• 2020-06-09 07:44:34
  • សេដ្ឋកិច្ច

កម្ពុជា ចុះហត្ថលេខានាំចេញផ្លែស្វាយស្រស់ទៅទីផ្សារប្រទេសចិន

  • 2020-06-09 07:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នេះកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ខតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅទីផ្សារប្រទេសចិន។

ពីធីចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ខតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅទីផ្សារប្រទេសចិននេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុនតំណាងភាគីកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា តំណាងភាគីចិន។

ពីធីចុះហត្ថលេខារវាង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រូបថត៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលិតកម្មផ្លែស្វាយកម្ពុជានាពេលបបច្ចុប្បន្នមានការកើតឡើងជាលំដាប់ដែលបង្ហាញពីសក្កានុពលនូវភាពចាំបាច់ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ។ តាមសិ្ថតិចុងក្រោយនាឆ្នាំ២០១៩ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួនជាង ១២ម៉ឺនហិតា ផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង ៩ម៉ឺនហិតា និងទិន្នផលទទួលបានជាមធ្យម ១ហិតា/១៥តោន ក្នុងមួយរដូវ។ បើគិតជាមធ្យមកម្ពុជាអាចមានផលិផលស្វាយស្រស់ជិត ៥លានតោនក្នុងមួយរដូវ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានសម្តែងនូវអំណរសារទ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យ ដោយឡែកវិស័យកសិកម្ម បាននឹងកំពុងបន្តពង្រឹង និងពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញកសិផលកម្ពុជានៅកាន់ទីផ្សារធំចិន។ ជាក់ស្តែងក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ និងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជាហូរចូលទីផ្សារចិន។ ពិតណាស់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវីញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោក Wang Wentian បន្តថា លោកមានក្តីសង្ឃឹម និងជឿជាក់ថាតាមរយ:ពិធីសារនេះ វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការនឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថាពិធីសារលើការនាំចេញផលិតផលកសិកម្មផ្សេងៗទៀតនឹងកើតមានឡើងជាបន្តបន្ទាប់។

ក្នុងចំណោយពូជស្វាយទាំង ១៨ប្រភេទ ពូជស្វាយកែវរមៀតជាពូជស្វាយ ដែលកម្ពុជាមានការនិយមដាំដុះច្រើនជាគេបំផុត ពីព្រោះពូជស្វាយនេះមានលក្ខណៈពិសេសដែលអាចបរិភោគបានតាំងពីខ្ចីរហូតដល់ទុំ។

គិតត្រឹមថ្ងៃទី៥ មិថុនា ឆ្នាំ២០២០ អគ្គនាយកកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្វប់សម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនបានក្រុមហ៊ុន និងម្ចាស់ចម្ការចំនួន២០ លើផ្ទៃដីសរុបមាន ២១ ២៨៦ ហិតា៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់