- 2020-05-18 02:42:20
- សេដ្ឋកិច្ច
មហាអំណាចពិភពលោក ២ សុទ្ធតែធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយសាររងគ្រោះពីកូវីដ១៩
- 2020-05-18 02:42:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាអំណាចពិភពលោក ២ សុទ្ធតែធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយសាររងគ្រោះពីកូវីដ១៩
ចន្លោះមិនឃើញ
បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក កំពុងតែរងគ្រោះផ្នែកសេដ្ឋកិច្ចនៅពេលដែលវីរុសឆ្លងកូវីដ១៩ ដែលផ្ទុះឡើងក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន បន្ដវាយប្រហារឥតឈប់ឈរ។
យោងតាមរបាយការណ៍ពីការិយាល័យវិភាគសេដ្ឋកិច្ចសហរដ្ឋអាមេរិក បង្ហាញថាសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកមួយនេះ បានធ្លាក់ចុះ ៤,៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។ នេះជាការធ្លាក់ចុះដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានចាប់តាំងពីត្រីមានទី ៤នៅឆ្នាំ ២០០៨មក ដោយកាលនោះសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះរហូតដល់ ៨,៤%។ ប្រភពឲ្យដឹងទៀតថា ការធ្លាក់ចុះ GDP ចន្លោះខែមករា ដល់មីនានេះ គឺបណ្ដាលមកពីការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺឆ្លងកូវីដ១៩ ហើយរដ្ឋាភិបាលបានបិទទីក្រុងទាំងស្រុង។
ក្រឡេកមកមើលប្រទេសជប៉ុនវិញ ក៏រងគ្រោះសេដ្ឋកិច្ចពីកូវីដ១៩មិនខុសគ្នាប៉ុន្មានពីសហរដ្ឋអាមេរិកដែរ។ យោងតាមទិន្នន័យផ្លូវការពីរដ្ឋាភិបាលក្រុងតូក្យូឲ្យដឹងថា សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ៣,៤% ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ចន្លោះពីខែមករាដល់មីនា។ ដោយផ្អែកតាមនិយមន័យសេដ្ឋកិច្ច អត្រាធ្លាក់ចុះនេះ ត្រូវបានចាត់ទុកថាជាការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសជប៉ុន។ នេះជាការធ្លាក់ចុះសេដ្ឋកិច្ច មិនធ្លាប់មានក្នុងរយៈពេលជិត ៥ឆ្នាំ ពោលគឺចាប់ពីត្រីមាសទីពីរនៃឆ្នាំ ២០១៥មក។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះវីរុសឆ្លងកូវីដ១៩ បានឆក់យកអាយុជីវិតមនុស្សសរុប ៣១៦ ៦៥២នាក់ និងឆ្លងសរុប ៤ ៨០១ ៣៥០នាក់ទូទាំងពិភពលោក។ អាមេរិកមានអ្នកឆ្លងសរុប ១ ៥២៧ ៦៦៤នាក់ និងស្លាប់ ៩០ ៩៧៨នាក់ ខណៈដែលជប៉ុន មានអ្នកឆ្លងសរុប ១៦ ២៨៥នាក់ និងស្លាប់ ៧៤៤នាក់ទូទាំងប្រទេស៕