• 2020-05-21 08:04:14
  • ព័ត៌មាន

អេស៊ីលីដា នឹង​​ចុះបញ្ជីលក់ភាគហ៊ុន IPO នៅផ្សារមូលបត្រកម្ពុជា ថ្ងៃទី២៥ ឧសភានេះ

  • 2020-05-21 08:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា នឹងចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការបើកទំព័រស័ករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ ក្នុងនាមជាធនាគារពាណិជ្ជទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយ ក៏វិនិយោគិន ចំនួន ២៤៩៧ នាក់ បានធ្វើបរិវិសកម្ម (ទិញ) មូលបត្រកម្មសិទ្ធិរបស់ធនាគារ ហើយចំនួននេះ គឺជាចំនួនវិនិយោគិនដែលចូលរួមច្រើនបំផុត សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក ហើយក៏បង្ហាញពីភាពជឿទុកចិត្ត និងគាំទ្ររបស់អតិថិជន និងសាធារណជន ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ។ វិនិយោគិនអាចដាក់បញ្ជាទិញ/លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង ០៨:០០ ព្រឹក នៅថ្ងៃចុះបញ្ជី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជូនដំណឹងដល់សាធារណជនទាំងអស់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងចុះបញ្ជីជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ"។

លោក​បណ្ឌិត​បន្តថា "តាមរយៈការចូលរួមក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើកដំបូងនៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាគហ៊ុនិកសាធារណៈថ្មី របស់ធនាគារ នឹងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភនិងចំណេញមូលធន។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា។"

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា “ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងកើនឡើង ៣ដង។ យើងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនៅក្នុងគម្រោងដ៏សំខាន់មួយនេះ ក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ធនាគារ និងដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។ យើងខ្ញុំជឿជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះជំហានដំបូងដ៏សំខាន់ ដើម្បីក្លាយជាប្រជាធនាគារដ៏ពិតប្រាកដ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ។ ក្នុងនាមជា​ក្រុមហ៊ុនដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា នឹងបន្តជួយដល់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសាធារណៈទាំងអស់ តាមរយៈការបង្កើនសន្ទនីយភាពភាគហ៊ុនធនាគារនៅក្នុងទីផ្សារបន្ទាប់។ យើងខ្ញុំ​ជឿជាក់ថា ការជួយដល់ក្រុមហ៊ុនបោះផ្សាយក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាបន្តបន្ទាប់ និងការប្រើប្រាស់វិធីសាស្រ្តជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញ​វិនិយោគិនបរទេសបានកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ។"

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

លោកស្រី ប៊ុត ប៊ុនសីហា (មន្ត្រីទទួលបន្ទុកផ្តល់ព័ត៌មាន)

មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន

ទូរស័ព្ទ : ០១៥ ៦០០ ៥៣២

អ៊ីម៉ែល : buth.bunsayha@acledabank.com.kh

លោកស្រី ម៉ារ អមរា (មន្ត្រីទំនាក់ទំនងសាធារណៈ)

មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ

ទូរស័ព្ទ : ០១៥ ៩០០ ១២៦

អ៊ីម៉ែល : amara@acledabank.com.kh

មតិយោបល់