• 2020-05-29 06:56:23
  • ព័ត៌មាន

គួរប្រុងប្រយ័ត្ន! ជំងឺនៅកម្ពុជាប្រភេទនេះ ក៏អាចសម្លាប់មនុស្សបានដែរ

  • 2020-05-29 06:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ

ប្រមាណជា ២,១៧២ករណី នៃអ្នកឆ្លងជំងឺគ្រុនឈាម នៅកម្ពុជា គិតត្រឹម១៩សប្តាហ៌ ដើមឆ្នាំ២០២០ ដោយចំនួននេះ អាចនិងមានការកើនឡើងបន្ថែម នៅតាមភូមិ ឃុំ និងទីប្រជុំជន។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។

១. តើអ្វីជាជំងឺគ្រុនឈាម?

  • ជំងឺគ្រុនឈាមជាជំងឺដែលអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយ មូសខ្លាញី ខាំ ដែលកើតមានច្រើនគឺក្នុងរដូវរស្សា (ធ្លាក់ភ្លៀង) តែម្តង។

២. តើ មូសខ្លា មានប្រភពមកពីណា?

  • សត្វមូសខ្លាចូលចិត្តពងបង្កើតកូនចៅ នៅក្នុងសំបកឡាន សំបកកង់មូតូចាស់ៗ និងវត្ថុសំរាប់ដាក់ទឹកប្រើប្រាស់ផ្សេងៗ។ ជំងឺគ្រុនឈាម ក្នុងរដូវវស្សា កើនឡើង២ដង បើធៀបនិងចំនួនករណីក្នុងរដូវក្តៅ។

សញ្ញា និងរោគសញ្ញា ជំងឺគ្រុនឈាម ៖

រោគសញ្ញាជំងឺគ្រុណឈាមធម្មតាមិនស្មុគស្មាញនោះទេ ដោយជាទូទៅ ចាប់ផ្តើមកើតនៅចន្លោះពេលពី ៤-៧ ថ្ងៃបន្ទាប់ពីមូសបានខាំ ចម្លងមេរោគទៅយើងរួច ដោយរោគសញ្ញាទាំងនោះរួមមាន៖

– ក្តៅខ្លូនខ្លាំងរហូតដល់ ៤០ អង្សារសេ

– ឈឺក្បាលធ្ងន់ធ្ងរ

– មានការឈឺចាប់នៅខាងក្រោយភ្នែក

– ឈឺសន្លាក់ និងឈឺសាច់ដុំធ្ងន់ធ្ងរ

– ចង្អោរ និងក្អួត

ស្នាមកន្ទួលអាចលេចឡើងនៅលើខ្លួនពី ៣-៤ ថ្ងៃបន្ទាប់ពីកើតគ្រុនក្តៅ ហើយនឹងធូរស្រាលពី ១-២ ថ្ងៃក្រោយ។ យើងអាចកើតមានកន្ទួលក្រហមលើកទី ២ នៅ ២-៣ ថ្ងៃបន្ទាប់។

គួរបញ្ជាក់ដែរថា ជំងឺគ្រុនឈាម មាន៣ប្រភេទធំៗ និងបង្កអោយស្លាប់បាន ប្រសិនបើ ការព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលា។

៣. តើអ្វីខ្លះជាវិធីការពារ ជំងឺគ្រុនឈាម ដែលមានប្រសិទ្ធភាព?

  • វិធានការទី១ ៖ លុបបំបាត់កន្លែងដែលអាចដក់ទឹក ឬឯរបស់មួយចំនួនដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន/ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេ និងកំទេចចោល ឬរៀបចំទុកដាក់អោយបានត្រឹមត្រូវ ដើម្បីចៀសវាងដង្កូវទឹកពងដាក់ បង្កទៅជាមូសខ្លា ឬក៏ការដាក់ថ្នាំអាបែតក្នុងពាងទឹក និងចិញ្ចឹមត្រីប្រាំពីរពណ៌សម្រាប់ស៊ីដង្កូវទឹក។

  • វិធានការទី២ ៖ រាល់ម្ចាស់ការដ្ឋានត្រូវតែអនាម័យ អោយបានស្អាត ជុំវិញកន្លែងរបស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដែលដក់ទឹក លុបបំបាត់ប្រភព និងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងចូលរួមសហការណ៌ជាមួយមន្ទីសុខាភិបាលខេត្ត ក្នុងការអនុវត្តជំរុញការងារអោយមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម។

  • វិធានការទី៣ ៖ ចំពោះអាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនិងសំបកកង់ឡាន ម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះ អោយមានសុវត្ថិភាព ជៀសផុតពីការដក់ទឹក ដោយត្រូវដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្តារជិតឬស្បៃមុង ឬចាក់ប្រេងមាស៊ីនដែលឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូល ដើម្បីការពារកុំអោយមានដក់ទឹក ដែលបង្កទៅជាប្រភពកកើត និងជាជម្រកមូសខ្លា។

  • វិធានការទី៤ ៖ ទម្លាប់រស់នៅស្អាត អនាម័យផ្ទះសម្បែង ផ្ទះត្រូវបើកបង្អួច ដើម្បីមានពន្លឺចេញចូលគ្រប់គ្រាន់ និងលុបបំបាត់ព្រៃស៊ុបទ្រុប មួយវិញទៀត ត្រូវពាក់សម្លៀកបំពាក់ដៃវែង ជើងវែង គេងក្នុងមុង និងចៀសវាងនៅកន្លែងដែលងងឹត។

  • វិធានការទី៥ ៖ ប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាព ដែលជិតផ្ទះ (កុំអោយយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន) ចៀសវាងការព្យបាលដោយខ្លួនឯង ឬពន្យាពេលតាមដានជំងឺក្នុងសេវាឯកជនដែលគ្មនាសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះអោយសោះ ព្រោះជំងឺគ្រុនឈាម អាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

  • វិធានការទី៦ ៖ ផ្តល់ការបណ្តុះបណ្តាលដល់គ្រូពេទ្យព្យាបាលទាំងសេវារដ្ឋ និងសេវាឯកជន អំពីរបៀបធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំអ្នកជំងឺគ្រុនឈាម មុន និងក្នុងអំឡុងរដូវភ្លៀង។

  • វិធានការទី៧ ៖ ត្រូវមានកន្លែងផ្តល់សេវា និងកន្លែងសម្រាកព្យាបាល ជំងឺគ្រុនឈាម នៅក្នុងមន្ទីពេទ្យ អោយបានល្អ និងធ្វើការបញ្ជូនអោយបានទាន់ពេលវេលា និងមិនមានភាពយឺតយ៉ាវឡើយ។

  • វិធានការទី៨ ៖ ការដាក់ចេញនូវវិធានការនានា ដើម្បីជំរុញសារអប់រំសុខភាពទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម អោយបានយ៉ាងសកម្ម និងទូលំទូលាយក្នុងការប្រយុទ្ធនិងជំងឺគ្រុនឈាម៕

ប្រភព៖ ក្រសួងសុខាភិបាល អត្ថបទ ៖ Art

មតិយោបល់