ​ចូល​តែ​មួយ​​​មាន​មន្ត្រី​សម្រាប់​ផ្ដល់​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​សាង​សង់​ផ្ទះនេះ​។​

លោក​បញ្ជាក់​ឲ្យ​ដឹង​ថា​ឯកសារ​ចាំបាច់​មួយ​ចំនួន​សម្រាប់​សុំ​អនុញ្ញាត​សាង​សង់​មាន​ដូច​ជា លិខិត​សុំ​អនុញ្ញាត​សាងសង់​ដោយ​មាន​ចុះ​ហត្ថលេខា និង​អាសយដ្ឋាន​អ្នក​ស្នើ​សុំ​ជា​ដើម​។ ជាមួយ​គ្នា​នោះ​លោក​ថា​អ្នក​សុំ​សាង​សង់​ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​កាន់​កាប់​ដី​ស្រប​ច្បាប់​ដែល​មាន​ដូច​ជា​ប័ណ្ណ​​សម្គាល់​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជា​ដើម។ ទន្ទឹមគ្នា​នោះ​ដែរ​ក៏​ត្រូវ​ភ្ជាប់​មក​ជាមួយ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន ឬ​សៀវភៅ​គ្រួសារ​ថត​ចម្លង​ និង​ស្នាម​មេដៃ​ស្តាំ​ផង។​​

លោកបានបន្ថែមទៀតថា អ្នក​សុំ​សាងសង់​ត្រូវ​មាន​ប្លង់​ស្ថាបត្យកម្ម​មក​ជាមួយ​ផង ដែល​ត្រង់ចំណុច​នេះ​ លោក​ថា​ម្ចាស់​សំណង់​អាច​ពឹង​ពាក់​ក្រុម​ហ៊ុន ឬ​បុគ្គល​ឯកជន​ដែល​ជា​អ្នក​ជំនាញ​គូរ​ប្លង់​ដើម្បី​ជួយ​គូរ​ប្លង់​​សំណង់​លំនៅ​ដ្ឋាន​នេះ​ ក្មុង​តម្លៃសេវាព្រម​ព្រៀង​គ្នា​ណាមួយ​។ ទោះ​យ៉ាងណា​លោក​ថា​សម្រាប់​ពល​រដ្ឋ​ដែល​មិន​អាច​ធ្វើ​ដូចនេះ​បាន​អាច​ពឹង​ពាក់​មន្ត្រី​ជំនាញ​នៅ​តាម​ការិយាល័យ​ច្រក​ចេញ​ចូល​តែ មួយ​បាន​ដោយ​ត្រូវ​បង់​សេវា​ប្រ​ហែល​ជា​១០០​ដុល្លារ​។​

តម្រាប់​តម្លៃ​សេវា​សុំ​លិខិត​អនុញ្ញាត​សាង​សង់ និង​រយៈ​ពេល​វិញ​​ ក្នុង​តារាង​តម្លៃ​ដែល​ដាក់​បង្ហាញ​ក្នុង​គេហទំព័រ​ក្រ​សួងដែន​ដី​ឲ្យ​ដឹងថា​សំណង់​ដែល​មាន​ទំហំ​ត្រឹម​៥០០​ម៉ែត្រការ៉េចុះ​ក្រោម​ នេះ​ផ្អែក​តាម​ប្រ​ភេទ​ផ្ទះ​ដូច​ជា ភូមិគ្រឹះ​ត្រូវ​បង់​សេវា​ចន្លោះ​ពី​ ៦​​សែន​រៀល ដល់​១,៨លាន​រៀល។ សម្រាប់​ផ្ទះ​ល្វែង​ ថ្លៃ​សេវា​ចន្លោះ​ពី ៤​សែន ដល់​១,២​លាន​រៀល និង​សម្រាប់​ផ្ទះថ្ម​ក្រោម​ឈើ​លើ​មាន​តម្លៃ​ចន្លោះ​ពី​ ១៤ម៉ឺន​ ទៅ​២២​ម៉ឺន​រៀល និង​មាន​រយៈ​ពេល​១៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​ដូច​គ្នា៕

អត្ថបទ៖ ទូច​ សុខា

មតិយោបល់